ភាគ​ច្រើន នៅ​ពេល​ព្រឹក ក្នុង​រដូវ​ក្តៅ រឿង​ដ៏​រីក​រាយ​បាន​កើត​ឡើង នៅ​ក្នុង​សួន​ក្រោយ​ផ្ទះ​របស់​ខ្ញុំ។ វា​ជា​រឿង​របស់​សត្វ​ឆ្កែ​តឿ​កន្ធាត់​មួយ​ក្បាល និង​ក្បាល​បាញ់​ទឹក​សម្រាប់​ស្រោច​ស្មៅ។ នៅ​ម៉ោង​ប្រហែល​៦​កន្លះ​ព្រឹក ក្បាល​បាញ់ទឹក​សម្រាប់​ស្រោច​ស្មៅ​ក៏​បាន​បើក​ឡើង។ មិន​យូរ​ប៉ុន្មាន ឆ្កែ​តឿ​កន្ធាត់​ឈ្មោះ​ហ្វ៊ីហ្វ៊ី ក៏​បាន​មក​ដល់។

​គ្រាន់​តែ​ម្ចាស់​របស់​ហ្វ៊ីហ្វ៊ី​បាន​ព្រលែង​វា​ភ្លាម វា​ក៏​បាន​រត់​ពេញ​ទំហឹង ទៅ​រក​ក្បាល​បាញ់​ទឹក​សម្រាប់​ស្រោច​ស្មៅ ដែលនៅ​ជិត​​បំផុត ហើយ​ក៏​បាន​ត្របាក់​ទឹក​ដែល​បាន​បាញ់​ត្រូវ​មុខ​វា យ៉ាង​វក់វី។ ខ្ញុំ​គិត​ថា បើ​ហ្វ៊ីហ្វ៊ី​អាច​ស៊ី​ក្បាល​ទឹកសម្រាប់​ស្រោច​ស្មៅ​នោះបាន វា​មុខ​ជា​ស៊ី​ហើយ។ ទិដ្ឋភាព​នេះ​បាន​បង្ហាញ​ចេញ​នូវ​ភាព​ក្លៀវក្លា​ក្រៃ​លែង ដែល​ហ្វ៊ីហ្វ៊ី​បាន​បង្ហាញ​ចេញ ដោយ​ចិត្ត​ដែល​ចង់​ឲ្យ​ខ្លួន​វា​ទទឹក​ជោក ដោយសារ​ទឹក ដែល​វា​ប្រលែង​លេង​ជា​មួយ មិន​ចេះ​ឆ្អែត​ឆ្អន់​។

ព្រះគម្ពីរ​មិន​បាន​និយាយ​អំពី​ឆ្កែ​តឿ​កន្ធាត់ ឬ​ក្បាល​ទឹក​សម្រាប់​ស្រោច​ស្មៅ​ទេ។ តែ​ការ​អធិស្ឋាន​របស់​សាវ័ក​ប៉ុល ក្នុងបទ​គម្ពីរ​អេភេសូរ ជំពូក​៣ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ហ្វ៊ីហ្វ៊ី។ ក្នុង​បទ​គម្ពីរ​នោះ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​អេភេសូរ បាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ និង “ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ និង​កំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ទ”។ គាត់បានអធិស្ឋានសូមឲ្យយើង​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ(ខ.១៨-១៩)។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​នៅ​តែ​អញ្ជើញ​យើង ឲ្យ​ចូល​មក​ពិសោធន៍​នឹង​ព្រះ​អង្គ ​ឲ្យ​ដឹង​ថា​សេចក្តី​ស្រឡាញ់របស់​ទ្រង់ ល្អ​លើស​អ្វី​ដែល​យើង​អាច​យល់​ដឹង ដើម្បី​ឲ្យ​យើង​បាន​ជោគ​ជាំ ជ្រួត​ជ្រាប និង​ស្កប់​ស្កល់ ដោយ​សារ​សេច​ក្តី​ល្អ​របស់​ព្រះ​អង្គ។ យើង​អាច​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ការ​លះ​បង់  និងភាព​ធូរ​ស្បើយ ព្រមទាំង​ក្តី​អំណរ ដ្បិត​មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​បំពេញ​ចិត្ត និង​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់ អត្ថ​ន័យ និង​គោល​បំណង។—ADAM HOLZ