ភាគច្រើន នៅពេលព្រឹក ក្នុងរដូវក្តៅ រឿងដ៏រីករាយបានកើតឡើង នៅក្នុងសួនក្រោយផ្ទះរបស់ខ្ញុំ។ វាជារឿងរបស់សត្វឆ្កែតឿកន្ធាត់មួយក្បាល និងក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ។ នៅម៉ោងប្រហែល៦កន្លះព្រឹក ក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅក៏បានបើកឡើង។ មិនយូរប៉ុន្មាន ឆ្កែតឿកន្ធាត់ឈ្មោះហ្វ៊ីហ្វ៊ី ក៏បានមកដល់។
គ្រាន់តែម្ចាស់របស់ហ្វ៊ីហ្វ៊ីបានព្រលែងវាភ្លាម វាក៏បានរត់ពេញទំហឹង ទៅរកក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ ដែលនៅជិតបំផុត ហើយក៏បានត្របាក់ទឹកដែលបានបាញ់ត្រូវមុខវា យ៉ាងវក់វី។ ខ្ញុំគិតថា បើហ្វ៊ីហ្វ៊ីអាចស៊ីក្បាលទឹកសម្រាប់ស្រោចស្មៅនោះបាន វាមុខជាស៊ីហើយ។ ទិដ្ឋភាពនេះបានបង្ហាញចេញនូវភាពក្លៀវក្លាក្រៃលែង ដែលហ្វ៊ីហ្វ៊ីបានបង្ហាញចេញ ដោយចិត្តដែលចង់ឲ្យខ្លួនវាទទឹកជោក ដោយសារទឹក ដែលវាប្រលែងលេងជាមួយ មិនចេះឆ្អែតឆ្អន់។
ព្រះគម្ពីរមិនបាននិយាយអំពីឆ្កែតឿកន្ធាត់ ឬក្បាលទឹកសម្រាប់ស្រោចស្មៅទេ។ តែការអធិស្ឋានរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ជំពូក៣ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វ៊ីហ្វ៊ី។ ក្នុងបទគម្ពីរនោះ សាវ័កប៉ុលបានអធិស្ឋានសូមឲ្យគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ បានពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និង “ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ”។ គាត់បានអធិស្ឋានសូមឲ្យយើងបានពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ(ខ.១៨-១៩)។
រហូតមកដល់សព្វថ្ងៃនេះ ព្រះអង្គនៅតែអញ្ជើញយើង ឲ្យចូលមកពិសោធន៍នឹងព្រះអង្គ ឲ្យដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់ ល្អលើសអ្វីដែលយើងអាចយល់ដឹង ដើម្បីឲ្យយើងបានជោគជាំ ជ្រួតជ្រាប និងស្កប់ស្កល់ ដោយសារសេចក្តីល្អរបស់ព្រះអង្គ។ យើងអាចចូលទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ ដោយការលះបង់ និងភាពធូរស្បើយ ព្រមទាំងក្តីអំណរ ដ្បិតមានតែព្រះអង្គទេ ដែលអាចបំពេញចិត្ត និងជីវិតយើង ដោយសេចក្តីស្រឡាញ់ អត្ថន័យ និងគោលបំណង។—ADAM HOLZ