នៅ​ក្នុង​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​របស់​ឌីសនី មាន​ចំណង​ជើង​ថា អ្នក​ជួយ​សង្រ្គោះ​នៅ​ខាង​ក្រោម  គ្រូពេទ្យ​បាន​ប្រាប់​សត្វ​បក្សី​វីលប័រ(Wilbur) ថា “អ្នក​ត្រូវ​សម្រួល​អារម្មណ៍” ខណៈ​ពេល​ដែល​គាត់ កំពុង​តែ​ព្យាយាម​ព្យាបាល​របួស​របស់​អ្នក​ជម្ងឺ​ដ៏​ស្ទាក់​ស្ទើរ​ម្នាក់​នេះ។ វីលប័រ​ក៏​បាន​និយាយ​ថា វា​បាន​សម្រួល​អារម្មណ៍​ហើយ តែ​តាម​ពិត​វា​មិន​បាន​សម្រួល​អារម្មណ៍​សោះ ខណៈ​ពេលដែល​វា​មាន​ការ​តក់​ស្លត់​កាន់​តែ​ខ្លាំង។ វា​ថា បើ​សម្រួល​អារម្មណ៍​ជាង​នេះ​ទៀត វា​នឹង​ស្លាប់​មិន​ខាន។ វា​ហាក់​ដូច​ជា​និយាយ​ត្រូវ ព្រោះ​គ្រូពេទ្យ​ម្នាក់​នេះ​បាន​ប្រើ​វិធី​ព្យាបាល​ដែល​គួរ​ឲ្យ​សង្ស័យ ដូច​ជា​ការ​យក​រណា​យន្ត មក​ធ្វើ​ជា​ឧបករណ៍​វះ​កាត់​ជា​ដើម។ រឿង​នេះ​ជា​រឿង​កំប្លែង តែវា​បាន​ឆ្លុះ​បញ្ចាំង​អំពី​អារម្មណ៍​ដែល​យើង​មាន ពេល​ដែល​យើង​មាន​ការ​តក់​ស្លត់ ទោះ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​ ជា​ការ​គំរាម​កំហែង​ដល់​ជីវិត​យើង ឬ​អត់​ក៏​ដោយ។

ពេល​ដែល​យើង​តក់​ស្លត់ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សម្រួល​អារម្មណ៍ ហាក់​ដូច​ជា​ទង្វើរ​ដែល​គួរ​ឲ្យ​អស់​សំណើច។ ខ្ញុំ​ដឹង​ថា ពេល​ដែលភាព​ភ័យ​រន្ធត់​កំពុង​តែ​ជន់​ជោរ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ហើយ “ចំណង​នៃ​សេចក្តី​ស្លាប់”ដ៏​ឈឺ​ចាប់​(ទំនុកដំកើង ១១៦:៣) បាន​ធ្វើ​ឲ្យ​ខ្ញុំ​បុក​ពោះ ដោយ​សុភាវគតិ​របស់​ខ្ញុំ​បាន​ព្យាយាម​វាយ​បក​ទៅ​វិញ គឺ​មិន​បាន​សម្រួល​អារម្មណ៍​ឡើយ។

ប៉ុន្តែ ជា​ញឹក​ញាប់ ការ​ព្យាយាម​វាយ​បក​ទៅ​វិញ​ដោយ​ចិត្ត​តក់​ស្លត់ គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​រក​ធ្វើ​អ្វី​កើត ដោយសារ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ រឿង​ដ៏​ភ្ញាក់​ផ្អើល​ក៏​បាន​កើត​ឡើង ពេល​ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ប្រឈម​មុខនឹង​ការ​ឈឺ​ចាប់​នោះ ហើយ​ថ្វាយ​វា​ដាច់​ដល់​ព្រះ​ជា​ម្ចាស់​(ខ.៤)​ ទោះ​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ខ្លះ​ៗ​ក៏ដោយ។ ភាព​តាន​តឹង​របស់​ខ្ញុំក៏​បាន​ថម​ថយ​(ខ.៧) ហើយ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត​ក៏​បាន​ច្រាល​ឡើង​ក្នុង​ចិត្ត​ខ្ញុំ។​​

ហើយ​ខណៈ​ពេល​ដែល​ព្រះ​វត្ត​មាន​ដ៏​កម្សាន្ត​ចិត្ត​របស់​ព្រះ​វិញ្ញាណ​បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំ​ ខ្ញុំ​ក៏​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ដែល​ថា យើង​ប្រយុទ្ធ​បាន​ល្អ​បំផុត ពេល​ដែល​យើង​ចុះ​ចូល​នឹង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់​(១ពេត្រុស ៥:៦-៧)។—MONICA BRANDS