មាន​ពេល​មួយ​ខ្ញុំ​បាន​មើល​ពត៌​មាន ដែល​គេ​ផ្សាយ​អំពី​ស្រ្តី​ជា​ច្រើន​ដែល​បាន​ក្លាយ​ជា​ជន​រង​គ្រោះ ដោយសារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដោយ​ពួក​ប្រុស​ៗ​ដែល​មាន​អំណាច​មក​លើ​ពួក​នាង។ វា​ជា​រឿង​លាក់​កំបាំង​​យូរ​មក​ហើយ តែពេល​នេះ ត្រូវ​បាន​គេ​លើក​យក​មក​លាត​ត្រដាង។ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​បាន​អាន​ចំ​ពត៌​មាន ដែល​ផ្សាយ​ថា បុរស​ពីរ​នាក់​ដែល​ខ្ញុំ​ធ្លាប់​តែ​កោត​សរសើរ គឺ​ជា​ជន​ល្មើស គេ​បាន​រក​ឃើញ​ភស្តុ​តាងបញ្ជាក់​ថា ពួក​គេ​ពិត​ជា​បាន​ធ្វើ​ការ​រំលោភ​បំពាន​មែន។ បញ្ហា​នេះ​បាន​កើត​មាន​នៅ​គ្រប់​ទី​កន្លែង គឺ​សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ​ក៏​ដោយ​។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ទទួល​ទុក្ខ​វេទនា ដោយសារ​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ស្តេចដាវីឌ​បាន​ឃើញ​ស្រ្តី​ម្នាក់​កំពុង​ងូត​ទឹក​(២សាំយ៉ូអែល ១១:២)។ ហើយ​ទ្រង់​ចង់​រួម​ដំណេក​ជា​មួយ​នាង។ នាងបាតសេបា​ជា​ភរិយា​របស់​លោក​អ៊ូរី​ដែល​ជា​ទាហាន​ដ៏​ស្មោះ​ស្ម័គ្រ​របស់​ទ្រង់ តែ​ទ្រង់​នៅ​តែ​ឲ្យ​គេ​ទៅ​នាំ​នាង​ចូល​ក្រឡាបន្ទំ​របស់​ទ្រង់។ ពេល​នាង​បាត​សេបា​ប្រាប់​ស្តេច​ដាវីឌ​ថា នាង​មាន​ផ្ទៃ​ពោះ ទ្រង់​ក៏​មាន​ការ​ព្រួយ​បារម្ភ។ ស្តេច​ដាវីឌ​ក៏​បាន​រៀប​គម្រោង​ក្បត់ ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដោយ​បង្គាប់​លោក​យ៉ូអាប់​ឲ្យ​ទុក​អ៊ូរីចោល នៅ​សមរ​ភូមិ ដើម្បី​ឲ្យ​ពួក​សត្រូវ​សម្លាប់​គាត់។

ស្តេច​ដាវីឌ​មិន​អាច​លាក់​បាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ​បំពាន​មក​លើ​នាង​បាតសេបា និង​លោកអ៊ូរី​ឡើយ។ ហោរា​សាំយ៉ូអែល​បាន​បើក​កកាយ​រឿង​របស់​ទ្រង់ ឲ្យ​គេ​គ្រប់​គ្នា​បាន​ឃើញ​ច្បាស់។ ពេល​ដែល​យើង​បាន​ធ្វើ​ការ​អាក្រក់ យើង​ក៏​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​ផង​ដែរ គឺ​មិន​ត្រូវ​ព្យាយាម​លាក់​បាំង​ឡើយ។

ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ស្តាប់​រឿង​ទាំង​អស់​នេះ ព្រោះ​វា​បាន​ដាស់​តឿន​យើង ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​អំណាច​បំពាន ក្នុង​សម័យ​របស់​យើង។ ស្តេច​ដាវីឌ​ជា “មនុស្ស​ដែល​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ”(កិច្ចការ ១៣:២២) ប៉ុន្តែ ទ្រង់​ក៏​ជា​មនុស្ស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះអ្វី​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ផង​ដែរ។ ដូច​នេះ យើង​ក៏​ត្រូវ​ឲ្យ​អ្នក​ដឹក​នាំរបស់​យើង ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​ផង​ដែរ។​

ដោយសារ​ព្រះ​គុណ​ព្រះ នោះ​យើង​អាច​ទទួល​ការ​ប្រោស​លោះ​ពី​ទ្រង់។ ពេល​ដែល​យើង​បន្ត​អាន​រឿង​របស់​ស្តេច​ដាវីឌ យើង​ឃើញ​ថា ស្តេច​ដាវីឌ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​ទ្រង់(២សាំយ៉ូអែល ១២:១៣)។ ដូចនេះ ចិត្ត​ដែល​រឹង​រូសនៅ​អាច​ផ្លាស់​ប្រែបាន ដោយសារព្រះគុណព្រះ។ —WINN COLLIER