ការស្លាប់ភ្លាមៗរបស់បុបបី(Bobby) បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពពិតនៃសេចក្តីស្លាប់ និងភាពផុយស្រួយនៃជីវិត។ គាត់ជាមិត្តភក្តិរបស់ខ្ញុំតាំងពីក្មេង។ គាត់មានអាយុតែ២៤ឆ្នាំប៉ុណ្ណោះ ពេលដែលគ្រោះថ្នាក់ដ៏សោកសៅបានកើតឡើង នៅលើផ្លូវដែលរអិលដោយសារទឹកកក ដែលបានឆក់យកជីវិតគាត់។ គាត់បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលពិបាកខុសគេ តែថ្មីៗនេះ គាត់ហាក់ដូចជាកំពុងតែបោះជំហានទៅមុខ។ គាត់ទើបតែទទួលជឿព្រះយេស៊ូវទេ តើហេតុអ្វីបានជាគាត់ឆាប់ស្លាប់យ៉ាងនេះ?

ជួនកាល ជីវិតមនុស្សហាក់ដូចជាខ្លីពេក ហើយមានពេញដោយទុក្ខព្រួយ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៣៩ ស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង បានពោលទំនួញអំពីទុក្ខវេទនារបស់ទ្រង់ ហើយបានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ។ មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ”(ខ.៤-៥)។ ជីវិតមនុស្សខ្លីទេ។ ទោះយើងរស់នៅបានមួយសតវត្សរ៍ក៏ដោយ ក៏ជីវិតនៅផែនដី គឺខ្លីដូចទឹកមួយដំណក់ នៅក្នុងមហាសមុទ្រនៃពេលវេលា។

ប៉ុន្តែ យើងអាចពោលដូចស្តេចដាវីឌថា “ទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ យើងអាចទុកចិត្តថា ជីវិតយើងពិតជាមានន័យ។ ទោះរូបកាយយើងនឹងពុកផុយទៅមែន ក្នុងនាមជាអ្នកជឿព្រះ យើងមានទំនុកចិត្តថា ព្រះអង្គបានកែប្រែចិត្ត និងវិញ្ញាណដែលនៅខាងក្នុង ជារៀងរាល់ថ្ងៃ ហើយថ្ងៃណាមួយ យើងនឹងបានអរសប្បាយនឹងជីវិតអស់កល្បជាមួយព្រះអង្គ(២កូរិនថូស ៤:១៦-៥:១)។ យើងដឹងថា នេះជាការពិតមែន ព្រោះព្រះជាម្ចាស់បាន “ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើង” ដើម្បីធានាអំពីការអ្វីដែលនឹងមកដល់ (៥:៥)។—ALYSON KIEDA