កាលពីឆ្នាំ១៩៥៧ អ្នកស្រីមេលបា ផាទីលូ បៀលស៍(Melba Pattillo Beals) ត្រូវបានជ្រើសរើស ឲ្យចូលក្នុងក្រុម “លីធលរ៉ក់ណាញ” ដែលជាក្រុមសិស្សអាមេរិកស្បែកខ្មៅ៩នាក់ដំបូងគេ ដែលគេឲ្យចូលរៀនក្នុងវិទ្យាល័យសេនទ្រល ដែលពីមុនមានតែសិស្សស្បែកសរប៉ុណ្ណោះ ដែលអាចចូលរៀនបាន នៅទីក្រុងលីធលរ៉ក់ រដ្ឋអាខេនសាស់។ នៅឆ្នាំ២០១៨ គាត់បានបោះពុម្ភផ្សាយសៀវភៅជីវប្រវត្តិ ក្រោមចំណងជើងថា ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ : រឿងរបស់ខ្ញុំ ស្តីអំពីការកសាងក្តីជំនឿ នៅក្រោមភ្លើងដែលកំពុងឆេះ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីប្រវត្តិដ៏ជូរចត់ ដែលបានជួបរឿងអយុត្តិធម៌ និងការបៀតបៀន ដែលគាត់បានអត់ទ្រាំ ក្នុងការប្រឈមមុខជារៀងរាល់ថ្ងៃ ក្នុងនាមជាសិស្សដែលមានអាយុ១៥ឆ្នាំ។
ប៉ុន្តែ គាត់ក៏បានសរសេរអំពីជំនឿដ៏ជ្រាលជ្រៅ ដែលគាត់មានមានចំពោះព្រះជាម្ចាស់។ ក្នុងពេលដ៏ខ្មៅងងឹតបំផុត ពេលដែលការភ័យខ្លាចស្ទើរតែគ្របសង្កត់គាត់ជាប់ គាត់បានសូត្រខគម្ពីរមួយចំនួន ដែលគាត់បានរៀនពីជីដូនរបស់គាត់ កាលពីក្មេង។ ពេលដែលគាត់សូត្រខគម្ពីរទាំងនោះ គាត់ក៏បាននឹកចាំ អំពីព្រះវត្តមានព្រះ ដែលគង់នៅជាមួយនាង ហើយខគម្ពីរនោះក៏បានជួយឲ្យគាត់មានចិត្តក្លាហាន នៅក្នុងការអត់ទ្រាំនឹងទុក្ខលំបាក។
អ្នកស្រីបៀលបានសូត្របទគម្ពីរទំនុកដំកើង ជំពូក២៣ ជាញឹកញាប់ ដោយរកឃើញការកម្សាន្តចិត្ត នៅក្នុងការសារភាពថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ”(ខ.៤)។ ត្រចៀករបស់គាត់ នៅតែចាំសម្លេងលើកទឹកចិត្តរបស់ជីដូនគាត់ ដែលបានធានាគាត់ថា “ព្រះជាម្ចាស់គង់នៅជិតបង្កើយជានិច្ច ហើយចៅគ្រាន់តែស្រែករកព្រះអង្គប៉ុណ្ណោះ”។
ទោះស្ថានភាពរបស់យើងម្នាក់ៗ អាចមានភាពខុសប្លែកពីគ្នាក្តី យើងសុទ្ធតែត្រូវអត់ទ្រាំនឹងទុក្ខលំបាក និងស្ថានភាពដែលពិបាកៗ ដែលងាយនឹងធ្វើឲ្យយើងមានការភ័យខ្លាច។ ស្ថិតក្នុងពេលនោះ សូមឲ្យអ្នករកឃើញការកម្សាន្តចិត្ត ក្នុងសេចក្តីពិត ដែលថា ព្រះវត្តមានដ៏មានអំណាចរបស់ទ្រង់ តែងតែគង់នៅជាមួយយើងជានិច្ច។—LISA SAMRA