អ្នកគ្រប់គ្រងម្នាក់ នៅក្នុងក្រុមហ៊ុនមួយ នៅប្រទេសប្រេស៊ីល បានស្នើសុំរបាយការណ៍ជាលាយលក្ខណ៍អក្សរ ពីអ្នកយាមក្នុងអគារក្រុមហ៊ុន។ ជារៀងរាល់ថ្ងៃ គាត់ចង់ដឹងថា មាននរណាខ្លះសម្អាតបន្ទប់នីមួយៗ ហើយមានបន្ទប់ណា ដែលមិនមានគេប៉ះពាល់ ហើយបុគ្គលិកទាំងឡាយបានចំណាយពេលយូរប៉ុណ្ណា នៅក្នុងបន្ទប់នីមួយៗ។ មួយសប្តាហ៍ក្រោយមក គាត់ក៏បានចាប់ផើ្តមទទួលរបាយការណ៍ប្រចាំថ្ងៃ ដែលគេបានធ្វើហើយ តែនៅក្នុងផ្នែកខ្លះប៉ុណ្ណោះ។

ពេលដែលអ្នកគ្រប់គ្រងរូបនោះពិនិត្យមើលបញ្ហានេះ គាត់ក៏បានរកឃើញថា អ្នកបោសសម្អាតភាគច្រើន មិនចេះអក្សរទេ។ គាត់អាចដេញពួកគេចោល តែផ្ទុយទៅវិញ គាត់បានរៀបចំឲ្យពួកគេមានឱកាសរៀនអាន និងសរសេរ។ ៥ខែក្រោយមក ពួកគេសុទ្ធតែអាចអានអក្សរក្នុងកំរិតមូលដ្ឋាន ហើយក៏បានបន្តធ្វើការងារទៀត។

ព្រះជាម្ចាស់ច្រើនតែប្រើប្រាស់បញ្ហារបស់យើង ធ្វើជាឱកាស ដើម្បីបំពាក់សមត្ថភាពដល់យើង ដើម្បីបន្តធ្វើការថ្វាយព្រះអង្គ។ ការរស់នៅរបស់លោកពេត្រុសបានប្រឡាក់ទៅដោយកំហុស និងការខ្វះបទពិសោធន៍។ ជំនឿរបស់គាត់មានការរេរា ពេលដែលគាត់ព្យាយាមដើរនៅលើទឹក ទៅរកព្រះយេស៊ូវ។ គាត់មិនដឹងច្បាស់ថា ព្រះយេស៊ូវគួរតែបង់ពន្ធព្រះវិហារឬអត់ទេ(ម៉ាថាយ ១៧:២៤-២៧)។ គាត់ថែមទាំងបានប្រឆាំងនឹងការថ្លែងទំនាយរបស់ព្រះយេស៊ូវ អំពីការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់(១៦:២១-២៣)។ ព្រះយេស៊ូវក៏បានបង្រៀនលោកពេត្រុស ឲ្យស្គាល់ព្រះអង្គកាន់តែច្បាស់ តាមរយៈបញ្ហា ឬកំហុសនីមួយៗដែលគាត់បានប្រព្រឹត្ត(ខ.១៦)។ លោកពេត្រុសក៏បានស្តាប់ និងរៀនសូត្រនូវអ្វីដែលគាត់ចាំបាច់ត្រូវស្គាល់ ដើម្បីរួមចំណែកនៅក្នុងការបង្កើតពួកជំនុំដំបូង(ខ.១៨)។

បើអ្នកមានការបាក់ទឹកចិត្ត ដោយសារកំហុសណាមួយនៅថ្ងៃនេះ សូមចាំថា ព្រះយេស៊ូវអាចប្រើបញ្ហាទាំងនោះ ដើម្បីបង្រៀនអ្នក និងដឹកនាំអ្នកឲ្យដើរទៅមុខទៀត ក្នុងកិច្ចការ ដែលអ្នកធ្វើថ្វាយព្រះអង្គ។ ព្រះអង្គនៅតែបន្តធ្វើការជាមួយលោកពេត្រុស ទោះគាត់មានចំណុចខ្វះខាតយ៉ាងណាក្តី ហើយទ្រង់ក៏អាចប្រើយើង ដើម្បីបន្តកសាងនគរព្រះអង្គ រហូតដល់ពេលព្រះអង្គយាងត្រឡប់មកវិញ។—JENNIFER BENSON SCHULDT