រឿងនៃស្នាមរបួស
កាលពីក្មេង ជីដូនរបស់ខ្ញុំបានដាំផ្កាភែនស៊ី ដែលមានរូបរាងដូចមុខរបស់សត្វខ្លាឃ្មំភែនដា។ ខ្ញុំបានឃើញសត្វមេអំបៅហើរចេញចូល ក្នុងផ្កានោះ។ ខ្ញុំចង់ចាប់វាណាស់។ ខ្ញុំក៏បានប្រញាប់រត់ ពីទីធ្លាក្រោយផ្ទះ ចូលទៅក្នុងផ្ទះបាយ ហើយក៏បានចាប់កាន់ថូកញ្ចក់មួយ រួចប្រញាប់រត់មកវិញ ហើយក៏បានជំពប់ជើងដួលមួយទំហឹង នៅលើរានហាលដែលធ្វើពីបេតុង។ ថូនោះក៏បានបែក នៅក្រោមកដៃខ្ញុំ ហើយបន្សល់ទុកនូវស្នាមរយះដ៏អាក្រក់មួយ ដែលត្រូវដេរអស់១៨ថ្នេរ។ សព្វថ្ងៃនេះ ស្នាមសម្លាកដែលមានរូបរាងដូចសត្វដង្កូវបាក់ខ្នង បាននៅជាប់នឹងកដៃខ្ញុំ ជាការរំឭកអំពីរឿងស្នាមរបួស និងការប្រោសឲ្យជា។
ពេលដែលព្រះយេស៊ូវបង្ហាញអង្គទ្រង់ ឲ្យពួកសាវ័កឃើញ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានបង្ហាញស្នាមសម្លាករបស់ទ្រង់ផងដែរ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា លោកថូម៉ាសចង់ឃើញ “ស្នាមដែកគោល នៅព្រះហស្តទ្រង់” ហើយព្រះយេស៊ូវក៏បានប្រាប់គាត់ឲ្យ លូកម្រាមដៃគាត់ ស្ទាបមើលដៃទ្រង់ ហើយលូកដៃមកក្នុងចំហៀងទ្រង់(យ៉ូហាន ២០:២៥-២៧)។ ដើម្បីបង្ហាញពួកគេឲ្យដឹងថា ទ្រង់ជាព្រះយេស៊ូវដែលបានសុគត ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ដោយមានជាប់ស្នាមសម្លាក ដែលគេអាចមើលឃើញ គឺស្នាមសម្លាកដែលបន្សល់ទុកពីការរងទុក្ខវេទនារបស់ទ្រង់។
ស្នាមសម្លាករបស់ព្រះយេស៊ូវបង្ហាញថា ទ្រង់ជាព្រះអង្គសង្រ្គោះ និងប្រាប់យើង អំពីរឿងនៃសេចក្តីសង្រ្គោះរបស់យើង។ ស្នាមធ្លុះនៅលើព្រះហស្ត និងព្រះបាទទ្រង់ និងស្នាមចាក់នៅចំហៀងទ្រង់ បានបើកបង្ហាញនូវរឿងដ៏ឈឺចាប់ ដែលទ្រង់ទទួលរង អត់ទ្រាំ និងបានប្រោសឲ្យជាវិញ ដើម្បីយើងរាល់គ្នា។ ទ្រង់ធ្វើដូចនេះ ដើម្បីឲ្យយើងអាចផ្សះផ្សាទំនាក់ទំនង ឲ្យជានឹងទ្រង់ ហើយត្រូវបានស្តាឡើងទាំងស្រុង។
តើអ្នកធ្លាប់ពិចារណា អំពីរឿងដែលនិយាយអំពីស្នាមសម្លាករបស់ព្រះគ្រីស្ទឬទេ?—ELISA MORGAN
ពន្លឺក្នុងភាពងងឹត
នៅក្នុងសៀវភៅមានចំណងជើងថា ជំនាន់នៃគ្រួសារខ្ញុំ លោកបេ(Bae) បានពិពណ៌នា អំពីសេចក្តីស្មោះត្រង់របស់ព្រះ និងអំណាចនៃដំណឹងល្អ ដែលបានទម្លុះភាពងងឹត។ ជីតា ឪពុកម្តាយ និងក្រុមគ្រួសាររបស់គាត់ផ្ទាល់ បានទទួលរងការបៀតបៀន ដោយសារពួកគេបានផ្សព្វផ្សាយជំនឿលើព្រះគ្រីស្ទ។ ប៉ុន្តែ មានរឿងដែលគួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ពេលដែលលោកបេ ត្រូវគេចាប់ដាក់គុក ដោយសារគាត់បាននិយាយប្រាប់មិត្តភក្តិម្នាក់ អំពីព្រះ។ ពេលនោះ ជំនឿរបស់គាត់កាន់តែរឹងមាំឡើង។ រឿងនេះក៏បានកើតឡើងចំពោះឪពុកម្តាយរបស់គាត់ដែរ ពេលដែលគេកាត់ទោសពួកគាត់ ឲ្យជាប់ឃុំខ្លួននៅក្នុងជំរុំប្រមូលផ្តុំ។ ពេលនោះ ពួកគាត់បន្តផ្សាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ កាន់តែច្រើនជាងមុនទៀត នៅក្នុងកន្លែងឃុំខ្លួននោះ។ លោកបេបានជឿព្រះបន្ទូលសន្យាក្នុងបទគម្ពីរ យ៉ូហាន ១:៥ ដែលបានចែងថា “ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ”។
មុនពេលការចាប់ខ្លួន និងការសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ អំពីបញ្ហាដែលពួកគេនឹងជួបប្រទះ។ ពួកគេនឹងត្រូវគេបដិសេធ ព្រោះគេមិនបានស្គាល់ព្រះយេស៊ូវ ឬព្រះវរបិតាឡើយ(១៦:៣)។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលកម្សាន្តចិត្តថា “នៅលោកីយ៍នេះ អ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(ខ.៣៣)។
អ្នកជឿជាច្រើន មិនដែលបានជួបការបៀតបៀន ក្នុងកំរិតដែលក្រុមគ្រួសាររបស់លោកបេបានទទួលរងឡើយ តែយើងអាចរំពឹងថា យើងនឹងជួបបញ្ហា ដោយសារយើងជាអ្នកជឿព្រះយេស៊ូវ។ យើងមិនចាំបាច់ត្រូវបាក់ទឹកចិត្ត ឬមានកំហឹងនោះឡើយ។ យើងមានព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវបានចាត់ឲ្យយាងចុះមក តាមការសន្យារបស់ទ្រង់។ យើងអាចងាកទៅរកទ្រង់…
សេចក្តីសុខដែលបានបាត់បង់
អំពើបាបបានឆក់យកសេចក្តីសុខចេញពីមនុស្ស ហើយបានធ្វើឲ្យអំណោយដ៏ល្អនេះ បាត់បង់លក្ខណៈដើម។ អំពើបាបបាននាំឲ្យមនុស្សជាច្រើនជួបបញ្ហាផ្លូវភេទ ដោយមិនបានយល់បំណងព្រះទ័យព្រះ។ ក្នុងកូនសៀវភៅនេះ យើងនឹងបានសិក្សាបទគម្ពីរលោកុប្បត្តិជំពូក៣ ដើម្បីស្វែងយល់អំពីគោលបំណងរបស់ព្រះជាម្ចាស់ នៅក្នុងការបង្កើតមនុស្សឲ្យមានប្រុសមានស្រី។ ព្រះអង្គបានបង្កើតយើងមកឲ្យមានភេទខុសគ្នា មិនគ្រាន់តែដើម្បីប្រយោជន៍របស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គផងដែរ។
ផ្លូវដែលមិនធ្លាប់ធ្វើដំណើរ
មានគេសួរខ្ញុំថា តើខ្ញុំមានផែនការសម្រាប់រយៈពេល៥ឆ្នាំទេ? តើធ្វើដូចម្តេចឲ្យខ្ញុំអាចមានផែនការប្រាំឆ្នំា ដោយងាយៗ ដោយធ្វើដំណើរតាមផ្លូវដែលខ្ញុំមិនធ្លាប់ធ្វើដំណើរ?
