នៅក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ការមើល និងការឃើញ : ជីវប្រវត្តិរបស់លោកវែនឌែល ប៊ែររី(Wendell Berry) លោកប៊ែររី ដែលជាអ្នកនិពន្ធបានលើកឡើងអំពីការលែងលះគ្នា ដែលបាននាំឲ្យមានបញ្ហាក្នុងពិភពលោក។ គាត់ថា មនុស្សបានលែងលះគ្នា លែងលះពីប្រវត្តិសាស្រ្ត និងពីទឹកដី។ អ្វីៗដែលគួរតែនៅជុំគ្នាទាំងមូល បានបែកបាក់ចេញពីគ្នា។ ពេលដែលគេសួរគាត់ថា តើគេត្រូវមានដំណោះស្រាយយ៉ាងណា សម្រាប់ការពិតដ៏សោកសៅនេះ លោកប៊ែររីក៏បានមានប្រសាសន៍ថា “យើងមិនអាចដាក់អ្វីៗទាំងអស់ឲ្យចូលគ្នាវិញបានទេ។ តែយើងគ្រាន់តែយករបស់ពីរយ៉ាង មកដាក់បញ្ចូលគ្នាវិញ”។ មានន័យថា យើងយករបស់ពីរដែលបានបែកចេញពីគ្នា មកដាក់បញ្ចូលគ្នាឲ្យក្លាយជាមួយវិញ។
ព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ”(ម៉ាថាយ ៥:៩)។ ការផ្សះផ្សានាំមកនូវភាពសុខដុម។ ហើយពាក្យភាពសុខដុម ក្នុងន័យនេះ គឺសំដៅទៅលើពិភពលោកដែលមានភាពត្រឹមត្រូវឡើងវិញ។ មានទេវវិទូម្នាក់បានពិពណ៌នាថា ភាពសុខដុមគឺជាការរីកចម្រើន ភាពពេញលេញ និងអរសប្បាយ ជាសកល … ដែលអ្វីៗគ្រប់យ៉ាងគួរតែមាន”។ ភាពសុខដុមនាំអ្វីៗដែលបែកបាក់មកផ្គុំចូលគ្នាឲ្យក្លាយជារបស់តែមួយ ដែលពេញលេញឡើងវិញ។ ចូរយើងផ្សះផ្សាឲ្យមានការរួបរួមឡើងវិញ ដូចដែលព្រះយេស៊ូវបានបង្រៀន។ ព្រះអង្គបានត្រាសហៅយើង ឲ្យធ្វើជាអ្នកផ្សះផ្សា ធ្វើជា “អំបិលនៃផែនដី” និងជា “ពន្លឺនៃលោកិយ”(ខ.១៣-១៤)។
យើងអាចធ្វើជាអ្នកផ្សះផ្សា ក្នុងពិភពលោក តាមមធ្យោបាយជាច្រើន ប៉ុន្តែ ក្នុងមធ្យោបាយនីមួយៗ យើងកែប្រែភាពបាក់បែក ជាជាងចុះចូលនឹងវា។ ដោយអំណោយរបស់ព្រះអម្ចាស់ ចូរយើងសម្រេចចិត្តថា យើងនឹងមិនអនុញ្ញាតឲ្យមិត្តភាពស្លាប់ ឬបណ្តោយឲ្យតំបន់ដែលយើងរស់នៅ មានការអន់ថយ ឬក៏ចុះចូលនឹងការរើសអើង និងការផ្តាច់ខ្លួននោះឡើយ។
ចូរយើងស្វែងរកកន្លែងដែលមានការបាក់បែក ហើយទុកចិត្តថា ព្រះជាម្ចាស់នឹងប្រទានដល់យើង នូវប្រាជ្ញា និងជំនាញ ដើម្បីចូលរួម ផ្សះផ្សាការរួបរួមតែមួយឡើងវិញ។—WINN COLLIER