ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C. S. Lewis) បាននិពន្ធ មានចំណងជើងថា ភាពភ្ញាក់ផ្អើល ដោយសារក្តីអំណរ គាត់បានសារភាពថា គាត់បានទទួលជឿព្រះគ្រីស្ទ កាលគាត់មានអាយុ៣៣ឆ្នាំ ដោយចិត្តដែលមានៈ ប្រឆាំង និងល្វីងជូរចត់ ហើយភ្នែកគាត់តែងតែបាញ់ទៅរកផ្លូវសម្រាប់រត់គេច”។ លោកលូអ៊ីសមានការប្រឆាំងនឹងព្រះ និងមានចំណុចខ្វះខាតជាច្រើន ហើយក៏ជួបឧបស័គ្គជាច្រើននៅក្នុងជំនឿ តែសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅតែអាចកែប្រែជីវិតគាត់ ឲ្យក្លាយជាអ្នកការពារសេចក្តីជំនឿ ដោយចិត្តក្លាហាន និងដោយភាពប៉ិនប្រសប់។ លោកលូអ៊ីសបានប្រកាស់ អំពីសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការនិពន្ធអត្ថបទ និងរឿងប្រលោមលោកដ៏មានអំណាច ដែលគេនៅតែបន្តអាន សិក្សា និងចែករំលែក បន្ទាប់ពីគាត់បានលាចាកលោក ជាង៥៥ឆ្នាំមកហើយ។ ទីបន្ទាល់នៃជីវិតរបស់គាត់បានឆ្លុះបញ្ចាំងអំពីជំនឿរបស់គាត់ ដែលជឿថា មនុស្សម្នាក់ៗនៅតែអាចកំណត់គោលដៅ ឬមានក្តីស្រមៃថ្មីមួយ សម្រាប់ជីវិត ទោះពួកគេមានវ័យចាស់យ៉ាងណាក៏ដោយ។
កាលណាយើងធ្វើផែនការ ហើយដេញតាមក្តីស្រមៃរបស់យើង ចូរយើងអនុញ្ញាតឲ្យព្រះជាម្ចាស់បន្សុទ្ធចិត្ត និងគំនិតរបស់យើង ហើយប្រទានកម្លាំង ឲ្យយើងអាចទុកដាក់ការទាំងអស់ដែលយើងធ្វើ ដាច់ដល់ព្រះអង្គ(សុភាសិត ១៦:១-៣)។ យើងអាចរស់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះអាទិករដ៏មានគ្រប់ចេស្តានៃយើង ដែលទ្រង់ធ្វើការទាំងអស់ ឲ្យសមនឹងប្រយោជន៍របស់វា(ខ.៤)។ សូមឲ្យសកម្មភាព ពាក្យសម្តី និងគំនិតរបស់យើងទាំងអស់ បង្ហាញចេញនូវការថ្វាយបង្គំអស់ពីចិត្ត ដែលជាដង្វាយដ៏គាប់ព្រះទ័យទ្រង់ ខណៈពេលដែលទ្រង់ថែរក្សាយើង(ខ.៧)។
សមត្ថភាពយើងមានកំណត់ យើងមានភាពមិនច្បាស់លាស់ ឬមានទំនោរទៅរកក្តីស្រមៃតូចៗ តែកត្តាទាំងនេះ នៅតែមិនអាចកំណត់សមត្ថភាពរបស់ព្រះជាម្ចាស់បានឡើយ។ កាលណាយើងសម្រេចចិត្តរស់នៅថ្វាយទ្រង់ ដោយប្តូរផ្តាច់ និងពឹងផ្អែកលើទ្រង់ ទ្រង់នឹងសម្រេចផែនការដែលទ្រង់មានសម្រាប់យើង។ ការអ្វីក៏ដោយដែលយើងធ្វើ គឺយើងអាចធ្វើជាមួយព្រះអង្គ សម្រាប់ព្រះអង្គ និងដោយសារព្រះអង្គតែមួយប៉ុណ្ណោះ។ —XOCHITL DIXON