ខ្ញុំក៏បានគិតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ដែលកាលនោះ ខ្ញុំកំពុងធ្វើការឈោងចាប់និស្សិត នៅសកលវិទ្យាល័យស្ទេនហ្វ៊ត។ កាលនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានជ្រើសរើសមុខជំនាញផ្នែកកាយវប្បកម្ម ហើយមានការសប្បាយច្រើន ប៉ុន្តែ ខ្ញុំមិនមានប្រវត្តិជាអ្នករៀនបានជ្រៅជ្រះនោះទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានចំណុចខ្វះខាតទាំងស្រុង សម្រាប់មុខតំណែងថ្មីរបស់ខ្ញុំ។ ភាគច្រើន ខ្ញុំដើរចុះឡើងៗនៅក្នុងទីធ្លាសាលា ដូចមនុស្សខ្វាក់ដែលដើររាវ នៅក្នុងភាពងងឹត ហើយបានទូលសូមព្រះទ្រង់បង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំត្រូវធ្វើអ្វីខ្លះ។ ថ្ងៃមួយ មាននិស្សិតម្នាក់បានមកជួបខ្ញុំ ដោយមិនបានឲ្យដំណឹងជាមុន ហើយក៏បានសុំឲ្យខ្ញុំដឹកនាំការសិក្សាព្រះគម្ពីរ នៅក្នុងសមាគមន៍បុរសរបស់គាត់។ ដំណើរបេសកកម្មរបស់ខ្ញុំក៏បានចាប់ផ្តើម។
ព្រះជាម្ចាស់មិនឈរនៅផ្លូវប្រសប់ ហើយចង្អុលបង្ហាញផ្លូវនោះឡើយ ព្រោះទ្រង់ជាអ្នកនាំផ្លូវយើង មិនមែនជាផ្លាកសញ្ញាប្រាប់ផ្លូវនោះទេ។ ទ្រង់យាងទៅជាមួយយើង ដោយដឹកនាំយើងទៅតាមផ្លូវ ដែលយើងមិនធ្លាប់ស្គាល់។ អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវដើរទន្ទឹមនឹងទ្រង់។
ផ្លូវនោះមិនស្រួលធ្វើដំណើរទេ។ វានឹងមានការរលាក់។ ប៉ុន្តែ ព្រះទ្រង់បានសន្យាថា ទ្រង់នឹងកែប្រែភាពងងឹត ឲ្យក្លាយជាពន្លឺ ហើយ “នឹងមិនបោះបង់យើងចោល” ឡើយ(អេសាយ ៤២:១៦)។ ទ្រង់នឹងយាងទៅនៅជាមួយយើង ចាប់ពីដើមទី រហូតដល់ចប់។
សាវ័កប៉ុលមានប្រសាសន៍ថា ព្រះទ្រង់ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ៣:២០)។ យើងអាចរៀបផែនការ និងមានចក្ខុវិស័យ ប៉ុន្តែ ការរៀបចំរបស់ព្រះអម្ចាស់…
ដើរដូចអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ
អេមា(Emma) ជាយុវតីអាយុ១៨ឆ្នាំ ដែលបានជជែកអំពីព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ នៅលើបណ្តាញសង្គម ទោះគេបានរិះគន់នាង ដោយសារនាងមានក្តីអំណរ និងសេចក្តីស្រឡាញ់ដ៏ឆេះឆួល ចំពោះព្រះគ្រីស្ទក៏ដោយ។ អ្នកខ្លះបានវាយប្រហារនាង ដោយទិទៀនរូបសម្រស់របស់នាង។ អ្នកខ្លះទៀតនិយាយថា នាងខ្វះបញ្ញា