កាល​ពី​ពេល​ថ្មី​ៗ​នេះ កូន​ប្រុស​របស់​ខ្ញុំ ឈ្មោះ ចេហ្វ(Geoff) បាន​ចូល​រួម នៅ​ក្នុង​ការ​សាក​ល្បង​រស់​នៅ​តាម​ជន​អនាថា​។ គាត់​បាន​ចំណាយ​ពេល​ពីរ​យប់​បី​ថ្ងៃ នៅ​ក្នុង​ការ​រស់​នៅ តាម​ចិញ្ចើម​ថ្នល់ ក្នុង​ទីក្រុង​គាត់ ដោយ​គេង​ក្រៅផ្ទះ ​ក្នុង​អាកាស​ធាតុ​ដែល​ត្រជាក់​ក្រោម​សូន​អង្សារ។ គាត់​មិន​បាន​យក​អាហារ លុយ ឬ​តង់​ដាក់​តាម​ខ្លួន​ឡើយ គឺគាត់​បាន​បំពេញ​តម្រូវ​ការ​របស់​គាត់ ដោយ​ពឹង​ផ្អែក​ទៅ​លើ​អំពើ​សប្បុរស​ធម៌​របស់​អ្នក​ដែល​គាត់​មិន​ដែល​ស្គាល់។ នៅ​ថ្ងៃ​មួយ​នោះ គាត់​មាន​តែ​នំប៉័ង​សាំង​វិច​មួយ​ដុំ​ប៉ុណ្ណោះ​ សម្រាប់​បរិភោគ បន្ទាប់​ពី​បុរស​ម្នាក់​បាន​ឮ​គាត់​សុំ​នំប៉័ង​គេ នៅ​ភោជ្ជនីយដ្ឋាន​អាហារ​រហ័ស។

ក្រោយ​មក ចេហ្វ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​រស់​នៅ​ដូច​ជន​អនាថា វា​ជា​រឿង​ដែល​គាត់​ពិបាក​ធ្វើ​បំផុត ក្នុង​ជីវិត​គាត់ តែ​វាបាន​កែ​បែ្រ​ទស្សនៈដែល​គាត់​មាន​ចំពោះ​អ្នក​ដទៃ។ បន្ទាប់​ពី​គាត់​បាន​សាក​ល្បង​រស់​នៅ​តាម​ជន​អនាថា​ហើយ នៅ​ថ្ងៃបន្ទាប់ គាត់​ក៏​បាន​ទៅ​រក​ជន​អនាថា​មួយ​ចំនួន ដែល​មាន​ចិត្ត​សប្បុរស​ចំពោះ​គាត់ ក្នុង​អំឡុង​ពេល​ដែល​គាត់​រស់​នៅតាម​ចិញ្ចើម​ថ្មល់។ គាត់​ក៏​បាន​ធ្វើ​អ្វី​ម្យ៉ាង ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ តាម​របៀប​ដ៏​សាមញ្ញ។ ពួក​គេ​មានការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា តាម​ពិត គាត់​មិន​មែន​ជា​ជន​អនាថា​ទេ ហើយ​ពួក​គេ​ក៏​មាន​ការ​ដឹង​គុណ ដែលគាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ជីវិត​ជន​អនាថា ដោយ​ព្យាយាម​ស្វែង​យល់​អំពី​ជីវិត តាម​រយៈ​ការ​រស់​នៅ​ដូចពួក​គេ។

បទ​ពិសោធន៍​ដែល​កូន​ប្រុស​ខ្ញុំ​បាន​ឆ្លង​កាត់ នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា​ “យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង … ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ”(ម៉ាថាយ ២៥:៣៦-៤០)។ ទោះ​យើង​ផ្តល់​ឲ្យ​អ្នកដទៃ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត ឬ​អាហារ​ក្តី ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​បំពេញ​តម្រូវ​ការ​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់។ អំពើ​សប្បុរស​ដែល​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ គឺ​ដូច​ជា​បាន​ធ្វើ​ថ្វាយ​ព្រះ​អង្គ។—JAMES BANKS