ការស្រាវជ្រាវរបស់អ្នកស្រីអេឡិន លេនជ័រ(Ellen Langer) នៅឆ្នាំ ១៩៧៥ ក្រោមប្រធានបទ ការស្រមើស្រមៃអំពី ការគ្រប់គ្រង បានធ្វើការពិនិត្យទៅលើកំរិតនៃឥទ្ធិពល ដែលយើងទទួលបានពីព្រឹត្តិការណ៍ទាំងឡាយក្នុងជីវិតយើង។ គាត់បានរកឃើញថា យើងច្រើនតែគិតថា យើងមានលទ្ធភាពគ្រប់គ្រងស្ថានភាព ដែលយើងជួបប្រទះ ប៉ុន្តែ តាមពិត យើងមិនមានសមត្ថភាពច្រើនយ៉ាងនោះទេ។ ការសិក្សានេះក៏បានបង្ហាញថា ការគិតរបស់យើង អំពីសមត្ថភាពរបស់ខ្លួនឯង ច្រើនតែជាការស្រមើរស្រមៃ ខុសពីការពិត ស្ទើរតែគ្រប់ពេល។
ការសន្និដ្ឋានរបស់អ្នកស្រីលេនជ័រ បានធ្វើឡើង ដោយមានការពិសោធន៍ត្រឹមត្រូវ ដែលអ្នកដទៃបានធ្វើ ចាប់តាំងពីពេលដែលការស្រាវជ្រាវនេះត្រូវបានបោះពុម្ភផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ សាវ័កយ៉ាកុបបានយល់អំពីបញ្ហានេះ មុនអ្នកស្រីលេនជ័រ តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរយ៉ាកុប ជំពូក៤ គាត់បានសរសេរថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(ខ.១៣-១៤)។
បន្ទាប់មក ព្រះគម្ពីរយ៉ាកុបក៏បានផ្តល់ឲ្យនូវការព្យាបាលសម្រាប់ការស្រមើរស្រមៃនេះ ដោយចង្អុលបង្ហាញថា ព្រះជាម្ចាស់ តែងតែគ្រប់គ្រងស្ថានភាពទាំងអស់ “គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(ខ.១៥)។ សរុបមក ក្នុងខគម្ពីរទាំងប៉ុន្មាននេះ ព្រះគម្ពីរយ៉ាកុបបាននិយាយសង្ខេប អំពីបញ្ហាដែលមនុស្សមិនអាចគ្រប់គ្រងបាន និងអំពីថ្នាំសម្រាប់ព្យាបាលបញ្ហាទាំងនោះ។
ចូរយើងដឹងថា ជោគវាសនារបស់យើង មិនស្ថិតនៅក្នុងកណ្តាប់ដៃយើងឡើយ។ ព្រោះព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ នៅក្នុងព្រះហស្តដ៏មានសមត្ថភាពរបស់ព្រះអង្គ បានជាយើងអាចទុកចិត្តផែនការដែលទ្រង់មានសម្រាប់ជីវិតយើង។—REMI OYEDELE