ដោយសារនាងមានចិត្តប្តូរផ្តាច់ចំពោះព្រះ។ ពាក្យសម្តីដ៏សាហាវទាំងនោះ បានចាក់ចូលជ្រៅទៅក្នុងចិត្តរបស់អេម៉ា តែនាងនៅតែបន្តផ្សាយដំណឹងល្អ ដោយជំនឿ និងសេចក្តីស្រឡាញ់ដ៏ក្លាហាន សម្រាប់ព្រះយេស៊ូវ និងអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល នាងត្រូវបានល្បួងឲ្យជឿថា អត្តសញ្ញាណ និងតម្លៃរបស់នាង ត្រូវបានកំណត់ដោយការរិះគន់របស់អ្នកដទៃ។ ពេលដែលនាងមានអារម្មណ៍បែបនេះ នាងក៏បានទូលសូមជំនួយមកពីព្រះ ដោយអធិស្ឋានឲ្យអ្នកដែលបានបៀតបៀននាង និងជញ្ជឹងគិតព្រះបន្ទូល ក្នុងព្រះគម្ពីរ និងអត់ទ្រាំដោយសេចក្តីក្លាហាន និងទំនុកចិត្ត ដែលព្រះវិញ្ញាណបានបណ្តាលឡើង ក្នុងចិត្តនាង។
លោកគេឌានបានជួបការធ្វើទុក្ខបុកម្នេញដ៏សាហាវ ពីសាសន៍មីឌាន(ពួកចៅហ្វាយ ៦:១-១០)។ ព្រះទ្រង់បានហៅគាត់ថា “អ្នកក្លាហានដ៏ពូកែ” តែគាត់នៅតែមានការសង្ស័យ ការផ្តោតទៅលើចំណុចខ្វះខាតរបស់ខ្លួនឯង និងខ្លាចគ្រោះថ្នាក់(ខ.១១-១៥)។ គាត់បានទូលសួរព្រះអម្ចាស់ម្តងហើយម្តងទៀត អំពីព្រះវត្តមានរបស់ទ្រង់ និងលក្ខណៈសម្បត្តិរបស់គាត់ ប៉ុន្តែ ទីបំផុត គាត់ក៏បានចុះចូលចំពោះទ្រង់ ដោយជំនឿ។
ពេលណាយើងទុកចិត្តព្រះ យើងអាចរស់នៅ ដោយជឿជាក់ថា អ្វីដែលទ្រង់បានមានបន្ទូលអំពីយើង គឺសុទ្ធតែជាការពិត។ ការបៀតបៀននាំឲ្យយើងមានការសង្ស័យ អំពីអត្តសញ្ញាណរបស់យើង ប៉ុន្តែ ស្ថិតក្នុងពេលនោះ…
ក្រុមការងារនៅតាមផ្លូវ
មានពេលមួយ មន្ត្រីសុខាភិបាលរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនអនាថា ដែលកំពុងញៀនថ្នាំ។ កម្មវិធីនេះបានចាប់ផ្តើម ដើម្បីឆ្លើយតប ចំពោះកំណើននៃជនអនាថាដែលបានចាក់ថ្នាំញៀន។ តាមធម្មតា វេជ្ជបណ្ឌិតរង់ចាំអ្នកជម្ងឺមកគ្លីនិក ដើម្បីទទួលការព្យាបាល។ ប៉ុន្តែ ពេលដែលគេនាំការព្យាបាល ទៅរកអ្នកជម្ងឺ នោះអ្នកជម្ងឺមិនចាំបាច់ត្រូវជម្នះការលំបាកនៅក្នុងការធ្វើដំណើរ ឬមិនពិបាកភ្លេចការណាត់ជួបឡើយ។
