នៅក្នុងខ្សែភាពយន្តគំនូរជីវចលរបស់ឌីសនី មានចំណងជើងថា អ្នកជួយសង្រ្គោះនៅខាងក្រោម គ្រូពេទ្យបានប្រាប់សត្វបក្សីវីលប័រ(Wilbur) ថា “អ្នកត្រូវសម្រួលអារម្មណ៍” ខណៈពេលដែលគាត់ កំពុងតែព្យាយាមព្យាបាលរបួសរបស់អ្នកជម្ងឺដ៏ស្ទាក់ស្ទើរម្នាក់នេះ។ វីលប័រក៏បាននិយាយថា វាបានសម្រួលអារម្មណ៍ហើយ តែតាមពិតវាមិនបានសម្រួលអារម្មណ៍សោះ ខណៈពេលដែលវាមានការតក់ស្លត់កាន់តែខ្លាំង។ វាថា បើសម្រួលអារម្មណ៍ជាងនេះទៀត វានឹងស្លាប់មិនខាន។ វាហាក់ដូចជានិយាយត្រូវ ព្រោះគ្រូពេទ្យម្នាក់នេះបានប្រើវិធីព្យាបាលដែលគួរឲ្យសង្ស័យ ដូចជាការយករណាយន្ត មកធ្វើជាឧបករណ៍វះកាត់ជាដើម។ រឿងនេះជារឿងកំប្លែង តែវាបានឆ្លុះបញ្ចាំងអំពីអារម្មណ៍ដែលយើងមាន ពេលដែលយើងមានការតក់ស្លត់ ទោះបញ្ហាដែលយើងជួបប្រទះ ជាការគំរាមកំហែងដល់ជីវិតយើង ឬអត់ក៏ដោយ។
ពេលដែលយើងតក់ស្លត់ ការលើកទឹកចិត្តឲ្យសម្រួលអារម្មណ៍ ហាក់ដូចជាទង្វើរដែលគួរឲ្យអស់សំណើច។ ខ្ញុំដឹងថា ពេលដែលភាពភ័យរន្ធត់កំពុងតែជន់ជោរ នៅជុំវិញខ្លួនខ្ញុំ ហើយ “ចំណងនៃសេចក្តីស្លាប់”ដ៏ឈឺចាប់(ទំនុកដំកើង ១១៦:៣) បានធ្វើឲ្យខ្ញុំបុកពោះ ដោយសុភាវគតិរបស់ខ្ញុំបានព្យាយាមវាយបកទៅវិញ គឺមិនបានសម្រួលអារម្មណ៍ឡើយ។
ប៉ុន្តែ ជាញឹកញាប់ ការព្យាយាមវាយបកទៅវិញដោយចិត្តតក់ស្លត់ គ្រាន់តែបានធ្វើឲ្យខ្ញុំមានការថប់បារម្ភកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចរកធ្វើអ្វីកើត ដោយសារការភ័យខ្លាច។ ប៉ុន្តែ រឿងដ៏ភ្ញាក់ផ្អើលក៏បានកើតឡើង ពេលដែលខ្ញុំអនុញ្ញាតឲ្យខ្លួនឯងប្រឈមមុខនឹងការឈឺចាប់នោះ ហើយថ្វាយវាដាច់ដល់ព្រះជាម្ចាស់(ខ.៤) ទោះជាមានការស្ទាក់ស្ទើរខ្លះៗក៏ដោយ។ ភាពតានតឹងរបស់ខ្ញុំក៏បានថមថយ(ខ.៧) ហើយសន្តិភាព ឬសេចក្តីសុខសាន្តក៏បានច្រាលឡើងក្នុងចិត្តខ្ញុំ។
ហើយខណៈពេលដែលព្រះវត្តមានដ៏កម្សាន្តចិត្តរបស់ព្រះវិញ្ញាណបានហ៊ុមព័ទ្ធខ្ញុំ ខ្ញុំក៏មានការយល់ដឹងបន្ថែមទៀត អំពីសេចក្តីពិតនៃដំណឹងល្អ ដែលថា យើងប្រយុទ្ធបានល្អបំផុត ពេលដែលយើងចុះចូលនឹងព្រះហស្តដ៏មានចេស្តារបស់ព្រះជាម្ចាស់(១ពេត្រុស ៥:៦-៧)។—MONICA BRANDS