មានពេលមួយ ខ្ញុំបានទទួលការអញ្ជើញឲ្យជួបអ្នកលេងព្យាណូម្នាក់ ដែលមានឈ្មោះល្បីជាអន្តរជាតិ។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ដែលមានឱកាសជួបគាត់ ដោយសារខ្ញុំបានចម្រើនវ័យធំឡើង ដោយការប្រឡូកនៅក្នុងសិល្បៈតន្រ្តី ដែលមានការលេងវីយូឡុង និងព្យាណូ និងការប្រគំតន្រ្តីទោល ក្នុងកម្មវិធីព្រះវិហារ និងកម្មវិធីផ្សេងទៀត។
ពេលខ្ញុំបានមកដល់កន្លែងដែលខ្ញុំត្រូវជួបគ្នា ខ្ញុំក៏បានដឹងថា គាត់ចេះនិយាយភាសាអង់គ្លេសតែបន្តិចបន្តួចប៉ុណ្ណោះ ហើយខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគាត់ឲ្យវីយូឡុងធំមួយគ្រឿង ឲ្យខ្ញុំលេង។ វាជាឧបករណ៍តន្រ្តីដែលខ្ញុំមិនដែលបានប៉ះពីមុនមកសោះ។ គាត់បានទទូចឲ្យខ្ញុំលេងវា ហើយគាត់នឹងលេងព្យ៉ាណូអមជាមួយ។ ខ្ញុំក៏កូតវីយូឡុងធំនោះបានពីរបីណោត តាមគំរូនៃការលេងវីយូឡុងតូចដែលខ្ញុំបានហ្វឹកហាត់។ ទីបំផុត ខ្ញុំក៏បានដឹងថា ខ្ញុំបានលេងខុសភ្លេង ដោយយើងបែរជាលេងបទផ្សេងពីគ្នាទៅវិញ។
ខ្ញុំក៏បានភ្ញាក់ដឹងខ្លួន ហើយដឹងថា តាមពិតវាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារទំនុកភ្លេងនៅក្នុងការយល់សប្តិនោះត្រូវបានប្រគំយ៉ាងពិរោះ ខ្ញុំក៏បានគិតថា បើសិនជាខ្ញុំអាចច្រៀង នៅក្នុងការយល់សប្តិនោះវិញ មិនដឹងជាល្អយ៉ាងណាទេ។
ព្រះជាម្ចាស់បានឲ្យយើងមានឱកាសអភិវឌ្ឍន៍ទេពកោសល្យពីកំណើត និងអំណោយទានខាងវិញ្ញាណ ដើម្បីជាប្រយោជន៍ដល់គ្នាទៅវិញទៅមក(១កូរិនថូស ១២:៧)។ តាមរយៈការអានព្រះគម្ពីរ ដោយការអធិស្ឋាន និងការប្រឹក្សាយោបលពីអ្នកដទៃ យើងអាចមានការយល់ដឹងកាន់តែច្បាស់ អំពីអំណោយទានខាងវិញ្ញាណ ដែលយើងមានរៀងៗខ្លួន និងពិសេសខុសៗគ្នា។
សាវ័កប៉ុលបានរំឭកយើងថា ទោះយើងមានអំណោយទានខាងវិញាណមួយណាក៏ដោយ យើងត្រូវចំណាយពេលស្វែងរកវា ហើយប្រើវា ដោយដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានទំាងនោះរៀងៗខ្លួន តាមបំណងព្រះទ័យទ្រង់(ខ.១១)។
ចូរយើងប្រើ “សម្លេង” ដែលជាអំណោយមកពីព្រះវិញ្ញាណ ដើម្បីថ្វាយព្រះកិត្តនាមដល់ព្រះ និងបម្រើអ្នកជឿដទៃទៀត ក្នុងព្រះយេស៊ូវ។ EVAN MORGAN, guest author