នៅពេលយប់ដែលលោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ត្រូវបានគេបាញ់សម្លាប់ នៅក្នុងមហោស្រពហ្វ៊ត កាលពីឆ្នាំ១៨៦៥ នៅក្នុងហោប៉ៅរបស់គាត់មានដាក់វត្ថុមួយចំនួន ដែលមានដូចជា វែនតាមួយ ក្រណាត់សម្រាប់ជូតវែនតាមួយ កូនកាំបិតបត់មួយ នាឡិការដក់មួយគ្រឿង កូនកន្សែងមួយ កាបូបលុយស្បែកមួយដែលមានលុយប្រាំដុល្លារបស់រដ្ឋសហព័ន្ធមួយសន្លឹក និងក្រដាស់ការសែត៨សន្លឹក ដែលបានកាត់ចេញពីកាសែត ដែលក្នុងនោះ មានក្រដាស់កាសែតបួនប្រាំសន្លឹក ដែលនិយាយសរសើរគាត់ និងគោលនយោបាយរបស់គាត់។
ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាក្នុងហោប៉ៅរបស់គាត់ មានលុយរបស់រដ្ឋសហព័ន្ធ ដែលជាអតីតសត្រូវរបស់គាត់ ប៉ុន្តែ ខ្ញុំមិនសូវមានការងឿងឆ្ងល់អំពីរឿងនៅក្នុងទំព័រកាសែត ដែលគាត់បានដាក់ក្នុងហោប៉ៅគាត់នៅថ្ងៃនោះឡើយ។ មនុស្សម្នាក់ៗត្រូវការការលើកទឹកចិត្ត គឺសូម្បីតែអ្នកដឹកនាំដ៏អស្ចារ្យ ដូចលោកលីនខិនក៏ដោយ។ តើអ្នកឃើញទេ គាត់ប្រហែលជាបានអានអត្ថបទកាសែតដែលលើកទឹកចិត្ត ឲ្យភរិយារបស់គាត់ស្តាប់ មុនពេលដែលសោកនាដកម្មបានកើតឡើង?
តើអ្នកដឹងថា មាននរណាខ្លះ ត្រូវការការលើកទឹកចិត្ត? ចូរក្រឡេកមើលជុំវិញខ្លួនយើងចុះ យើងនឹងឃើញថា មនុស្សគ្រប់គ្នា សុទ្ធតែត្រូវការការលើកទឹកចិត្ត។ មនុស្សជាច្រើនមានទំនុកចិត្តចំពោះខ្លួនឯង តែសម្បកក្រៅទេ។ យើងរាល់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់បរាជ័យ ឬនិយាយខុស ឬក៏មានថ្ងៃដ៏អាក្រក់ បានជាយើងសុទ្ធតែត្រូវការលើកទឹកចិត្តដូចគ្នា។
ចុះបើសិនជាយើងរាល់គ្នា សុទ្ធតែស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយ “បំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង?”(រ៉ូម ១៥:២)។ ចុះបើសិនជាយើងប្តេជ្ញាចិត្តថា យើងនឹងនិយាយថា “ពាក្យសម្តីពិរោះ” ដែល“ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹង?”(សុភាសិត ១៦:២៤)។ ចុះបើសិនជាយើងអាចសរសេរពាក្យសម្តីដ៏ពិរោះ សម្រាប់ឲ្យមិត្តភក្តិយើងអាន ហើយទទួលប្រយោជន៍ពីវា? នោះយើងនឹងមានពាក្យលើកទឹកចិត្តជាច្រើនក្នុងក្រដាស់សៀវភៅ ឬក្នុងទូរស័ព្ទរបស់យើង សម្រាប់ផ្ញើទៅអ្នកដទៃ ឬឲ្យពួកគេអាន។ ហើយយើងនឹងកាន់តែមានលក្ខណៈដូចព្រះយេស៊ូវ ដែលទ្រង់ “មិនបានបំពេញចិត្តខ្លួនឯងទេ” តែបានរស់នៅសម្រាប់អ្នកដទៃវិញ(រ៉ូម ១៥:៣)។—MIKE WITTMER