នៅ​ពេល​យប់​ដែល​លោក​ប្រធានា​ធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ក្នុងមហោស្រព​ហ្វ៊ត កាល​ពី​ឆ្នាំ១៨៦៥ នៅ​ក្នុង​ហោប៉ៅ​របស់​គាត់​មាន​ដាក់​វត្ថុ​មួយ​ចំនួន ដែល​មាន​ដូច​ជា វែនតា​មួយ ក្រណាត់​សម្រាប់​ជូត​វែន​តា​មួយ កូន​កាំបិត​បត់​មួយ នាឡិការ​ដក់​មួយ​គ្រឿង កូន​កន្សែង​មួយ កាបូប​លុយ​ស្បែក​មួយដែល​មាន​លុយ​ប្រាំ​ដុល្លា​របស់​រដ្ឋ​សហព័ន្ធ​មួយ​សន្លឹក និង​ក្រដាស់​ការសែត​៨​សន្លឹក ដែល​បាន​កាត់​ចេញ​ពី​កាសែត ដែល​ក្នុង​នោះ មាន​ក្រដាស់​កាសែត​បួន​ប្រាំ​សន្លឹក ដែល​និយាយ​សរសើរ​គាត់ និង​គោល​នយោបាយ​របស់​គាត់។

ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្នុង​ហោប៉ៅ​របស់​គាត់ មាន​លុយ​របស់​រដ្ឋ​សហព័ន្ធ ដែល​ជា​អតីត​សត្រូវ​របស់​គាត់ ប៉ុន្តែ ខ្ញុំ​មិន​សូវ​មាន​ការ​ងឿង​ឆ្ងល់​អំពី​រឿង​នៅ​ក្នុង​ទំព័រ​កាសែត ដែល​គាត់​បាន​ដាក់​ក្នុង​ហោប៉ៅ​គាត់​នៅ​ថ្ងៃ​នោះ​ឡើយ។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត គឺ​សូម្បី​តែ​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ ដូច​លោក​លីនខិន​ក៏​ដោយ។ តើ​អ្នក​ឃើញ​ទេ គាត់​ប្រហែល​ជា​បាន​អាន​អត្ថបទ​កាសែត​ដែល​លើក​ទឹក​ចិត្ត ឲ្យ​ភរិយា​របស់​គាត់​ស្តាប់ មុន​ពេល​ដែល​សោក​នាដ​កម្មបាន​កើត​ឡើង?

តើ​អ្នក​ដឹង​ថា មាន​នរណា​ខ្លះ ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត? ចូរ​ក្រឡេក​​មើល​ជុំវិញ​ខ្លួន​យើង​ចុះ យើង​នឹង​ឃើញ​ថា មនុស្ស​គ្រប់​គ្នា សុទ្ធ​តែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។​ មនុស្ស​ជា​ច្រើន​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង តែ​សម្បក​ក្រៅ​ទេ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​បរាជ័យ ឬ​និយាយ​ខុស ឬ​ក៏​មាន​ថ្ងៃ​ដ៏​អាក្រក់ បាន​ជា​យើង​សុទ្ធ​តែ​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ដូច​គ្នា។

ចុះ​បើ​សិន​ជា​យើង​រាល់​គ្នា សុទ្ធ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ដោយ “​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង?”(រ៉ូម ១៥:២)។ ចុះ​បើ​សិន​ជា​យើង​ប្តេជ្ញា​ចិត្ត​ថា យើង​នឹង​និយាយ​ថា “ពាក្យ​សម្តី​ពិរោះ” ដែល“ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​?”(សុភាសិត ១៦:២៤)។ ចុះ​បើ​សិន​ជា​យើង​អាច​សរសេរ​ពាក្យ​សម្តី​ដ៏​ពិរោះ សម្រាប់​ឲ្យ​មិត្ត​ភក្តិ​យើង​អាន ហើយ​ទទួល​ប្រយោជន៍​ពី​វា? នោះ​យើង​នឹង​មាន​ពាក្យ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ក្នុង​ក្រដាស់​សៀវភៅ ឬ​ក្នុង​ទូរស័ព្ទ​របស់​យើង​ សម្រាប់​ផ្ញើ​ទៅ​អ្នក​ដទៃ ឬឲ្យ​ពួក​គេ​អាន។ ហើយ​យើង​នឹង​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ ដែល​ទ្រង់ “មិនបាន​បំពេញ​ចិត្ត​ខ្លួន​ឯង​ទេ” តែ​បាន​រស់​នៅ​សម្រាប់​អ្នក​ដទៃ​វិញ​(រ៉ូម ១៥:៣)។—MIKE WITTMER