ខណៈ​ពេល​ដែល​តន្រ្តី​បាន​បន្លឺ​ឡើង ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ លោក​លេន ប្រោន(Lane Brown) ដែល​ជា​វិចិត្រករ ដែល​អាច​មើល​ឃើញ​តែ​ពណ៌​សខ្មៅ ក៏​បាន​បោះ​ជំហាន​ឡើង​វេទិការ។ គាត់​ក៏​បាន​ឈរ​នៅ​ពី​មុខផ្ទាំង​ក្រណាត់​ពណ៌​សរ​ធំមួយ​ផ្ទាំង ដោយ​បែរ​ខ្នង​មក​ពួក​ជំនុំ រួច​គាត់​ក៏​បាន​ជ្រលក់​ជក់​របស់​គាត់ ទៅ​ក្នុង​ទឹក​ថ្នាំ​ពណ៌​ខ្មៅ។ គាត់​ក៏​បាន​គូវាស​យ៉ាង​រលូន បង្កើត​ជា​រូប​ឈើ​ឆ្កាង​មួយ។ គាត់​ក៏​បាន​បន្ត​និយាយ​រឿង ដោយ​ប្រើ​រូប​ភាព ដែល​គាត់បាន​គូវាស​នឹង​ជក់​ចុះ​ឡើង​ៗ បង្កើត​ជា​រូប​ភាព​ព្រះយេស៊ូវ​ជាប់​ឆ្កាង និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ គាត់​ក៏​បាន​លាប​ពណ៌​ខ្មៅ​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ នៅ​ត្រង់​ផ្នែក​ធំ​ៗ ហើយ​ក៏​បាន​បន្ថែម​ពណ៌​ខៀវ និង​ពណ៌​ស ដើម្បី​បញ្ចប់​ផ្ទាំង​គំនូរ​អរូបីយ​របស់​គាត់ ក្នុង​រយៈ​ពេល​តិច​ជាង​៦​នាទី។ គាត់​ក៏​បាន​លើក​ផ្ទំាង​គំនូរ​នោះ​ឡើង ហើយ​ត្រឡប់​ក្បាល​វា​ប្រច្រាស​ចុះ​ក្រោម ដើម្បី​បង្ហាញ​ចេញ​នូវ​រូប​ដែល​បង្កប់​នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​រូប​ព្រះ​ភក្រ្ត​ព្រះយេស៊ូវដែល​ពេញ​ដោយ​ព្រះ​ទ័យ​អាណិតអាសូរ។

លោក​ប្រោន​ក៏​បាន​និយាយ​ថា គាត់​មាន​ការ​ស្ទាក់​ស្ទើរ ពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ បាន​ស្នើរ​ឲ្យ​គាត់​គូរូប​ដ៏រហ័ស​នោះ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ។ តែ​ឥឡូវ​នេះ គាត់​បាន​ធ្វើ​ដំណើរ​ជា​អន្តរ​ជាតិ ដើម្បី​ដឹក​នាំ​គេថ្វាយ​បង្គំ​ព្រះ ដោយ​ប្រើ​រូប​គំនូរ​របស់​គាត់ ក្នុង​ការ​ចែក​ចាយ​អំពី​ព្រះ​គ្រីស្ទ​ដល់​អ្នក​ដទៃ។

សាវ័ក​ប៉ុល​បាន​បញ្ជាក់ អំពី​តម្លៃ និង​គោល​បំណង​នៃ​អំណោយ​ទាន ដែល​ព្រះ​ជា​ម្ចាស់​ប្រទានដល់​រាស្រ្ត​របស់​ទ្រង់​ផ្សេង​ៗពី​គ្នា។ សមាជិក​ម្នាក់​ៗ ក្នុង​មហា​គ្រួសារ​របស់​ព្រះ​អង្គ សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​ដោយ​អំណោយ​ទាន​ផ្សេង​ៗ​គ្នា ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អម្ចាស់ និង​ស្អាង​គ្នា​ឡើង ក្នុង​សេចក្តី​ស្រឡាញ់(រ៉ូម ១២:៣-៥)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្គាល់​អំណោយ​ទាន​ខ្លួន​ឯង ហើយ​ប្រើ​អំណោយ​ទាន​ទំាង​នោះ ដើម្បី​បង្រៀន​អ្នក​ដទៃ ហើយ​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​អង្គ ​បម្រើ​ព្រះ​អង្គ និង​អ្នក​ដទៃ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម និង​អំណរ​(ខ.៦-៨)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​ម្នាក់​ៗ​នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ជំនាញ និង​បទ​ពិសោធន៍ សម្រាប់​បម្រើ អស់​ពីចិត្ត នៅ​ក្រោយ​ឆាក ឬ​នៅ​លើ​ឆាក​ក្តី។ ខណៈ​ពេល​ដែល​យើង​អបអរ​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ​អង្គ ព្រះ​អង្គ​ប្រើ​អំណោយ​ទាន​ដែល​យើង​មាន​ពិសេស​ខុស​ៗ​គ្នា ដើម្បី​ផ្សាយ​ដំណឹង​ល្អ ហើយ​ស្អាង​អ្នក​ដទៃ​ឡើង ដោយ​សេចក្តី​ស្រឡាញ់​។ —XOCHITL DIXON