កាល​ពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង​ហាវេយ​បាន​វាយ​ប្រហារ​មក​លើ​សហរដ្ឋ​អាមេរិក ក្រុម​របស់​ខ្ញុំ​បានមើល​ឃើញ​ឱកាស​ជួយ​ជន​រង​គ្រោះ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ៊ូស្តុន។ គោលដៅ​របស់​យើង គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដែល​បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​ខ្យល់​ព្យុះ​នោះ។ ក្នុង​ដំណាក់​កាល​នោះ ជំនឿ​របស់​យើង​ក៏​បាន​ជួប​ការ​ល្បង​ល ហើយ​ក៏​បាន​ពង្រឹង​ឡើង ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ឈរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​ព្រះវិហារ និង​ផ្ទះ​របស់ពួក​គេ ដែល​បាន​បាក់​បែក។

សេចក្តី​ជំនឿ​ដែល​ប្រជាជន​ទាំង​នោះ​បាន​បង្ហាញ​ចេញ​មក បន្ទាប់​ពី​ខ្យល់​ព្យុះ​បាន​បំផ្លិច​បំផ្លាញ​តំបន់​ដែល​ពួក​គេ​រស់​នៅ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​សេចក្តី​ជំនឿ ដែល​លោក​ហាបាគុក​បាន​បង្ហាញ​ចេញ​មក នៅ​ក្នុង​ចុង​បញ្ចប់​នៃ​បទ​ទំនាយ ដែល​គាត់​បាន​ថ្លែង កាល​ពី​សតវត្សរ៍​ទី​៧ មុន​គ្រីស្ទ​សគ​រាជ។ ហោរា​រូប​នេះ​បាន​ថ្លែង​ទំនាយ​ថា ថ្ងៃ​ដ៏​វេទនា​ជិត​មក​ដល់​ហើយ​(១:៥-២:១) អ្វី​ៗ​នឹង​កាន់​តែ​អាក្រក់ តែ​ក្រោយ​មក ក៏​បាន​ប្រែ​ជា​ល្អ​ឡើង​វិញ។ នៅ​ចុង​បញ្ចប់​នៃ​បទ​ទំនាយ​របស់​គាត់ យើង​ឃើញ​ថា គាត់​បាន​ជញ្ជឹង​គិត អំពី​ការ​បាត់​បង់​របស់​ទ្រព្យ​នៅ​លើ​ផែនដី ហើយ​គាត់​ក៏​បាននិយាយ​ថា “ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ”(៣:១៧)។

តើ​យើង​នឹង​មាន​សេចក្តី​ជំនឿ​យ៉ាង​ណា ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុន​ដាក់​ការ​បាត់​បង់ ដែល​មាន​ដូច​ជា ការបាត់​បង់​សុខ​ភាព ឬ​ការ​ងារ ការ​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​គ្រោះ​ធម្មជាតិ​ដ៏​ហិន​ហោច​ជា​ដើម? បទ​ទំនាយ​របស់​លោក​ហាបាគុក​អំពី​គ្រា​វេទនា បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​ជាប្រភព​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៨) កម្លាំង និង​ស្ថេរភាព​(ខ.១៩) សម្រាប់​ថ្ងៃ​ម្សិល​មិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត។ សរុប​មក អ្នក​ដែល​ទុក​ចិត្ត​ទ្រង់ នឹង​មិន​ដែល​ខក​ចិត្ត​ឡើយ។—ARTHUR JACKSON