ថ្មី​ៗ​នេះ ខ្ញុំ​បាន​រក​ឃើញ “ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​មួយ” ពេល​ដែល​ចៅ​របស់​ខ្ញុំ​ម្នាក់​បាន​យក​តុក្កតា​ទន្សាយ​របស់​នាង មកកម្តៅ​នៅ​ពី​លើ​កញ្ចក់ សម្រាប់​ការពារ​ជើង​ក្រាន​កម្តៅ​ផ្ទះ នៅ​រដូវ​រងា។ កម្តៅ​នៅ​លើ​កញ្ចក់​បាន​ធ្វើ​ឲ្យ​រោម​តុក្កតា​ទន្សាយ​របស់នាង​រលាយ​ជាប់​នឹង​កញ្ចក់ ធ្វើ​ឲ្យ​វា​លែង​ស្អាត​ដូច​មុខ​ទៀត ប៉ុន្តែ អ្នក​ឯកទេស​ផ្នែក​ជើង​ក្រាន​កម្តៅ​ផ្ទះ បាន​ផ្តល់​ឲ្យ​នូវ​ដំណោះស្រាយ​ដ៏​ងាយ​ស្រួល​មួយ ដើម្បី​សម្អាត​កញ្ចក់​នោះ​ឲ្យ​ស្អាត​ដូច​ថ្មី។ ដំណោះ​ស្រាយ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ហើយ​សព្វ​ថ្ងៃនេះ​ ខ្ញុំ​ឈប់​ឲ្យ​ក្មេង​ៗ​យក​តុក្កតា មក​ដាក់​នៅ​ក្បែរ​ជើង​ក្រាន​កម្តៅ​ក្នុង​ផ្ទះ​ទៀត​ហើយ។

ខ្ញុំ​បាន​លើក​យក​ដំណោះ​ស្រាយ​នេះ​មក​និយាយ ព្រោះ​ជួន​កាល យើង​អាច​សង្កេត​ឃើញ​ថា ព្រះ​គម្ពីរ​ប្រជុំ​ទៅ​ដោយ​ដំណោះស្រាយ​ជា​ច្រើន ដែល​ជួយ​ឲ្យ​ជីវិត​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ជា​ការ​ពិត​ណាស់​ ព្រះ​គម្ពីរ​មាន​ខគម្ពីរ​ជា​ច្រើន ដែល​ចែង​អំពី​របៀប​រស់​នៅ ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ ប៉ុន្តែ ព្រះ​គម្ពីរ​មាន​គោល​បំណង​លើស​ពី​នេះ​ទៀត។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង នូវ​ដំណោះ​ស្រាយ​មួយ សម្រាប់​បំពេញ​តម្រូវ​ការ​ដែល​ធំ​បំផុត គឺ​ការ​ត្រូវ​ការ​ការ​សង្រ្គោះ​ឲ្យ​រួច​ពី​បាប និង​រួច​ពី​ការ​ដាច់ចេញ​ពី​ព្រះ​អស់​កល្ប​ជានិច្ច។

ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​សំខាន់​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​ពី​ព្រះ​បន្ទូល​សន្យា អំពី​សេចក្តី​សង្គ្រោះ​(ក្នុង​លោកុប្បត្តិ​ ៣:១៥) និងផ្លូវ​ទៅ​រក​ក្តី​សង្ឃឹម​ដ៏​ពិត នៃ​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី​(វិវរណៈ ២១:១-២)។ ក្នុង​រឿង​ទាំង​នេះ​មាន​ខ្លឹមសារ​រួម​មួយ​ គឺ​ថា ព្រះ​ជាម្ចាស់​មាន​ផែនការ​ដ៏​អស់​កល្ប ដើម្បី​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប និង​អនុញ្ញាត​យើង ឲ្យ​អរ​សប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ។ ក្នុង​រឿង​នីមួយ​ៗ និង​ក្នុង​ការ​បង្រៀន​ទាំង​អស់ អំពី​របៀប​រស់​នៅ ដែល​បាន​ចែង​ក្នុង​ព្រះ​គម្ពីរ ​គឺ​សុទ្ធ​តែ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​របស់​យើង។

ពេល​ដែល​យើង​បើក​ព្រះ​គម្ពីរ ដែល​ជា​សៀវភៅ​របស់​ព្រះ​ជា​ម្ចាស់ សូម​យើង​នឹក​ចាំ​ថា យើង​កំពុង​តែ​រក​មើល​ព្រះយេស៊ូវ និង​ការសង្រ្គោះ​ដែល​ទ្រង់​ប្រទាន ព្រម​ទាំង​របៀប​រស់​នៅ ជា​កូន​របស់​ទ្រង់។ ព្រះ​អង្គ​ប្រទាន​ដំណោះ​ស្រាយ​ដែល​ប្រសើរ​បំផុត។—DAVE BRANON