មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ម្នាក់​បាន​ឲ្យ​ឆ្កែ​មួយ​ក្បាល មក​ក្រុម​គ្រួសារ​ខ្ញុំ។ វា​ជា​ឆ្កែ​ពូជ​រោម​ស្រម៉ូវ ដែល​គេ​បាន​ចុះ​ឈ្មោះ​នៅ​កន្លែង​ចិញ្ចឹម​សត្វ។ វា​មាន​វ័យ​ចាស់​ណាស់​ហើយ បាន​ជា​មិន​អាច​មាន​កូន​បាន​ទេ។ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ដឹង​ថា ភាគ​ច្រើន​នៃ​ជីវិត​របស់សត្វ​ឆ្កែ​ដ៏​ស្រស់​ស្អាត​មួយ​ក្បាល​នេះ គឺ​បាន​រស់​នៅ​ក្នុង​ទ្រុង​តូច​មួយ​យ៉ាង​កំសត់។ វា​ចេះ​តែ​ដើរ​ជា​រង្វង់។ វា​មិន​អាច​ពាំ ឬ​រត់​តាមខ្សែ​បន្ទាត់​ត្រង់​ឡើយ។ ហើយ​ទោះ​យើង​ផ្តល់​ឲ្យ​វា​នូវ​ទីធ្លា​ដ៏​ធំ​ទូលាយ សម្រាប់​ឲ្យ​វា​រត់​លេង​ក្តី វា​នៅ​តែ​គិត​ថា វា​កំពុង​តែ​រស់​នៅក្នុង​ទ្រុង​ដដែល។

នៅ​ក្នុង​ពួក​ជំនុំ​ដំបូង មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន ជា​ជន​ជាតិ​យូដា ដែល​ពី​មុន ពួក​គេ​ធ្លាប់​តែ​រស់នៅ​ ក្នុង​ការ​ហ៊ុម​ព័ទ្ធ ដោយ​របង​នៃ​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។ ក្រឹត្យ​វិន័យ​ទាំង​នោះ​ល្អ ហើយ​ជា​ការ​ប្រទាន​មក​ពី​ព្រះ​ជា​ម្ចាស់ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា ខ្លួនជា​មនុស្ស​មាន​បាប ហើយ​នាំ​ពួក​គេ​ទៅ​រក​ព្រះ​យេស៊ូវ(កាឡាទី ៣:១៩-២៥) តែ​ក្នុង​គ្រា​សញ្ញាថ្មី ពួក​គេ​ដល់​ពេល​ដែល​ត្រូវ​រស់នៅ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​គុណ​ព្រះ និង​សេរីភាព​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន។ កាល​នោះ ពួក​គេ​មាន​ការ​ស្ទាក់​ស្ទើរ។ ពួកគេ​ត្រូវដឹង​ថា ព្រះ​គ្រីស្ទ​បាន​រំដោះ​ពួក​គេ​ឲ្យ​មាន​សេរីភាព រួច​ពី​ក្រឹត្យ​វិន័យ​ហើយ។

យើង​ប្រហែល​ជា​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ យើង​ប្រហែល​ជា​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​កន្លែង ឬ​វប្បធម៌​ដែល​មានក្រឹត្យ​ក្រម​ដ៏​តឹង​រឹង ដែល​បាន​ឃុំ​ឃាំង​យើង។  ​ពុំ​នោះ​ទេ យើង​ប្រហែល​ជា​បាន​រស់​នៅ ក្នុង​ផ្ទះ​ដែល​យើង​មាន​សេរីភាព​ពេញ​ទី ដែល​ធ្វើ​ឲ្យ​យើង​ស្រេក​ឃ្លាន​ចង់​បាន​សុវត្ថិ​ភាព ដែល​អាច​រក​បាន​ពី​ការ​ការពារ​របស់​ច្បាប់ ឬ​បទ​បញ្ជា។​

ទោះ​យើង​ធ្លាប់​រស់​នៅ​កន្លែង​ដែល​មាន​ច្បាប់​តឹង​រឹង ឬ​នៅ​កន្លែង​ដែល​យើង​អាច​ធ្វើ​អ្វី​ៗ​ដោយ​សេរី​ក្តី ពេល​នេះ​ជា​ពេល​ដែល​យើងត្រូវ​ឱប​ក្រសោប​យក​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ(កាឡាទី ៥:១)។ ព្រះ​យេស៊ូវ​បាន​រំដោះ​យើង ឲ្យ​មាន​សេរីភាព ដើម្បី​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់​(យ៉ូហាន ១៤:២១) ហើយ “បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(កាឡាទី ៥:១៣)។

ទ្រង់​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ក្រឹត្យវិន័យ ដែល​ហ៊ុម​ព័ទ្ធ​យើង ដូច​នេះ យើង​ត្រូវ​ដឹង​ថា​ “បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត”(យ៉ូហាន ៨:៣៦)។—MIKE WITTMER