មន្រ្តីសុខាភិបាល ដែលបានស្ម័គ្រចិត្តទៅរកមនុស្សដែលត្រូវការការព្យាបាលយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះយេស៊ូវយាងមករកយើង នៅពេលដែលយើងត្រូវការជំនួយពីទ្រង់។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់នៅលើផែនដី ទ្រង់បានស្វែងរកមនុស្ស ដែលអ្នកដឹកនាំសាសនាបានរើសអើង។ ពួកគេបានរិះគន់ទ្រង់ថា ទ្រង់បានសោយអាហារជាមួយមនុស្សមានបាប និងអ្នកយកពន្ធ(ខ.១៦)។ ពេលគេសួរទ្រង់ថា ហេតុអ្វីទ្រង់ធ្វើដូចនេះ ទ្រង់ក៏បានឆ្លើយថា “ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ”(ខ.១៧) ។ ទ្រង់ក៏បានមានបន្ទូលទៀតថា ទ្រង់មិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យមានការប្រកបទាក់ទងជាមួយទ្រង់។
ពេលដែលយើងដឹងថា យើងរាល់គ្នាសុទ្ធតែ “ឈឺ” ហើយត្រូវការគ្រូពេទ្យ(រ៉ូម ៣:១០) នោះយើងអាចសរសើរ និងអរព្រះគុណព្រះយេស៊ូវ សម្រាប់ការដែលទ្រង់បានសព្វព្រះទ័យនឹងបរិភោគអាហារជាមួយ “មនុស្សមានបាប និងអ្នកយកពន្ធ” ដូចយើងរាល់គ្នា។ បន្ទាប់ពីយើងបានទទួលការសង្រ្គោះពីទ្រង់ហើយ ទ្រង់បានចាត់យើងឲ្យចេញទៅធ្វើការជាក្រុមនៅតាមដងផ្លូវទំាងឡាយ ដើម្បីនាំព្រះរាជសារនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ទៅរកអ្នកដែលត្រូវការជំនួយពីទ្រង់។—KIRSTEN HOLMBERG
លូតលាស់ដោយសារព្រះគុណព្រះ
អស់រយៈពេលជិត៤ទសវត្សរ៍ មានបុរសម្នាក់ នៅប្រទេសឥណ្ឌាបានខិតខំធ្វើការ ដើម្បីកែប្រែដីដែលក្រៀមក្រោះ សំបូរទៅដោយខ្សាច់ គ្មានជីជាតិ ឲ្យក្លាយជាដីដែលមានជីវិត។ គាត់បានសង្កេតឃើញថា ការហូរច្រោះដី និងការផ្លាស់ប្តូរនៃប្រព័ន្ធជីវចម្រុះ បានបំផ្លាញកោះដែលគាត់ស្រឡាញ់ ដែលមានទីតាំងនៅកណ្តាលទន្លេ។ គាត់ក៏បានចាប់ផ្តើមដាំឈើម្តងមួយដើមៗ ដោយដាំដើមឫស្សី រួចដាំដើមកប្បាស់។ សព្វថ្ងៃនេះ ព្រៃឈើខៀវស្រងាត់ ដែលមានសត្វព្រៃរស់នៅជាបរិបូរបានកើតមានឡើងវិញ នៅលើផ្ទៃដីជាង៥រយហិចតា នៅលើកោះរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នេះបដិសេធថា ការចាប់កំណើតជាថ្មីនេះ មិនមែនដោយសារគាត់នោះទេ។ គាត់បានទទួលស្គាល់ថា ពិភពធម្មជាតិត្រូវបានរៀបចំមក ឲ្យមានដំណើរការយ៉ាងរៀបរយ ដែលក្នុងនោះ គាត់បានស្ងើចសរសើរចំពោះរបៀបដែលគ្រាប់ពូជត្រូវបានខ្យល់បក់នាំទៅរកដីដែលមានជីជាតិ។ ពួកបក្សី និងសត្វដទៃទៀតក៏បានចូលរួម នៅក្នុងការសាបព្រោះគ្រាប់ពូជទាំងនោះផងដែរ ហើយទន្លេក៏បានរួមចំណែក នៅក្នុងការជួយរុក្ខជាតិ និងដើមឈើទាំងនោះ ឲ្យលូតលាស់បានល្អ។
