មានរឿងមួយដំណាលថា កាលពីឆ្នាំ ១៧៦៣ អ្នកបម្រើព្រះវ័យក្មេងម្នាក់ បានធ្វើដំណើរតាមផ្លូវ នៅលើជ្រោះមួយ ក្នុងខេត្តសូមើសេត ប្រទេសអង់គ្លេស។ គាត់ក៏បានប្រញាប់ចូលទៅក្នុងរូងភ្នំមួយ ដើម្បីរត់គេចពីផ្លេកបន្ទោរ និងភ្លៀងដែលកំពុងធ្លាក់ជោគជាំ។ ពេលដែលគាត់មើលពីលើជ្រោះនោះ ឃើញជ្រលងភ្នំសេដា ជច នៅក្បែរភូមិសេដា គាត់ក៏បានជញ្ជឹងគិតអំពីអំណោយដែលព្រះទ្រង់បានប្រទាន ដោយឲ្យគាត់រកឃើញជម្រក និងសន្តិភាពក្នុងទ្រង់។ គាត់ក៏បានរង់ចំានៅទីនោះ ដោយចាប់ផ្តើមនិពន្ធបទចម្រៀងទំនុកដំកើង ដែលមានចំណងជើងថា “ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ”(បទទំនុកដំកើង លេខ១២) ដោយសរសេរនៅឃ្លាខាងដើមថា “ព្រះយេស៊ូវទ្រង់ប្រោសលោះយើងហើយ សូមជ្រកនៅទ្រង់ ឥតឃ្លាតឡើយ”។
អ្នកបម្រើវ័យក្មេងនោះ មានឈ្មោះថា អូគូសទ័ស ថូផ្លាឌី(Augustus Toplady)។ យើងមិនដឹងថា ពេលដែលគាត់បាននិពន្ធចម្រៀងទំនុកដំកើងនេះ គាត់បានគិតអំពីរឿងដែលលោកម៉ូសេបានជួប នៅក្នុងរូងភ្នំ ឬយ៉ាងណាទេ(និក្ខមនំ ៣៣:២២) ប៉ុន្តែ គាត់ប្រហែលជាបានគិតអំពី។ កណ្ឌគម្ពីរនិក្ខមនំបានចែងអំពីការដែលលោកម៉ូសេស្វែងរកការធានា និងការឆ្លើយតបរបស់ព្រះជាម្ចាស់ នៅក្នុងរូងភ្នំ។ ពេលដែលលោកម៉ូសេទូលសូមព្រះជាម្ចាស់បើកបង្ហាញសិរីល្អរបស់ទ្រង់ ឲ្យគាត់បានឃើញ ទ្រង់ក៏បានឆ្លើយតប ដោយព្រះទ័យសណ្តោសថា មនុស្សដែលបានឃើញទ្រង់ នឹងត្រូវស្លាប់មិនខាន(ខ.២០)។ ទ្រង់ក៏បានដាក់គាត់នៅក្នុងក្រហែងថ្មមួយ រួចទ្រង់ក៏បានយាងកាត់ពីមុខគាត់ ហើយគាត់មើលឃើញតែខ្នងទ្រង់ប៉ុណ្ណោះ។ ពេលនោះ លោកម៉ូសេក៏បានដឹងថា ព្រះជាម្ចាស់គង់នៅជាមួយគាត់។
យើងក៏អាចទុកចិត្តផងដែរថា យើងអាចរកឃើញការជ្រកកោននៅក្នុងទ្រង់ គឺដូចដែលទ្រង់បានមានបន្ទូលមកលោកម៉ូសេថា ព្រះវត្តមានទ្រង់ នឹងយាងទៅជាមួយគាត់ជានិច្ច(ខ.១៤)។ យើងប្រហែលជាជួបខ្យល់ព្យុះជាច្រើន ក្នុងជីវិតយើង ដូចលោកម៉ូសេ និងជនជាតិអង់គ្លេស ដែលជាអ្នកបម្រើព្រះ នៅក្នុងរឿងនោះ ប៉ុន្តែ ពេលដែលយើងស្រែករកទ្រង់ ទ្រង់នឹងប្រទានសេចក្តីសុខសាន្តនៃព្រះវត្តមានទ្រង់។—AMY BOUCHER PYE