សេវ៉ាកម្ម “ជួល​គ្រួសារ” កំពុង​តែ​មាន​ការ​លូត​លាស់ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ដើម្បី​បំពេញ​តម្រូវ​ការ​មនុស្ស​ដែល​កំពុង​តែ​មាន​ភាព​ឯកោ។ អ្នក​ខ្លះ​បាន​ប្រើ​សេវ៉ា​កម្ម​នេះ ដើម្បី​ឲ្យ​តែ​ល្អ​មើល ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​កម្ម​វិធីសង្គម​ជា​ដើម ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​មក​ឃើញ​ថា ខ្លួន​មាន​គ្រួសារ​ដែល​រីក​រាយ។ អ្នក​ខ្លះ​បាន​ជួល​តួសម្តែង ឲ្យ​ដើរ​តួ​ជា​សាច់​ញាតិ​ដែល​ឈប់​រស់​នៅ​ជា​មួយ​គ្នា ដើម្បី​ឲ្យ​ខ្លួន​អាច​មាន​អារម្មណ៍​ថា មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​ទំនាក់​ទំនង​គ្រួសារ​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន ទោះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ក៏​ដោយ។

ទំនោរ​មួយ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​រឿង​ពិត​មួយ ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​មក សម្រាប់​ការ​ទំនាក់​ទំនងគ្នា​។ នៅ​ក្នុង​រឿង​នៃ​ការ​បង្កើត​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ យើង​ឃើញ​ថា ព្រះ​ជា​ម្ចាស់​បាន​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា “​ការ​ល្អ​ប្រពៃ”(១:៣១)។ ប៉ុន្តែ​ ពេល​ដែល​ទ្រង់​គិត​ដល់​អ័ដាម ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ”(២:១៨)។ មនុស្ស​ត្រូវ​ការ​ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស។

ព្រះគម្ពីរ​មិន​គ្រាន់​តែ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​ការ​ការ​ទំនាក់​ទំនង​គ្នា​ប៉ុណ្ណោះ​ឡើយ។ ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ អំពី​កន្លែង​ដែល​យើង​អាច​រក​ឃើញ​ទំនាក់​ទំនង​នោះ គឺ​ក្នុង​ចំណោម​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវផងដែរ​។ មុន​ពេល​ព្រះ​យេស៊ូវ​អស់​ព្រះ​ជន្ម ទ្រង់​បាន​ផ្តាំ​លោក​យ៉ូហាន ឲ្យ​ចាត់​ទុក​មាតា​របស់​ទ្រង់ ជា​ម្តាយ​របស់​គាត់។ ពួក​គេ​ក្លាយ​ជា​ក្រុម​គ្រួសារ​តែ​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើងទៅ​​ស្ថាន​សួគ៌​វិញ(យ៉ូហាន ១៩:២៦-២៧)។ ហើយ​សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទ​បរិស័ទ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដូច​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​ផង​ដែរ(១ធីម៉ូថេ ៥:១-២)។ បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​ពិពណ៌នា​ផង​ដែរ​ថា ព្រះ​រាជ​កិច្ច​ប្រោស​លោះ​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​លោកិយ​នេះ ក៏​រាប់​បញ្ចូល “ការ​នាំមនុស្ស​ឯកោ ឲ្យ​មាន​គ្រួសារ”(ទំនុកដំកើង ៦៨:៦) ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​រៀប​ចំ​ពួក​ជំនុំ ឬព្រះវិហារ ធ្វើ​ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ជួយ​មនុស្ស​ឯកោ​ឲ្យ​មាន​គ្រួសារ។

សូម​អរ​ព្រះគុណ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​មាន​ទំនាក់​ទំនង និង​មាន​រាស្រ្ត​ទ្រង់ ជាគ្រួសារ​របស់​យើង!—AMY PETERSON