ព្រះទ្រង់បានរចនា និងបង្កើតរបស់សព្វសារពើ តាមរបៀបដែលយើងមិនអាចយល់ ឬគ្រប់គ្រងបាន។ តាមបន្ទូលរបស់ព្រះយេស៊ូវ គោលការណ៍នេះ ក៏ប្រើសម្រាប់នគរព្រះផងដែរ។ ព្រះយេស៊ូវមានបន្ទូលថា “នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ”(ម៉ាកុស ៤:២៦-២៧)។ ព្រះជាម្ចាស់បាននាំមកនូវជីវិត និងការប្រោសឲ្យជា ដល់លោកិយ ធ្វើជាអំណោយដ៏បរិសុទ្ធ ដោយគ្មានការគ្រប់គ្រងរបស់យើងឡើយ។ យើងធ្វើអ្វីដែលព្រះទ្រង់បង្គាប់ឲ្យយើងធ្វើ ហើយបន្ទាប់មក យើងឃើញជីវិតលេចឡើង។ យើងដឹងថា អ្វីៗទាំងអស់ហូរចេញពីព្រះគុណរបស់ទ្រង់។
យើងងាយនឹងគិតថា…
ការរួបរួមជាធ្លុងមួយ
មិត្តភក្តិរបស់ខ្ញុំម្នាក់ បានឲ្យដើមផ្កាមួយដើម សម្រាប់ដាំលម្អរក្នុងផ្ទះ។ គាត់មានដើមផ្កានោះជាង៤០ឆ្នាំមកហើយ។ រុក្ខជាតិនោះមានកម្ពស់ស្មើមួយជំហរខ្លួនខ្ញុំ ហើយវាមានស្លឹកធំៗ នៅលើមែកតួចៗបីដើម ដែលមានរាងមូលទ្រវែង។ យូរៗទៅ ទម្ងន់របស់ស្លឹកទាំងនោះ ក៏បានធ្វើឲ្យមែកទាំងបី កោងចុះក្រោមទៅរកកម្រាលឥដ្ឋ។ ដើម្បីតម្រង់មែកទាំងនោះ ខ្ញុំបានដាក់កំណល់ពីក្រោមផើងផ្កានោះ ហើយយកវាទៅដាក់នៅក្បែរបង្អួច ដើម្បីឲ្យពន្លឺអាចនាំស្លឹកបែរទៅលើ ហើយជួយកែតម្រង់ឥរិយាបថដ៏អាក្រក់របស់វា។
បន្ទាប់ពីខ្ញុំបានទទួលដើមផ្កានេះ មិនទាន់បានយូរប៉ុន្មានផង ខ្ញុំក៏បានឃើញដើមផ្កាមួយទៀត ដូចដើមផ្កានេះដែរ នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ក្រុមហ៊ុនក្នុងតំបន់មួយ។ វាបានលូតលាស់ ដោយមានមែកតូចៗវែងៗបីដើម ប៉ុន្តែ គេបានចងពួកវាផ្អោបគ្នា ដើម្បីបង្កើតជាដើមមួយ ដែលធំ និងរឹងមាំជាងមុន។ ដើមនេះក៏បានឈរត្រង់ទៅលើ ដោយខ្លួនឯងបាន។
មនុស្សពីរនាក់អាចរស់នៅជាមួយគ្នា ក្នុងផ្ទះតែមួយ អស់ជាច្រើនឆ្នាំ តែចិត្តរបស់ពួកគេឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំង ហើយក៏បានទទួលផលប្រយោជន៍កាន់តែតិចតួចពីទំនាក់ទំនង ដែលព្រះទ្រង់សព្វព្រះទ័យឲ្យអរសប្បាយ។ តែពេលដែលជីវិតរបស់ពួកគេបានចងភ្ជាប់គ្នា ជាមួយព្រះ នោះពួកគេក៏មានភាពនឹងនរ និងជិតស្និតកាន់តែខ្លាំង។ ទំនាក់ទំនងរបស់ពួកគេនឹងមានភាពរឹងមាំកាន់តែខ្លាំង។ ដូចមានសេចក្តីចែងថា “ពួរ៣ធ្លុងមិនងាយដាច់ទេ”(សាស្តា ៤:១២)។
