អាលី(Ali) គឺជាក្មេងជំទង់ដែលមានរូបសម្រស់ល្អ ឆ្លាត ហើយមានដុងពីកំណើត ហើយឪពុកម្តាយរបស់នាង ក៏ជាមនុស្សដែលមានក្តីស្រឡាញ់។ ប៉ុន្តែ បន្ទាប់ពីនាងបានរៀនចប់ថ្នាក់វិទ្យាល័យ មានអ្វីមួយជំរុញនាងឲ្យសាកល្បងគ្រឿងញៀនហេរ៉ូអ៊ិន។ ឪពុកម្តាយរបស់នាងក៏បានសង្កេតឃើញនាងមានការប្រែប្រួល ហើយបានបញ្ជូននាង ទៅមជ្ឈមណ្ឌលនីតិសម្បទា បន្ទាប់ពីនាងបានទទួលស្គាល់ផលប៉ះពាល់ ដែលគ្រឿងញៀនមានមកលើនាង។ បន្ទាប់ពីនាងបានទទួលការព្យាបាលហើយ គេក៏បានសួរនាងថា តើនាងនឹងនិយាយប្រាប់មិត្តភក្តិរបស់នាងយ៉ាងដូចម្តេចខ្លះ អំពីការសាកល្បងគ្រឿងញៀន។ នាងក៏បានឲ្យយោបល់ថា “ចូរគេចចេញ ហើយរត់ទៅឲ្យឆ្ងាយពីវា”។ នាងបានជំរុញថា “បើគ្រាន់តែនិយាយថា ទេ គឺមិនទាន់គ្រប់គ្រាន់ទេ”។
គួរឲ្យស្តាយណាស់ អាលីក៏បានវិលត្រឡប់មករកការញៀនថ្នាំវិញ ហើយក៏បានបាត់បង់ជីវិត ក្នុងវ័យ២២ឆ្នាំ ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្នុងគោលបំណង ដើម្បីរារាំងអ្នកដទៃកុំឲ្យមានវាសនាដូចនាង ឪពុកម្តាយរបស់នាងដែលកំពុងតែមានចិត្តខ្ទេចខ្ទំា ក៏បានបង្ហាញមុខ នៅក្នុងកម្មវិធីពត៌មានក្នុងតំបន់ ដើម្បីលើកទឹកចិត្តអ្នកស្តាប់ទាំងឡាយ ឲ្យ “រត់គេច ដើម្បីអាលី” ដោយនៅឲ្យឆ្ងាយពីស្ថានភាព ដែលអាចទាញនាំពួកគេឲ្យជួបគ្រឿងញៀន និងគ្រោះថ្នាក់ដទៃទៀត។
សាវ័កប៉ុលបានជំរុញកូនខាងវិញ្ញាណរបស់គាត់ គឺលោកធីម៉ូថេ(និងយើងរាល់គ្នា) ឲ្យរត់ចេញពីការអាក្រក់(២ធីម៉ូថេ ២:២២) ហើយសាវ័កពេត្រុសក៏បានដាស់តឿនផងដែរថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។
ក្នុងចំណោមយើងរាល់គ្នា គ្មាននរណាម្នាក់ដែលមានភាពស៊ាំនឹងការល្បួងឡើយ។ ហើយជាញឹកញាប់ ការល្អបំផុតដែលយើងត្រូវធ្វើ គឺត្រូវគេចឲ្យផុតពីកន្លែង ឬស្ថានភាព ដែលនាំឲ្យយើងជួបការល្បួង ទោះពួកគេមិនតែងតែអាចជៀសវាងក៏ដោយ។ ប៉ុន្តែ យើងអាចត្រៀមខ្លួនឲ្យបានល្អជាងមុន ដើម្បីជម្នះការល្បួង ដោយមានជំនឿរឹងមាំ ក្នុងព្រះ និងឈរឲ្យជាប់ក្នុងព្រះបន្ទូល ហើយចម្រើនកម្លាំង តាមរយៈការអធិស្ឋាន។ កាលណាយើងមានជំនឿមាំមួន យើងនឹងដឹងថា ពេលណាយើងត្រូវងាកបែរ និងរត់ទៅរកព្រះអង្គ។—ALYSON KIEDA