ក្នុងនាមខ្ញុំជាអ្នកនិពន្ធវ័យក្មេង ជាញឹកញាប់ ខ្ញុំបានធ្វើការធានា ចំពោះខ្លួនឯង ពេលដែលខ្ញុំកំពុងចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ។ ខ្ញុំមើលទៅជុំវិញខ្លួនខ្ញុំ ឃើញសុទ្ធតែយក្សនៅពេញក្នុងបន្ទប់ គឺអ្នកដែលបានទទួលការបណ្តុះបណ្តាលជាផ្លូវការ និងមានបទពិសោធន៍ច្រើនឆ្នាំ។ កាលនោះ ខ្ញុំមិនបានទទួលការបណ្តុះបណ្តាលជាផ្លូវការ ហើយក៏មិនមានបទពិសោធន៍ច្រើនដែរ។ ប៉ុន្តែ អ្វីដែលខ្ញុំមាននោះ គឺត្រចៀក ដែលស៊ាំនឹងភាសា និងតុង ព្រមទាំងការលើកដាក់សម្លេង តាមព្រះគម្ពីរប៊ីប បកប្រែសម័យ King James។ វាជាគ្រឿងសឹកដ៏ល្អណាស់ ដែលខ្ញុំធ្លាប់តែប្រើ ហើយវាបានជួយដល់រចនាបថនៃការនិពន្ធរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអំណរ និងជួយអ្នកដទៃឲ្យមានក្តីសង្ឃឹមផងដែរ។
យើងប្រហែលជាមិនបានដឹងទេថា ដាវីឌ ដែលជាអ្នកគង្វាលវ័យក្មេង មានការពិបាកយ៉ាងណា ពេលដែលគេឲ្យគាត់ប្រើអាវក្រោះរបស់ស្តេចសូល ដើម្បីប្រយុទ្ធនឹងកូលីយ៉ាត(១សាំយ៉ូអែល ១៧:៣៨-៣៩)។ អាវក្រោះនោះ ធ្វើឲ្យគាត់មិនអាចចូលប្រយុទ្ធបាន ព្រោះវាធំពេក។ ដាវីឌក៏បានដឹងថា អាវក្រោះរបស់មនុស្សម្នាក់ អាចធ្វើជាគុកសម្រាប់មនុស្សម្នាក់ទៀត បានជាគាត់ទូលស្តេចសូលថា “ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ”(ខ.៣៩)។ ដូចនេះ គាត់ក៏បានទុកចិត្តអ្វីដែលគាត់ដឹង។ ព្រះទ្រង់បានរៀបចំខ្លួនគាត់ សម្រាប់ពេលនោះឯង ដោយប្រទានអ្វីដែលគាត់ត្រូវការ(ខ.៣៤-៣៥)។ ដាវីឌធ្លាប់តែប្រើខ្សែដង្ហក់ និងគ្រាប់គ្រួស ធ្វើជាគ្រឿងសឹករបស់គាត់ ហើយព្រះជាម្ចាស់ក៏បានប្រើគ្រឿងសឹកនោះ ដើម្បីនាំក្តីអំណរ ដល់ជួរទ័ពរបស់ពួកអ៊ីស្រាអែលនៅសម័យនោះ។
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនដឹងច្បាស់អំពីខ្លួនឯង ដោយគិតថា បើសិនជាខ្ញុំមានអ្វី ដែលអ្នកដទៃមាន នោះជីវិតខ្ញុំនឹងមានការផ្លាស់ប្តូរខុសពីនេះ? សូមពិចារណា អំពីអំណោយ និងបទពិសោធន៍ដែលព្រះបានប្រទានដល់អ្នក យ៉ាងជាក់លាក់។ ចូរទុកចិត្តលើគ្រឿងសឹក ដែលព្រះជាម្ចាស់បានប្រទានអ្នកចុះ។—JOHN BLASÉ