មាន​រឿង​មួយ​ដំណាល​ថា កាល​ពី​ឆ្នាំ ១៧៦៣ អ្នក​បម្រើ​ព្រះ​វ័យ​ក្មេង​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ នៅ​លើ​ជ្រោះ​មួយ ក្នុង​ខេត្ត​សូមើសេត ប្រទេស​អង់គ្លេស។ គាត់​ក៏​បាន​ប្រញាប់​ចូល​ទៅ​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​រត់​គេច​ពី​ផ្លេក​បន្ទោរ និង​ភ្លៀងដែល​កំពុង​ធ្លាក់​ជោគ​ជាំ។​ ពេល​ដែល​គាត់​មើល​ពី​លើ​ជ្រោះ​នោះ ឃើញ​ជ្រលង​ភ្នំ​សេដា ជច នៅ​ក្បែរ​ភូមិ​សេដា គាត់​ក៏បាន​ជញ្ជឹង​គិត​អំពី​អំណោយ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ដោយ​ឲ្យ​គាត់​រក​ឃើញ​ជម្រក និង​សន្តិ​ភាព​ក្នុង​ទ្រង់។ គាត់​ក៏បាន​រង់​ចំា​នៅ​ទីនោះ ដោយ​ចាប់​ផ្តើម​និពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​មាន​ចំណង​ជើង​ថា “ព្រះ​យេស៊ូវ​ទ្រង់​ប្រោស​យើង​ហើយ”(បទ​ទំនុក​ដំកើង លេខ១២) ដោយ​សរសេរ​នៅ​ឃ្លា​ខាង​ដើម​ថា “ព្រះ​យេស៊ូវ​ទ្រង់​ប្រោស​លោះ​យើងហើយ សូម​ជ្រក​នៅ​ទ្រង់ ឥត​ឃ្លាត​ឡើយ”។

អ្នក​បម្រើ​វ័យ​ក្មេង​នោះ មាន​ឈ្មោះ​ថា អូគូសទ័ស ថូផ្លាឌី(Augustus Toplady)។ យើង​មិន​ដឹង​ថា ពេល​ដែល​គាត់​បាន​និពន្ធ​ចម្រៀង​ទំនុក​ដំកើង​នេះ គាត់​បាន​គិត​អំពី​រឿង​ដែល​លោក​ម៉ូសេ​បាន​ជួប នៅ​ក្នុង​រូង​ភ្នំ ឬ​យ៉ាង​ណា​ទេ(និក្ខមនំ ៣៣:២២) ប៉ុន្តែ គាត់​ប្រហែល​ជា​បាន​គិត​អំពី។ កណ្ឌ​គម្ពីរ​និក្ខមនំ​បាន​ចែង​អំពី​ការ​ដែល​លោក​ម៉ូសេ​ស្វែង​រក​ការ​ធានា និង​ការ​ឆ្លើយ​តប​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​រូង​ភ្នំ។ ពេល​ដែល​លោក​ម៉ូសេ​ទូល​សូម​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​សិរីល្អរបស់​ទ្រង់ ឲ្យ​គាត់​បាន​ឃើញ ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ព្រះ​ទ័យ​សណ្តោស​ថា មនុស្ស​ដែល​បាន​ឃើញ​ទ្រង់ នឹង​ត្រូវ​ស្លាប់​មិន​ខាន(ខ.២០)។ ទ្រង់​ក៏​បាន​​ដាក់​គាត់​នៅ​ក្នុង​ក្រហែង​ថ្ម​មួយ រួច​ទ្រង់​ក៏​បាន​យាង​កាត់​ពី​មុខ​គាត់  ហើយ​គាត់​មើល​ឃើញ​តែ​ខ្នង​ទ្រង់​ប៉ុណ្ណោះ។ ពេល​នោះ លោក​ម៉ូសេ​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​គាត់។

យើង​ក៏​អាច​ទុក​ចិត្ត​ផង​ដែរ​ថា យើង​អាច​រក​ឃើញ​ការ​ជ្រក​កោន​នៅ​ក្នុង​ទ្រង់ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ថា​ ព្រះ​វត្ត​មាន​ទ្រង់ នឹង​យាង​ទៅ​ជា​មួយ​គាត់​ជា​និច្ច​(ខ.១៤)។​ យើង​ប្រហែល​ជា​ជួប​ខ្យល់​ព្យុះ​ជា​ច្រើន ក្នុង​ជីវិត​យើង ដូច​លោក​ម៉ូសេ និង​ជន​ជាតិ​អង់​គ្លេស ដែល​ជា​អ្នក​បម្រើ​ព្រះ​ នៅ​ក្នុង​រឿង​នោះ ប៉ុន្តែ ពេល​ដែល​យើង​ស្រែក​រក​ទ្រង់ ទ្រង់​នឹង​ប្រទាន​សេចក្តី​សុខ​សាន្ត​នៃ​ព្រះ​វត្ត​មាន​ទ្រង់។—AMY BOUCHER PYE