អ្នក​ស្រី​អេនី មួរ(Annie Moore) ជា​ជន​អន្តោ​ប្រវេសន៍​ទី​មួយ ដែល​បាន​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​អាមេរិក កាត់​តាម​កោះអេលីស កាលពី​ឆ្នាំ១៨៩២។ ពេល​នោះ គាត់​ប្រាកដ​ជា​កំពុង​តែ​គិត​អំពី​ផ្ទះ​ថ្មី និង​ការ​ចាប់​ផ្តើម​ជា​ថ្មី ដោយ​អារម្មណ៍​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង។ ក្រោយ​មក មាន​មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដំណើរ​កាត់​តាម​កោះ​នោះ​ដែរ។ កាល​អ្នក​ស្រីអេនី​នៅ​វ័យ​ជំទង់ គាត់​បាន​ចាក​ចេញ​ពី​ជីវិត​ដ៏​លំបាក​លំបិន ក្នុង​ប្រទេស​អៀឡង់ ដើម្បី​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី ក្នុង​ទឹក​ដី​ថ្មី​។ គាត់​មាន​តែ​បង្វិច​តូច​មួយ កាន់​នៅ​ក្នុង​ដៃ តែ​គាត់​បាន​ចូល​ទឹក​ដី​អាមេរិក ដោយ​ក្តី​ស្រមៃ ក្តី​សង្ឃឹម និង​ការ​រំពឹង​គិត​ជា​ច្រើន ចំពោះ​ទឹក​ដី​ដែល​មាន​ពេញ​ទៅ​ដោយ​ឱកាស។

តើ​កូន​របស់​ព្រះ​នឹង​មាន​ចិត្ត​រំភើប​រីក​រាយ​ជាង​អម្បាល​ម៉្មាន ពេល​ដែល​ពួក​គេ​បាន​ឃើញ “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១)។ យើង​នឹង​បាន​ចូល​ទៅ​ក្នុង “ទីក្រុង​បរិសុទ្ធ ទីក្រុង​យេរូសាឡិម​ថ្មី”(ខ.២) ដូច​ដែល​មាន​ចែង​ក្នុងកណ្ឌ​គម្ពីរ​វិវរណៈ។ សាវ័ក​យ៉ូហាន​បាន​ធ្វើ​ការ​ពិពណ៌នា​ដ៏​មាន​អំណាច អំពី​ទឹក​ដី​ដ៏​អស្ចារ្យ​នេះ​ថា “​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម”(២២:១)។ ត្រង់​ចំណុច​នេះ ទឹក​ជា​តំណាង​ឲ្យ​ជីវិត និង​ភាព​ពេញ​បរិបូរ ហើយ​ព្រះ​ដ៏​អស់​កល្ប ជា​ប្រភព​នៃ​ទឹក​នោះ។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា “គ្រា​នោះ​នឹង​គ្មាន​សេចក្តី​បណ្តាសា​ទៀត​ឡើយ”(ខ.៣)។ ទំនាក់​ទំនង​ដ៏​ល្អ និង​បរិសុទ្ធ ដែល​ទ្រង់​សព្វ​ព្រះទ័យ​នឹង​មាន​ជា​មួយមនុស្ស នឹង​មាន​ភាព​ពេញ​លេញ​ឡើង​វិញ។

ពិត​ជា​អស្ចារ្យ​ណាស់ ដែល​យើង​បាន​ស្គាល់​ព្រះ ដែល​ស្រឡាញ់​កូន​របស់​ទ្រង់ ហើយ​បាន​បង់​ថ្លៃ​លោះ​យើង ដោយ​លះ​បង់​ព្រះ​ជន្ម​ព្រះ​រាជ​បុត្រា​ទ្រង់ ហើយ​ទ្រង់​កំពុង​តែ​រៀប​ចំ​ផ្ទះ​ថ្មី​ដ៏​អស្ចារ្យ ដែល​ទ្រង់​នឹង​រស់​នៅ​ជា​មួយ​យើង និង​ធ្វើជា​ព្រះ​របស់​យើង​អស់​កល្ប​ជា​និច្ច​(២១:៣)។—ESTERA PIROSCA ESCOBAR