ខណៈពេលដែលតន្រ្តីបានបន្លឺឡើង ក្នុងកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហារ លោកលេន ប្រោន(Lane Brown) ដែលជាវិចិត្រករ ដែលអាចមើលឃើញតែពណ៌សខ្មៅ ក៏បានបោះជំហានឡើងវេទិការ។ គាត់ក៏បានឈរនៅពីមុខផ្ទាំងក្រណាត់ពណ៌សរធំមួយផ្ទាំង ដោយបែរខ្នងមកពួកជំនុំ រួចគាត់ក៏បានជ្រលក់ជក់របស់គាត់ ទៅក្នុងទឹកថ្នាំពណ៌ខ្មៅ។ គាត់ក៏បានគូវាសយ៉ាងរលូន បង្កើតជារូបឈើឆ្កាងមួយ។ គាត់ក៏បានបន្តនិយាយរឿង ដោយប្រើរូបភាព ដែលគាត់បានគូវាសនឹងជក់ចុះឡើងៗ បង្កើតជារូបភាពព្រះយេស៊ូវជាប់ឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ គាត់ក៏បានលាបពណ៌ខ្មៅពីលើផ្ទាំងក្រណាត់នោះ នៅត្រង់ផ្នែកធំៗ ហើយក៏បានបន្ថែមពណ៌ខៀវ និងពណ៌ស ដើម្បីបញ្ចប់ផ្ទាំងគំនូរអរូបីយរបស់គាត់ ក្នុងរយៈពេលតិចជាង៦នាទី។ គាត់ក៏បានលើកផ្ទំាងគំនូរនោះឡើង ហើយត្រឡប់ក្បាលវាប្រច្រាសចុះក្រោម ដើម្បីបង្ហាញចេញនូវរូបដែលបង្កប់នៅក្នុងផ្ទាំងគំនូរនោះ គឺរូបព្រះភក្រ្តព្រះយេស៊ូវដែលពេញដោយព្រះទ័យអាណិតអាសូរ។
លោកប្រោនក៏បាននិយាយថា គាត់មានការស្ទាក់ស្ទើរ ពេលដែលមិត្តភក្តិរបស់គាត់ម្នាក់ បានស្នើរឲ្យគាត់គូរូបដ៏រហ័សនោះ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំព្រះ។ តែឥឡូវនេះ គាត់បានធ្វើដំណើរជាអន្តរជាតិ ដើម្បីដឹកនាំគេថ្វាយបង្គំព្រះ ដោយប្រើរូបគំនូររបស់គាត់ ក្នុងការចែកចាយអំពីព្រះគ្រីស្ទដល់អ្នកដទៃ។
សាវ័កប៉ុលបានបញ្ជាក់ អំពីតម្លៃ និងគោលបំណងនៃអំណោយទាន ដែលព្រះជាម្ចាស់ប្រទានដល់រាស្រ្តរបស់ទ្រង់ផ្សេងៗពីគ្នា។ សមាជិកម្នាក់ៗ ក្នុងមហាគ្រួសាររបស់ព្រះអង្គ សុទ្ធតែត្រូវបានបំពាក់ដោយអំណោយទានផ្សេងៗគ្នា ដើម្បីថ្វាយសិរីល្អដល់ព្រះអម្ចាស់ និងស្អាងគ្នាឡើង ក្នុងសេចក្តីស្រឡាញ់(រ៉ូម ១២:៣-៥)។ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យស្គាល់អំណោយទានខ្លួនឯង ហើយប្រើអំណោយទានទំាងនោះ ដើម្បីបង្រៀនអ្នកដទៃ ហើយនាំគេឲ្យស្គាល់ព្រះអង្គ បម្រើព្រះអង្គ និងអ្នកដទៃ ដោយភាពឧស្សាហ៍ព្យាយាម និងអំណរ(ខ.៦-៨)។
ព្រះជាម្ចាស់បានប្រទានយើងម្នាក់ៗនូវអំណោយទានខាងវិញ្ញាណ ជំនាញ និងបទពិសោធន៍ សម្រាប់បម្រើ អស់ពីចិត្ត នៅក្រោយឆាក ឬនៅលើឆាកក្តី។ ខណៈពេលដែលយើងអបអរភាពប៉ិនប្រសប់របស់ព្រះអង្គ ព្រះអង្គប្រើអំណោយទានដែលយើងមានពិសេសខុសៗគ្នា ដើម្បីផ្សាយដំណឹងល្អ ហើយស្អាងអ្នកដទៃឡើង ដោយសេចក្តីស្រឡាញ់។ —XOCHITL DIXON