ការ​ស្រាវជ្រាវ​របស់​អ្នក​ស្រី​អេឡិន លេនជ័រ(Ellen Langer) នៅ​ឆ្នាំ ១៩៧៥ ក្រោម​ប្រធាន​បទ ការ​ស្រមើស្រមៃ​អំពី ការ​គ្រប់​គ្រង បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​កំរិត​នៃ​ឥទ្ធិ​ពល ដែល​យើង​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ទាំង​ឡាយ​ក្នុង​ជីវិត​យើង។ គាត់​បាន​រក​ឃើញ​ថា យើង​ច្រើន​តែ​គិត​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ប៉ុន្តែ តាម​ពិត យើង​មិន​មាន​សមត្ថភាព​ច្រើន​យ៉ាង​នោះ​ទេ។ ការ​សិក្សានេះ​ក៏​បាន​បង្ហាញ​ថា ការ​គិត​របស់​យើង អំពី​សមត្ថភាព​របស់​ខ្លួន​ឯង ច្រើន​តែ​ជា​ការ​ស្រមើរ​ស្រមៃ ខុស​ពី​ការ​ពិត ស្ទើរ​តែ​គ្រប់​ពេល។

ការ​សន្និដ្ឋាន​របស់​អ្នក​ស្រី​លេនជ័រ បាន​ធ្វើ​ឡើង ដោយ​មាន​ការ​ពិសោធន៍​ត្រឹម​ត្រូវ ដែល​អ្នក​ដទៃ​បាន​ធ្វើ ចាប់​តាំង​ពីពេល​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សាវ័ក​យ៉ាកុប​បាន​យល់​អំពី​បញ្ហានេះ មុន​អ្នក​ស្រី​លេនជ័រ តាំង​ពី​យូរ​មក​ហើយ។ ក្នុង​បទ​គម្ពីរ​យ៉ាកុប ជំពូក​៤ គាត់​បាន​សរសេរ​ថា “ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ”(ខ.១៣-១៤)។

បន្ទាប់មក ព្រះគម្ពីរ​យ៉ាកុប​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាល​សម្រាប់​ការ​ស្រមើរ​ស្រមៃ​នេះ ដោយ​ចង្អុល​បង្ហាញ​ថា ព្រះជាម្ចាស់ តែង​តែ​គ្រប់​គ្រង​ស្ថាន​ភាព​ទាំង​អស់ ​“គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(ខ.១៥)។ សរុប​មក ក្នុង​ខ​គម្ពីរ​ទាំង​ប៉ុន្មាន​នេះ ព្រះ​គម្ពីរ​យ៉ាកុប​បាន​និយាយ​សង្ខេប អំពី​បញ្ហា​ដែល​មនុស្ស​មិន​អាច​គ្រប់​គ្រង​បាន និង​អំពី​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​ទាំង​នោះ។

ចូរ​យើង​ដឹង​ថា ជោគ​វាសនា​របស់​យើង មិន​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​យើង​ឡើយ។ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​ដាក់​អ្វី​ៗទាំង​អស់ នៅ​ក្នុង​ព្រះហស្ត​ដ៏​មាន​សមត្ថ​ភាព​របស់​ព្រះអង្គ បាន​ជា​យើង​អាច​ទុក​ចិត្ត​ផែនការ​ដែល​ទ្រង់​មាន​សម្រាប់​ជីវិត​យើង។—REMI OYEDELE