លោក​ចេស អូវិន(Jesse Owens) ជា​កីឡាករ​រត់​ប្រណាំង​ដ៏​ល្បី​ល្បាញ ដែល​បាន​រស់​នៅ​ជា​បុរស​នៃ​សេចក្តី​ជំនឿ ដ៏​ក្លា​ហាន ដោយសារ​គាត់​បាន​ទទួល​ឥទ្ធិពល​ពី​ឪពុក​ម្តាយ​របស់​គាត់ ដែល​ជា​អ្នក​ជឿ​ដ៏​រឹង​មាំ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក កាល​ពី​ឆ្នាំ ១៩៣៦ លោក​អូវិន ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​មួយ​ចំនួន​តូច នៅ​ក្នុង​ក្រុម​កីឡាករ​អាមេរិក ហើយគាត់​បាន​ទទួល​មេដាយ​មាស​ចំនួន​៤ នៅ​ចំពោះ​មុខ​ពួក​ណាហ្ស៊ី​ដែល​ពេញ​ដោយ​​ក្តី​សម្អប់ និង​លោក​អ៊ីត្លែរ(Hitler) ដែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។ គាត់​ក៏​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ​ជា​មួយ​នឹង​កីឡាករ​អាឡឺម៉ង់​ម្នាក់ ឈ្មោះ លូហ្ស ឡង(Luz Long)។

នៅ​សម័យ​នោះ ជីវិត​របស់​លោក​លូហ្ស​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ការ​ឃោសនា​របស់​ពួក​ណាហ្ស៊ី ប៉ុន្តែ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ តាម​រយៈ​ការ​រស់​នៅ​ដ៏​សាមញ្ញ​របស់​លោក​អូវិន បាន​ជិះ​ឥទ្ធិ​ពល​មក​លើ​លោក​លូហ្ស។ ក្រោយ​មក លោក​ឡង​ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​អូវិន​ថា “នៅ​ម៉ោង ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​អ្នក​ជា​លើក​ទី​មួយ នៅ​ទីក្រុង​ប៊ែរឡាំង ពេល​ដែល​អ្នក​កំពុងតែ​លត់​ជង្គង់​នៅ​លើ​ដី ខ្ញុំ​ដឹង​ថា អ្នក​កំពុង​តែ​អធិស្ឋាន… ពេល​នោះ ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​ទទួល​ជឿ​ព្រះ​ដែរ”។

ទីបន្ទាល់​របស់​លោក​អូវិន​បាន​បង្ហាញ អំពី​របៀប​ដែល​គ្រីស្ទ​បរិស័ទ​អាច​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ឲ្យ “ស្អប់​ការ​អាក្រក់” ហើយ “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(រ៉ូម ១២:៩-១០)។ លោក​អូវិន​អាច​ឆ្លើយ​តប ចំពោះ​ការ​អាក្រក់​ដែល​នៅ​ជុំវិញខ្លួន​គាត់ ដោយ​ការ​ស្អប់ តែ​គាត់​បាន​ជ្រើស​រើស​ការ​រស់​នៅ ដោយ​ជំនឿ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​លោក​លូហ្ស ដែល​ក្រោយមក​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​គាត់ ហើយ​មាន​ចិត្ត​ចង់​ទទួល​ជឿ​ព្រះ។

ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​មាន “ការ​ខ្ជាប់​ខ្ជួន​ក្នុង​ការ​អធិស្ឋាន”(ខ.១២) ទ្រង់​ក៏​បាន​ចម្រើន​កម្លាំង​យើង ឲ្យ “រស់នៅដោយមាន​គំនិត​ដែល​ចុះ​សម្រុង​គ្នា”(ខ.១៦)។

ពេល​ដែល​យើង​ពឹង​ផ្អែក​លើ​ការ​អធិស្ឋាន យើង​អាច​ប្តេជ្ញា​ចិត្ត​ថា យើង​នឹង​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ក្នុង​ការ​រស់​នៅ​ដល់​អស់​អ្នក​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់។ ខណៈ​ពេល​ដែល​យើង​ស្រែក​រក​ព្រះ​ ទ្រង់​នឹងជួយ​បំផ្លាញ​រនាំង ហើយ​សង់​ស្ពាន​មេត្រី ជា​មួយ​អ្នក​ជិត​ខាង​របស់​យើង។—XOCHITL DIXON