ទំនាក់ទំនងប្តីប្រពន្ធ និងមិត្តភាពត្រូវការការថែទាំ គឺមិនខុសពីដើមផ្កាសម្រាប់ដាំលម្អក្នុងផ្ទះនោះទេ។ ការថែទាំទំនាក់ទំនងទាំងនេះ គឺរាប់បញ្ចូលការរួបរួមគ្នាខាងវិញ្ញាណ ដើម្បីឲ្យព្រះទ្រង់គង់នៅចំណុចកណ្តាល នៃចំណងទំនាក់ទំនងដ៏សំខាន់នីមួយៗ។ ទ្រង់ជាប្រភពដែលមិនចេះរីងស្ងួតនៃសេចក្តីស្រឡាញ់ និងព្រះគុណ ដែលជាអ្វីដែលយើងត្រូវការបំផុត ដើម្បីឲ្យយើងនៅតែបន្តរួបរួម ដោយអំណរជាមួយគ្នា។—JENNIFER BENSON SCHULDT
ការប៉ះតែបន្តិច
មានពេលមួយ ខូលីន(Colin) និងក្រុមដ៏តូចរបស់គាត់ បានត្រៀមខ្លួន ដើម្បីធ្វើការងារមនុស្សធម៌ ក្នុងតំបន់ដែលគេល្បីថា ប្រឆាំងនឹងអ្នកជឿព្រះយេស៊ូវ។ ពេលនោះ ភាពតានតឹងរបស់គាត់ក៏បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង។ ពេលដែលគាត់ចែកចាយអំពីការព្រួយបារម្ភរបស់គាត់ទៅដល់មិត្តរួមក្រុមម្នាក់ មិត្តរួមក្រុមនោះក៏បានដាក់ដៃនៅលើស្មាគាត់ ហើយក៏បានចែកចាយពាក្យលើកទឹកចិត្តពីរបីម៉ាត់ដល់គាត់។ វាគ្រាន់តែជាការប៉ះស្មាបន្តិចប៉ុណ្ណោះ តែវាបាននាំឲ្យមានការផ្លាស់ប្តូរគ្រប់យ៉ាង សម្រាប់ខូលីន។ ខូលីនក៏បាននឹកចាំថា ការប៉ះស្មាតែបន្តិចនោះគឺជាចំណុចរបត់នៃជីវិតគាត់ ជាការរំឭកដ៏មានអំណាចថា ព្រះទ្រង់គង់នៅជាមួយគាត់ ដែលនោះជាសេចក្តីពិតដ៏សាមញ្ញ។
លោកយ៉ូហានជាមិត្តជិតស្និទ្ធ និងជាសាវ័ករបស់ព្រះយេស៊ូវ ហើយដោយសារគាត់ផ្សាយដំណឹងល្អ នោះគេក៏បាននិរទេសគាត់ឲ្យទៅនៅកោះប៉ាត់ម៉ុស ជាកន្លែងដែលពិបាករស់នៅ ។ នៅទីនោះគាត់ក៏បានឮ “សម្លេងបន្លឺឡើង ដូចជាសូរត្រែ”(វិវរណៈ ១:១០)។ បន្ទាប់មក គាត់ក៏បានទទួលការបើកសម្តែង ឲ្យឃើញព្រះអម្ចាស់យេស៊ូវ ហើយគាត់ក៏បានក្រាបចុះនៅទៀបព្រះបាទទ្រង់ ដូចជាស្លាប់។ ប៉ុន្តែ ក្នុងពេលភ័យខ្លាចនោះ គាត់ក៏បានទទួលការកម្សាន្តចិត្ត និងការលើកទឹកចិត្ត។ គាត់ក៏បានសរសេរថា “ទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង”(ខ.១៧)។
ព្រះជាម្ចាស់យកយើងចេញពីកន្លែងស្រណុកស្រួល ដើម្បីបង្ហាញឲ្យយើងស្គាល់ការថ្មីៗ ដើម្បីលត់ដំយើង និងជួយយើងឲ្យមានការលូតលាស់។ ប៉ុន្តែ ទ្រង់ក៏បានប្រទានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ឲ្យយើងអាចឆ្លងកាត់ស្ថានភាពនីមួយៗ។ ទ្រង់នឹងមិនទុកយើង ឲ្យនៅម្នាក់ឯង នៅក្នុងទុក្ខលំបាកនោះឡើយ។ ទ្រង់គ្រប់គ្រងអ្វីៗទាំងអស់។ ទ្រង់បានឃុំគ្រងយើងនៅក្នុងព្រះហស្តទ្រង់។ —TIM GUSTAFSON
