អ្នកដែលបានចម្រើនវ័យធំឡើងក្នុងភូមិមួយ នៅប្រទេសអង់គ្លេស ជាមួយលោកវីលៀម ខារេយ(William Carey ឆ្នាំ១៧៦១ ដល់ ១៨៣៤) ប្រហែលជាបានគិតថា គាត់នឹងមិនអាចសម្រេចកិច្ចការអ្វីច្រើនទេ ប៉ុន្តែ សព្វថ្ងៃនេះ គាត់ត្រូវបានគេស្គាល់ថា ជាបិតានៃបេសកកម្ម ក្នុងសម័យទំនើប។ ឪពុកម្តាយគាត់ គឺជាជាងតម្បាញ ហើយគាត់ក៏បានក្លាយជាគ្រូបង្រៀន និងជាងដេរស្បែកជើង ដែលមិនសូវមានជោគជ័យប៉ុន្មានទេ ខណៈពេលដែលគាត់កំពុងរៀនភាសាក្រិក ហេព្រើរ និងឡាតំាងដោយខ្លួនឯង។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានសម្រេចក្តីស្រមៃរបស់គាត់ ដែលចង់ក្លាយជាបេសកជននៅប្រទេសឥណ្ឌា។ ប៉ុន្តែ គាត់បានប្រឈមមុខនឹងទុក្ខលំបាកជាច្រើន ដែលក្នុងនោះរួមមាន កូនរបស់គាត់បានបាត់បង់ជីវិត ភរិយាគាត់មានជម្ងឺផ្លូវចិត្ត ហើយគាត់មិនបានទទួលការឆ្លើយតប អស់ជាច្រើនឆ្នាំ ពីអ្នកដែលគាត់បានធ្វើការបម្រើ។
តើមានអ្វីដែលជួយឲ្យគាត់បន្តធ្វើការងារបម្រើព្រះ ក្នុងពេលដែលមានទុក្ខលំបាក ខណៈពេលដែលគាត់បានបកប្រែព្រះគម្ពីរទាំងមូល បានប្រាំមួយភាសា ហើយបានបកប្រែផ្នែកខ្លះនៃព្រះគម្ពីរ បាន២៩ភាសាផ្សេងទៀត? គាត់បានមានប្រសាសន៍ថា គាត់អាចអត់ធ្មត់ នៅក្នុងការងារនីមួយៗ ដែលគាត់ខិតខំធ្វើថ្វាយព្រះជាម្ចាស់។ គាត់បានប្តេជ្ញាចិត្តបម្រើព្រះជាម្ចាស់ ទោះគាត់បានជួបប្រទះទុក្ខលំបាកយ៉ាងណាក៏ដោយ។
ការប្តូរផ្តាច់របស់គាត់ ចំពោះព្រះគ្រីស្ទ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរហេព្រើរ។ អ្នកនិពន្ធកណ្ឌហេព្រើរបានដាស់តឿនអ្នកអានសំបុត្ររបស់គាត់ កុំឲ្យ “ខ្ជិល”(ហេព្រើរ ៦:១២) ប៉ុន្តែ ត្រូវបង្ហាញចេញនូវចិត្តឧស្សាហ៍ដល់ទីបញ្ចប់(ខ.១១) ដើម្បីថ្វាយសិរីល្អដល់ព្រះ។ គាត់ក៏បានធានាពួកគេថា ព្រះជាម្ចាស់ នឹងមិនភ្លេចការដែលពួកគេបានធ្វើ និងសេចក្តីស្រឡាញ់ ដែលពួកគេបានសំដែងដល់ព្រះនាមទ្រង់ឡើយ(ខ.១១)។
ក្នុងអំឡុងពេលចុងក្រោយនៃជីវិតរបស់លោកវីលៀម ខារ៉េយ គាត់បានចែកចាយអំពីការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដែលគាត់បានទទួលជាប្រចាំ។ គាត់ថា ព្រះអង្គមិនដែលភ្លេចព្រះបន្ទូលសន្យារបស់ព្រះអង្គ បានជាគាត់ មិនអាចឈប់បម្រើព្រះអង្គបានឡើយ។ សូមព្រះជាម្ចាស់ប្រទានកម្លាំង ឲ្យយើងបម្រើព្រះអង្គ ជារៀងរាល់ថ្ងៃផងដែរ។—AMY BOUCHER PYE