មិត្តរួមថ្នាក់របស់ខ្ញុំម្នាក់បានឲ្យឆ្កែមួយក្បាល មកក្រុមគ្រួសារខ្ញុំ។ វាជាឆ្កែពូជរោមស្រម៉ូវ ដែលគេបានចុះឈ្មោះនៅកន្លែងចិញ្ចឹមសត្វ។ វាមានវ័យចាស់ណាស់ហើយ បានជាមិនអាចមានកូនបានទេ។ មិនយូរប៉ុន្មានយើងក៏បានដឹងថា ភាគច្រើននៃជីវិតរបស់សត្វឆ្កែដ៏ស្រស់ស្អាតមួយក្បាលនេះ គឺបានរស់នៅក្នុងទ្រុងតូចមួយយ៉ាងកំសត់។ វាចេះតែដើរជារង្វង់។ វាមិនអាចពាំ ឬរត់តាមខ្សែបន្ទាត់ត្រង់ឡើយ។ ហើយទោះយើងផ្តល់ឲ្យវានូវទីធ្លាដ៏ធំទូលាយ សម្រាប់ឲ្យវារត់លេងក្តី វានៅតែគិតថា វាកំពុងតែរស់នៅក្នុងទ្រុងដដែល។
នៅក្នុងពួកជំនុំដំបូង មានគ្រីស្ទបរិស័ទជាច្រើន ជាជនជាតិយូដា ដែលពីមុន ពួកគេធ្លាប់តែរស់នៅ ក្នុងការហ៊ុមព័ទ្ធ ដោយរបងនៃក្រឹត្យវិន័យរបស់លោកម៉ូសេ។ ក្រឹត្យវិន័យទាំងនោះល្អ ហើយជាការប្រទានមកពីព្រះជាម្ចាស់ ដើម្បីឲ្យពួកគេដឹងថា ខ្លួនជាមនុស្សមានបាប ហើយនាំពួកគេទៅរកព្រះយេស៊ូវ(កាឡាទី ៣:១៩-២៥) តែក្នុងគ្រាសញ្ញាថ្មី ពួកគេដល់ពេលដែលត្រូវរស់នៅ ដោយផ្អែកទៅលើព្រះគុណព្រះ និងសេរីភាពដែលព្រះគ្រីស្ទបានប្រទាន។ កាលនោះ ពួកគេមានការស្ទាក់ស្ទើរ។ ពួកគេត្រូវដឹងថា ព្រះគ្រីស្ទបានរំដោះពួកគេឲ្យមានសេរីភាព រួចពីក្រឹត្យវិន័យហើយ។
យើងប្រហែលជាមានបញ្ហាដូចពួកគេផងដែរ។ យើងប្រហែលជាបានចម្រើនវ័យធំឡើង នៅក្នុងកន្លែង ឬវប្បធម៌ដែលមានក្រឹត្យក្រមដ៏តឹងរឹង ដែលបានឃុំឃាំងយើង។ ពុំនោះទេ យើងប្រហែលជាបានរស់នៅ ក្នុងផ្ទះដែលយើងមានសេរីភាពពេញទី ដែលធ្វើឲ្យយើងស្រេកឃ្លានចង់បានសុវត្ថិភាព ដែលអាចរកបានពីការការពាររបស់ច្បាប់ ឬបទបញ្ជា។
ទោះយើងធ្លាប់រស់នៅកន្លែងដែលមានច្បាប់តឹងរឹង ឬនៅកន្លែងដែលយើងអាចធ្វើអ្វីៗដោយសេរីក្តី ពេលនេះជាពេលដែលយើងត្រូវឱបក្រសោបយកសេរីភាព ក្នុងព្រះគ្រីស្ទ(កាឡាទី ៥:១)។ ព្រះយេស៊ូវបានរំដោះយើង ឲ្យមានសេរីភាព ដើម្បីស្តាប់បង្គាប់ព្រះអង្គ ដោយសេចក្តីស្រឡាញ់(យ៉ូហាន ១៤:២១) ហើយ “បម្រើគ្នាទៅវិញទៅមក ដោយការបន្ទាបខ្លួន ក្នុងសេចក្តីស្រឡាញ់”(កាឡាទី ៥:១៣)។
ទ្រង់បានរំដោះយើងឲ្យរួចពីក្រឹត្យវិន័យ ដែលហ៊ុមព័ទ្ធយើង ដូចនេះ យើងត្រូវដឹងថា “បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត”(យ៉ូហាន ៨:៣៦)។—MIKE WITTMER