ពាក្យសម្តីដែលគ្រោះថ្នាក់ដូចគ្រាប់កាំភ្លើង
បទចម្រៀងមានចំណងជើងថា “នេះគឺជាខ្ញុំ” ជាបទចម្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់ ដែលគេបានចាក់នៅក្នុងខ្សែភាពយន្តដ៏ល្បីមួយ ដែលមានចំណងជើងថា អ្នកសម្តែងដ៏អស្ចារ្យបំផុត ។ រឿងនេះត្រូវបានគេផលិត ដោយផ្អែកទៅលើជីវិតពិតរបស់លោកភី ធី បានុម(P.T. Barnum) និងក្រុមសៀកចល័តរបស់គាត់។ ទំនុកច្រៀងរបស់បទចម្រៀងនេះ ត្រូវបានយកមកច្រៀង ដោយតួរអង្គនៅក្នុងខ្សែភាពយន្តនេះ ដែលបានជួបការវាយប្រហារដោយពាក្យសម្តី និងពាក្យចម្អកឡកឡឺយ ដោយសារពួកគេមិនបានត្រាប់តាមសង្គម។ ទំនុកច្រៀងនោះបានរៀបរាប់ថា ពាក្យសម្តីអាចគ្រោះថ្នាក់ដូចគ្រាប់កំាភ្លើង និងកាំបិតដែលបំផ្លាញជីវិត ដោយបន្សល់ទុកនូវស្នាមសម្លាក។
ដោយសារបទចម្រៀងនេះមានភាពពេញនិយម នោះមនុស្សជាច្រើនមានរបួស ដោយសារពាក្យសម្តីដែលគ្រោះថ្នាក់ដូចអាវុធ ហើយវាជារបួសដែលមានពិតមែន ទោះគេមើលវាមិនឃើញក៏ដោយ។
លោកយ៉ាកុបបានដឹងអំពីគ្រោះថ្នាក់នៃពាក្យសម្តីរបស់យើង ដែលនាំឲ្យមានការខូចខាត ដែលមានរយៈពេលយូរ បានជាគាត់មានប្រសាសន៍ថា អណ្តាត “ជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់” (យ៉ាកុប ៣:៨)។ លោកយ៉ាកុបបានធ្វើការប្រៀបធៀបដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដើម្បីឲ្យអ្នកជឿទាំងឡាយទទួលស្គាល់ថា ពាក្យសម្តីរបស់ពួកគេ ពិតជាមានអំណាចដ៏លើសលប់។ ជាងនេះទៅទៀត គាត់បាននិយាយសង្កត់ធ្ងន់ អំពីអណ្តាតដែលសរសើរដំកើងព្រះមិនទាន់បានយូរប៉ុន្មានផង ក៏បានងាកមកពោលពាក្យដែលនាំឲ្យមានរបួសដល់អ្នកដែលព្រះទ្រង់បានបង្កើត ឲ្យមានរូបភាពដូចទ្រង់(ខ.៩-១០)។
បទចម្រៀងក្នុងខ្សែភាពយន្តនោះ ក៏បានឆ្លុះបញ្ចាំងអំពីគ្រោះថ្នាក់នៃការវាយប្រហារដោយពាក្យសម្តី ដោយលើកឡើងថា យើងរាល់គ្នាសុទ្ធតែមានតម្លៃ គឺដូចដែលព្រះគម្ពីរបានបញ្ជាក់រួចហើយ។ ព្រះគម្ពីរលើកឡើងអំពីភាពថ្លៃថ្នូរ និងសម្រស់របស់ជីវិតមនុស្សម្នាក់ៗ មិនមែនដោយសាររូបភាពនៅសម្បកក្រៅ ឬដោយសារការអ្វីដែលយើងបានធ្វើនោះទេ តែគឺដោយសារយើងម្នាក់ៗ សុទ្ធតែត្រូវបានព្រះទ្រង់រចនាមក ឲ្យមានភាពស្រស់ស្អាត និងតម្លៃ ជាស្នាព្រះហស្តដ៏ល្អឯករបស់ទ្រង់(ទំនុកដំកើង…