អ្នកស្រីអេនី មួរ(Annie Moore) ជាជនអន្តោប្រវេសន៍ទីមួយ ដែលបានធ្វើដំណើរចូលទឹកដីអាមេរិក កាត់តាមកោះអេលីស កាលពីឆ្នាំ១៨៩២។ ពេលនោះ គាត់ប្រាកដជាកំពុងតែគិតអំពីផ្ទះថ្មី និងការចាប់ផ្តើមជាថ្មី ដោយអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។ ក្រោយមក មានមនុស្សរាប់លាននាក់បានធ្វើដំណើរកាត់តាមកោះនោះដែរ។ កាលអ្នកស្រីអេនីនៅវ័យជំទង់ គាត់បានចាកចេញពីជីវិតដ៏លំបាកលំបិន ក្នុងប្រទេសអៀឡង់ ដើម្បីចាប់ផ្តើមជីវិតជាថ្មី ក្នុងទឹកដីថ្មី។ គាត់មានតែបង្វិចតូចមួយ កាន់នៅក្នុងដៃ តែគាត់បានចូលទឹកដីអាមេរិក ដោយក្តីស្រមៃ ក្តីសង្ឃឹម និងការរំពឹងគិតជាច្រើន ចំពោះទឹកដីដែលមានពេញទៅដោយឱកាស។
តើកូនរបស់ព្រះនឹងមានចិត្តរំភើបរីករាយជាងអម្បាលម៉្មាន ពេលដែលពួកគេបានឃើញ “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១)។ យើងនឹងបានចូលទៅក្នុង “ទីក្រុងបរិសុទ្ធ ទីក្រុងយេរូសាឡិមថ្មី”(ខ.២) ដូចដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ។ សាវ័កយ៉ូហានបានធ្វើការពិពណ៌នាដ៏មានអំណាច អំពីទឹកដីដ៏អស្ចារ្យនេះថា “ទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម”(២២:១)។ ត្រង់ចំណុចនេះ ទឹកជាតំណាងឲ្យជីវិត និងភាពពេញបរិបូរ ហើយព្រះដ៏អស់កល្ប ជាប្រភពនៃទឹកនោះ។ លោកយ៉ូហានមានប្រសាសន៍ថា “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ”(ខ.៣)។ ទំនាក់ទំនងដ៏ល្អ និងបរិសុទ្ធ ដែលទ្រង់សព្វព្រះទ័យនឹងមានជាមួយមនុស្ស នឹងមានភាពពេញលេញឡើងវិញ។
ពិតជាអស្ចារ្យណាស់ ដែលយើងបានស្គាល់ព្រះ ដែលស្រឡាញ់កូនរបស់ទ្រង់ ហើយបានបង់ថ្លៃលោះយើង ដោយលះបង់ព្រះជន្មព្រះរាជបុត្រាទ្រង់ ហើយទ្រង់កំពុងតែរៀបចំផ្ទះថ្មីដ៏អស្ចារ្យ ដែលទ្រង់នឹងរស់នៅជាមួយយើង និងធ្វើជាព្រះរបស់យើងអស់កល្បជានិច្ច(២១:៣)។—ESTERA PIROSCA ESCOBAR