កាលពីពេលថ្មីៗនេះ កូនប្រុសរបស់ខ្ញុំ ឈ្មោះ ចេហ្វ(Geoff) បានចូលរួម នៅក្នុងការសាកល្បងរស់នៅតាមជនអនាថា។ គាត់បានចំណាយពេលពីរយប់បីថ្ងៃ នៅក្នុងការរស់នៅ តាមចិញ្ចើមថ្នល់ ក្នុងទីក្រុងគាត់ ដោយគេងក្រៅផ្ទះ ក្នុងអាកាសធាតុដែលត្រជាក់ក្រោមសូនអង្សារ។ គាត់មិនបានយកអាហារ លុយ ឬតង់ដាក់តាមខ្លួនឡើយ គឺគាត់បានបំពេញតម្រូវការរបស់គាត់ ដោយពឹងផ្អែកទៅលើអំពើសប្បុរសធម៌របស់អ្នកដែលគាត់មិនដែលស្គាល់។ នៅថ្ងៃមួយនោះ គាត់មានតែនំប៉័ងសាំងវិចមួយដុំប៉ុណ្ណោះ សម្រាប់បរិភោគ បន្ទាប់ពីបុរសម្នាក់បានឮគាត់សុំនំប៉័ងគេ នៅភោជ្ជនីយដ្ឋានអាហាររហ័ស។
ក្រោយមក ចេហ្វក៏បានប្រាប់ខ្ញុំថា ការរស់នៅដូចជនអនាថា វាជារឿងដែលគាត់ពិបាកធ្វើបំផុត ក្នុងជីវិតគាត់ តែវាបានកែបែ្រទស្សនៈដែលគាត់មានចំពោះអ្នកដទៃ។ បន្ទាប់ពីគាត់បានសាកល្បងរស់នៅតាមជនអនាថាហើយ នៅថ្ងៃបន្ទាប់ គាត់ក៏បានទៅរកជនអនាថាមួយចំនួន ដែលមានចិត្តសប្បុរសចំពោះគាត់ ក្នុងអំឡុងពេលដែលគាត់រស់នៅតាមចិញ្ចើមថ្មល់។ គាត់ក៏បានធ្វើអ្វីម្យ៉ាង ដែលគាត់អាចធ្វើបាន ដើម្បីជួយពួកគេ តាមរបៀបដ៏សាមញ្ញ។ ពួកគេមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា តាមពិត គាត់មិនមែនជាជនអនាថាទេ ហើយពួកគេក៏មានការដឹងគុណ ដែលគាត់មានការយកចិត្តទុកដាក់ ចំពោះជីវិតជនអនាថា ដោយព្យាយាមស្វែងយល់អំពីជីវិត តាមរយៈការរស់នៅដូចពួកគេ។
បទពិសោធន៍ដែលកូនប្រុសខ្ញុំបានឆ្លងកាត់ នៅពេលនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ដែលបានមានបន្ទូលថា “យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង … ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ម៉ាថាយ ២៥:៣៦-៤០)។ ទោះយើងផ្តល់ឲ្យអ្នកដទៃនូវពាក្យលើកទឹកចិត្ត ឬអាហារក្តី ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យបំពេញតម្រូវការអ្នកដទៃ ដោយសេចក្តីស្រឡាញ់។ អំពើសប្បុរសដែលយើងធ្វើសម្រាប់អ្នកដទៃ គឺដូចជាបានធ្វើថ្វាយព្រះអង្គ។—JAMES BANKS