ក្នុង​សៀវភៅ​ដែល​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​និពន្ធ មាន​ចំណង​ជើង​ថា ភាព​ភ្ញាក់​ផ្អើល ដោយ​សារ​ក្តី​អំណរ គាត់​បាន​សារ​ភាព​ថា គាត់​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ កាល​គាត់​មាន​អាយុ​៣៣​ឆ្នាំ ដោយ​ចិត្ត​ដែល​មានៈ ប្រឆាំង និង​ល្វីង​ជូរ​ចត់ ហើយ​ភ្នែក​គាត់​តែង​តែ​បាញ់​ទៅ​រក​ផ្លូវ​សម្រាប់​រត់​គេច”។ លោក​លូអ៊ីស​មាន​ការ​ប្រឆាំង​នឹង​ព្រះ និង​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន ហើយ​ក៏​ជួប​ឧបស័គ្គ​ជា​ច្រើន​នៅ​ក្នុង​ជំនឿ តែ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ នៅ​តែ​អាច​កែ​ប្រែ​ជីវិត​គាត់ ឲ្យ​ក្លាយ​ជា​អ្នក​ការពារ​សេចក្តី​ជំនឿ​ ដោយ​ចិត្ត​ក្លាហាន និង​ដោយ​ភាព​ប៉ិន​ប្រសប់។ លោក​លូអ៊ីស​បាន​ប្រកាស់ អំពី​សេច​ក្តី​ពិត និងសេចក្តី​ស្រឡាញ់​របស់​ព្រះ តាម​រយៈ​ការ​និពន្ធ​អត្ថ​បទ និង​រឿង​ប្រលោម​លោក​ដ៏​មាន​អំណាច ដែល​គេ​នៅ​តែ​បន្ត​អាន សិក្សា និងចែក​រំលែក បន្ទាប់​ពី​គាត់​បាន​លា​ចាក​លោក ជាង​៥៥​ឆ្នាំ​មក​ហើយ។ ទី​បន្ទាល់​នៃ​ជីវិត​របស់​គាត់​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​របស់​គាត់ ដែល​ជឿ​ថា មនុស្ស​ម្នាក់​ៗ​នៅ​តែ​អាច​កំណត់​គោល​ដៅ ឬ​មាន​ក្តី​ស្រមៃ​ថ្មី​មួយ សម្រាប់​ជីវិត ទោះ​ពួក​គេ​មាន​វ័យ​ចាស់​យ៉ាងណា​ក៏​ដោយ។

កាល​ណា​យើង​ធ្វើ​ផែន​ការ ហើយ​ដេញ​តាម​ក្តី​ស្រមៃ​របស់​យើង ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់​យើង ហើយ​ប្រទាន​កម្លាំង ឲ្យ​យើង​អាច​ទុក​ដាក់​ការ​ទាំង​អស់​ដែល​យើង​ធ្វើ ដាច់​ដល់​ព្រះ​អង្គ(សុភាសិត ១៦:១-៣)។ យើង​អាច​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អាទិករ​ដ៏​មាន​គ្រប់​ចេស្តា​នៃ​យើង ដែល​ទ្រង់​ធ្វើ​ការ​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​របស់​វា​(ខ.៤)។ សូម​ឲ្យ​សកម្ម​ភាព ពាក្យ​សម្តី និង​គំនិត​របស់​យើង​ទាំង​អស់ បង្ហាញ​ចេញ​នូវ​ការ​ថ្វាយ​បង្គំ​អស់​ពី​ចិត្ត ដែល​ជា​ដង្វាយ​ដ៏​គាប់ព្រះ​ទ័យ​ទ្រង់ ខណៈ​ពេល​ដែល​ទ្រង់​ថែរក្សា​យើង​(ខ.៧)។

សមត្ថ​ភាព​យើង​មាន​កំណត់ យើង​មាន​ភាព​មិន​ច្បាស់​លាស់ ឬ​មាន​ទំនោរ​ទៅ​រក​ក្តី​ស្រមៃ​តូច​ៗ តែ​កត្តា​ទាំង​នេះ នៅ​តែ​មិន​អាច​កំណត់​សមត្ថភាព​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។ កាល​ណា​យើង​សម្រេច​ចិត្ត​រស់​នៅ​ថ្វាយ​ទ្រង់ ដោយ​ប្តូរ​ផ្តាច់ និង​ពឹង​ផ្អែក​លើទ្រង់ ទ្រង់​នឹង​សម្រេច​ផែន​ការ​ដែល​ទ្រង់​មាន​សម្រាប់​យើង។ ការ​អ្វី​ក៏​ដោយ​ដែល​យើង​ធ្វើ គឺ​យើង​អាច​ធ្វើ​ជា​មួយ​ព្រះ​អង្គ សម្រាប់ព្រះ​អង្គ និង​ដោយ​សារ​ព្រះ​អង្គ​តែ​មួយ​ប៉ុណ្ណោះ។ —XOCHITL DIXON