កាល​ពី​ឆ្នាំ​១៩៥៧ អ្នក​ស្រី​មេលបា ផាទីលូ បៀលស៍(Melba Pattillo Beals) ត្រូវ​បាន​ជ្រើស​រើស ឲ្យ​ចូល​ក្នុង​ក្រុម “លីធលរ៉ក់ណាញ” ដែល​ជា​ក្រុម​សិស្ស​អាមេរិក​ស្បែក​ខ្មៅ​៩​នាក់​ដំបូង​គេ ដែល​គេ​ឲ្យ​ចូល​រៀន​ក្នុង​វិទ្យាល័យ​សេនទ្រល ដែល​ពី​មុន​មាន​តែ​សិស្សស្បែក​សរ​ប៉ុណ្ណោះ ដែល​អាច​ចូល​រៀន​បាន នៅ​ទី​ក្រុង​លីធលរ៉ក់ រដ្ឋ​អាខេនសាស់។ នៅ​ឆ្នាំ​២០១៨ គាត់​បាន​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ជីវ​ប្រវត្តិ ក្រោម​ចំណង​ជើង​ថា ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ : រឿង​របស់​ខ្ញុំ ស្តី​អំពី​ការ​កសាង​ក្តី​ជំនឿ នៅ​ក្រោម​ភ្លើង​ដែល​កំពុង​ឆេះ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​និយាយ​អំពី​ប្រវត្តិ​ដ៏​ជូរ​ចត់ ដែល​បាន​ជួប​រឿង​អយុត្តិធម៌ និង​ការ​បៀត​បៀន ដែលគាត់​បាន​អត់​ទ្រាំ ក្នុង​ការ​ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​ជា​សិស្ស​ដែល​មាន​អាយុ​១៥​ឆ្នាំ។​

ប៉ុន្តែ គាត់ក៏​បាន​សរសេរ​អំពី​ជំនឿ​ដ៏​ជ្រាល​ជ្រៅ ដែល​គាត់​មាន​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់។ ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត​បំផុត ពេល​ដែលការ​ភ័យ​ខ្លាច​ស្ទើរ​តែ​គ្រប​សង្កត់​គាត់​ជាប់ គាត់​បាន​សូត្រ​ខគម្ពីរ​មួយ​ចំនួន ដែល​គាត់​បាន​រៀន​ពី​ជីដូន​របស់​គាត់ កាល​ពី​ក្មេង។ ពេល​ដែល​គាត់​សូត្រ​ខគម្ពីរ​ទាំង​នោះ គាត់​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ព្រះ ដែល​គង់​នៅ​ជា​មួយ​នាង ហើយ​ខគម្ពីរ​នោះ​ក៏​បានជួយ​ឲ្យ​គាត់​មាន​ចិត្ត​ក្លា​ហាន នៅ​ក្នុង​ការ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក។

អ្នក​ស្រី​បៀល​បាន​សូត្រ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​២៣ ជា​ញឹក​ញាប់ ដោយ​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ការ​សារ​ភាព​ថា “ទោះ​បើ​ទូល​បង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ”(ខ.៤)។ ត្រចៀក​របស់​គាត់ នៅ​តែ​ចាំ​សម្លេង​លើក​ទឹក​ចិត្ត​របស់​ជី​ដូន​គាត់ ដែល​បាន​ធានា​គាត់​ថា “ព្រះ​ជា​ម្ចាស់គង់​នៅ​ជិត​បង្កើយ​ជា​និច្ច ហើយ​ចៅ​គ្រាន់​តែ​ស្រែក​រក​ព្រះ​អង្គ​ប៉ុណ្ណោះ”។

ទោះ​ស្ថាន​ភាព​របស់​យើង​ម្នាក់​ៗ អាច​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ក្តី យើង​សុទ្ធ​តែ​ត្រូវ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក និង​ស្ថាន​ភាព​ដែល​ពិបាក​ៗ ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច។ ស្ថិត​ក្នុង​ពេល​នោះ សូម​ឲ្យ​​អ្នក​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ក្នុង​សេចក្តី​ពិត ដែល​ថា ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។​—LISA SAMRA