ខ្សែភាពយន្ត ដែលមានចំណងជើងថា លោកប៉ុល ជាសាវ័ករបស់ព្រះគ្រីស្ទ បានឆ្លុះបញ្ចំាងស៊ីជម្រៅ អំពីការបៀតបៀនគ្រីស្ទបរិស័ទ ក្នុងសម័យពួកជំនុំដំបូង។ ក្នុងខ្សែភាពយន្តនេះ សូម្បីតែតួរអង្គបន្ទាប់បន្សំក៏បានបង្ហាញផងដែរថា ការដើរតាមព្រះយេស៊ូវមានគ្រោះថ្នាក់ប៉ុណ្ណា។ ពួកគេបានទទួលរងការវាយដំ និងការបៀតបៀនជាច្រើនទៀត នៅក្នុងវគ្គមួយចំនួន ក្នុងខ្សែភាពយន្តនេះ។
ជាញឹកញាប់ យើងជួបផលវិបាកដ៏ធ្ងន់ធ្ងរ ពេលដែលគេដឹងថា យើងជាអ្នកដើរតាមព្រះយេស៊ូវ។ ហើយនៅតាមតំបន់ជាច្រើន ក្នុងពិភពលោកនេះ ការដើរតាមព្រះយេស៊ូវ នៅតែមានគ្រោះថ្នាក់។ មនុស្សជាច្រើនក្នុងពួកជំនុំសព្វថ្ងៃ អាចប្រាប់យើង អំពីប្រភេទនៃការបៀតបៀនដែលពួកគេបានជួបប្រទះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមយើង អ្នកខ្លះមានការខឹងសម្បាភ្លាមៗ ពេលដែលគេចម្អកឲ្យសេចក្តីជំនឿរបស់ខ្លួន ពុំនោះទេ យើងសង្ស័យថា គេប្រហែលជាមិនដំឡើងតំណែង ឬប្រាក់ខែឲ្យយើង ដោយសារតែជំនឿរបស់យើងជាដើម។
ជាការពិតណាស់ ការលះបង់ឋានៈក្នុងសង្គម និងការលះបង់ជីវិតរបស់យើង មានភាពខុសគ្នាខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ជានិច្ចជាកាល ប្រយោជន៍ផ្ទាល់ខ្លួន ស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងការទទួលស្គាល់ក្នុងសង្គម គឺជាកត្តាជំរុញចិត្តដ៏ខ្លាំងក្លា សម្រាប់មនុស្សជាទូទៅ។ ក្នុងចំណោមអ្នកជឿព្រះយេស៊ូវ នៅសម័យដើមដំបូងបំផុត មានមនុស្សមួយចំនួន ដែលមានបញ្ហានេះ។ កណ្ឌគម្ពីរដំណឹងល្អយ៉ូហានបានប្រាប់យើងថា រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ជនជាតិអ៊ីស្រាអែលជាច្រើន នៅតែបដិសេធទ្រង់(យ៉ូហាន ១២:៣៧) តែក្នុងចំណោមពួកអ្នកដឹកនាំ មានមនុស្សជាច្រើនបានទទួលជឿទ្រង់(ខ.៤២)។ ទោះជាយ៉ាងណាក៏ដោយ “គេមិនហ៊ានប្រាប់ដល់អ្នកណាសោះថា ពួកគេបានទទួលជឿទ្រង់ … ព្រោះ គេចូលចិត្តនឹងសេចក្តីសរសើររបស់មនុស្ស ជាជាងសេចក្តីសរសើររបស់ព្រះ”(ខ.៤២-៤៣)។
សព្វថ្ងៃនេះ យើងនៅតែទទួលរងសម្ពាធសង្គម(និងអ្វីដែលអាក្រក់ជាងនេះទៀត) ដែលធ្វើឲ្យយើងមិនចង់បង្ហាញឲ្យគេដឹងថា យើងជាអ្នកជឿព្រះគ្រីស្ទ។ ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ ចូរយើងឈរឲ្យមាំមួនទំាងអស់គ្នា ក្នុងនាមជាអ្នកដែលស្វែងរកការទទួលស្គាល់ពីព្រះជាម្ចាស់ ជាជាងស្វែងរកការសរសើរពីមនុស្ស។—TIM GUSTAFSON