ជាទូទៅ ស្រ្តីជាម្តាយក្នុងសម័យទំនើប មានតួនាទីជាចុងភៅ ជាអ្នករៀបចំកម្មវិធីសម្រាប់គ្រួសារ ជាអ្នកប្រឹក្សាយោបលផ្នែកចំណីអាហារ និងជាអ្នកថែទាំគ្រួសារជាដើម។ តួនាទីទាំងនេះស្ថិតក្នុងចំណោមការទទួលខុសត្រូវជាច្រើន ដែលពួកគេត្រូវបំពេញជាប្រចាំ។ កាលពីឆ្នាំ២០១៦ ការស្រាវជ្រាវមួយ បានប៉ាន់ប្រម៉ានថា ស្រ្តីជាម្តាយបានធ្វើការ ចាប់ពី៤៩ម៉ោង ទៅ៩៦ម៉ោង ក្នុងមួយសប្តាហ៍ ដែលភាគច្រើនជាកិច្ចការដែលទាក់ទងនឹងការចិញ្ចឹមបីបាច់កូន។
វាមិនមែនជារឿងចម្លែកទេ ដែលស្រ្តីជាម្តាយ តែងតែមានការអស់កម្លាំងជានិច្ច។ ការធ្វើជាម្តាយ គឺត្រូវចំណាយពេលវេលា និងកម្លាំងជាច្រើន ដើម្បីថែទាំកូន ដែលត្រូវការជំនួយជាប្រចាំ ខណៈពេលដែលពួកគេកំពុងតែរៀនរកផ្លូវដើរ ក្នុងពិភពលោកនេះ។
ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយ នៅពេលថ្ងៃ ដែលហាក់ដូចជាមានរយៈពេលយូរជាងធម្មតា ហើយខ្ញុំត្រូវការការរំឭកថា ការទំនុកបម្រុងអ្នកដទៃ គឺជាអ្វីដែលខ្ញុំគួរធ្វើ។ នៅពេលនោះ ខ្ញុំក៏មានកម្លាំងឡើងវិញ ដោយក្តីសង្ឃឹមដ៏អស្ចារ្យ ដោយដឹងថា ព្រះយេស៊ូវបានឲ្យតម្លៃយ៉ាងណា ចំពោះអ្នកដែលបម្រើគេ។
ក្នុងកណ្ឌដំណឹងល្អម៉ាកុស ពួកសាវ័កបានដណើ្តមគ្នា ធ្វើជាអ្នកធំជាងគេ នៅក្នុងចំណោមពួកគេ។ ព្រះយេស៊ូវក៏បានគង់ចុះដោយស្ងាត់ស្ងៀម ហើយរំឭកពួកគេថា “បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ”(ម៉ាកុស ៩:៣៥)។ បន្ទាប់មក ទ្រង់ក៏បានលើកក្មេងតូចម្នាក់ពរ ដើម្បីពន្យល់ពួកគេ អំពីសារៈសំខាន់នៃការបម្រើអ្នកដទៃ ជាពិសេស អ្នកដែលត្រូវការជំនួយបំផុត ក្នុងចំណោមយើង(ខ.៣៦-៣៧)។
ការឆ្លើយតបរបស់ព្រះគ្រីស្ទ ត្រង់ចំណុចនេះ បានបង្ហាញឲ្យយើងដឹងច្បាស់ថា នរណាជាអ្នកធំជាងគេ ក្នុងនគររបស់ព្រះអង្គ។ តាមខ្នាតគំរូរបស់ព្រះអង្គ អ្នកនោះត្រូវមានចិត្តដែលខ្វល់ពីអ្នកដទៃ។ ហើយព្រះយេស៊ូវបានសន្យាថា ព្រះវត្តមានរបស់ព្រះ នឹងគង់នៅជាមួយ និងចម្រើនកម្លាំងដល់អ្នក ដែលសម្រេចចិត្តបម្រើអ្នកដទៃ(ខ.៣៧)។
ខណៈពេលដែលអ្នកមានឱកាសបម្រើ នៅក្នុងគ្រួសារ ឬសហគមន៍របស់អ្នក ចូរមានការកម្សាន្តចិត្តឡើង ដោយដឹងថា ព្រះយេស៊ូវបានឲ្យតម្លៃយ៉ាងខ្លាំង ចំពោះពេលវេលា និងការប្រឹងប្រែង ដែលអ្នកលះបង់ ក្នុងការបម្រើអ្នកដទៃ។—LISA SAMRA