សេវ៉ាកម្ម “ជួលគ្រួសារ” កំពុងតែមានការលូតលាស់ នៅតាមបណ្តាប្រទេសជាច្រើន ដើម្បីបំពេញតម្រូវការមនុស្សដែលកំពុងតែមានភាពឯកោ។ អ្នកខ្លះបានប្រើសេវ៉ាកម្មនេះ ដើម្បីឲ្យតែល្អមើល ឧទាហរណ៍ដូចជានៅក្នុងកម្មវិធីសង្គមជាដើម ដើម្បីឲ្យអ្នកដទៃមើលមកឃើញថា ខ្លួនមានគ្រួសារដែលរីករាយ។ អ្នកខ្លះបានជួលតួសម្តែង ឲ្យដើរតួជាសាច់ញាតិដែលឈប់រស់នៅជាមួយគ្នា ដើម្បីឲ្យខ្លួនអាចមានអារម្មណ៍ថា មានភាពកក់ក្តៅនៅក្នុងទំនាក់ទំនងគ្រួសារដែលខ្លួនប្រាថ្នាចង់បាន ទោះក្នុងរយៈពេលដ៏ខ្លីក៏ដោយ។
ទំនោរមួយនេះ បានឆ្លុះបញ្ចាំងអំពីរឿងពិតមួយ ដែលថា ព្រះជាម្ចាស់បានបង្កើតមនុស្សមក សម្រាប់ការទំនាក់ទំនងគ្នា។ នៅក្នុងរឿងនៃការបង្កើតរបស់ព្រះជាម្ចាស់ ក្នុងបទគម្ពីរលោកុប្បត្តិ យើងឃើញថា ព្រះជាម្ចាស់បានទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជា “ការល្អប្រពៃ”(១:៣១)។ ប៉ុន្តែ ពេលដែលទ្រង់គិតដល់អ័ដាម ទ្រង់ក៏បានមានបន្ទូលថា “មនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ”(២:១៨)។ មនុស្សត្រូវការការទំនាក់ទំនងជាមួយមនុស្ស។
ព្រះគម្ពីរមិនគ្រាន់តែបានប្រាប់យើងថា យើងត្រូវការការទំនាក់ទំនងគ្នាប៉ុណ្ណោះឡើយ។ ព្រះគម្ពីរក៏បានប្រាប់យើង អំពីកន្លែងដែលយើងអាចរកឃើញទំនាក់ទំនងនោះ គឺក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវផងដែរ។ មុនពេលព្រះយេស៊ូវអស់ព្រះជន្ម ទ្រង់បានផ្តាំលោកយ៉ូហាន ឲ្យចាត់ទុកមាតារបស់ទ្រង់ ជាម្តាយរបស់គាត់។ ពួកគេក្លាយជាក្រុមគ្រួសារតែមួយ បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌វិញ(យ៉ូហាន ១៩:២៦-២៧)។ ហើយសាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដូចឪពុកម្តាយ និងបងប្អូនបង្កើតផងដែរ(១ធីម៉ូថេ ៥:១-២)។ បទគម្ពីរទំនុកដំកើង ក៏បានពិពណ៌នាផងដែរថា ព្រះរាជកិច្ចប្រោសលោះរបស់ព្រះជាម្ចាស់ ក្នុងលោកិយនេះ ក៏រាប់បញ្ចូល “ការនាំមនុស្សឯកោ ឲ្យមានគ្រួសារ”(ទំនុកដំកើង ៦៨:៦) ហើយព្រះជាម្ចាស់ក៏បានរៀបចំពួកជំនុំ ឬព្រះវិហារ ធ្វើជាកន្លែងដ៏ល្អបំផុត សម្រាប់ជួយមនុស្សឯកោឲ្យមានគ្រួសារ។
សូមអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានបង្កើតយើងមក សម្រាប់ឲ្យមានទំនាក់ទំនង និងមានរាស្រ្តទ្រង់ ជាគ្រួសាររបស់យើង!—AMY PETERSON