កាល​ពី​ពេល​ថ្មី​ៗ​នេះ ឪពុក​ក្មេក​ខ្ញុំ បាន​ចូល​ដល់​វ័យ​៧៨​ឆ្នំា ហើយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​ជុំ​គ្នា​ជា​គ្រួសារ ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់ គ្នា​យើង​ម្នាក់​ក៏​បាន​សួរ​គាត់​ថា តើ​មាន​រឿង​អ្វី​ដែល​សំខាន់​បំផុត ដែល​គាត់​បាន​រៀន ក្នុង​ជីវិត​គាត់ រហូត​មក​ដល់​ពេល​នេះ? គាត់​ក៏​បាន​ឆ្លើយ​ថា រឿង​សំខាន់​បំផុត ដែល​គាត់​បាន​រៀន​នោះ គឺ​ការ​ស៊ូទ្រាំ​។

យើង​ប្រហែល​ជា​ចង់​គិត​ថា ការ​ស៊ូ​ទ្រាំ គឺ​គ្រាន់​តែ​ជា​រឿង​ធម្មតា ដែល​មនុស្ស​ជា​ទូទៅ​បាន​ធ្វើ ពី​ពេល​មួយ​ទៅ​ពេល​មួយ។ ប៉ុន្តែ នៅ​ពេល​នោះ ឪពុក​ក្មេក​ខ្ញុំ​មិន​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​ស៊ូ​ទ្រាំ ដោយ​គំនិត​វិជ្ជ​មាន​ដែល​ងងឹត​ងងល់​នោះឡើយ។ ព្រោះ​គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​លំបាក​ៗ​ជា​ច្រើន ក្នុង​រយៈ​ពេល​ជិត​៨​ទសវត្សរ៍​កន្លង​មក​នេះ។ គាត់​បាន​ប្តេជ្ញា​ចិត្ត​បន្ត​មមុល​ទៅ​មុខ គឺ​មិន​មែន​ផ្អែក​ទៅ​លើ​ក្តី​សង្ឃឹម​ដែល​មិន​ច្បាស់​លាស់ អំពី​ពេល​អនាគត​នោះ​ទេ តែ​គាត់​បានទុក​ចិត្ត​លើ​កិច្ចការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ជីវិត​គាត់។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស៊ូ​ទ្រាំ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​ប្រើ​កម្លាំង​ចិត្ត​តែ​ម្យ៉ាង​។ យើង​ស៊ូទ្រាំ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង ហើយ​ទ្រង់​នឹង​ប្រទាន​កម្លាំង​មក​យើង​រាល់​គ្នា ហើយ​ទ្រង់​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់ នៅ​ក្នុង​ជីវិត​យើង។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “កុំឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ”(អេសាយ ៤១:១០)។

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ស៊ូទ្រាំ? យោង​តាម​កណ្ឌ​គម្ពីរ​អេសាយ ការ​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ជា​មូល​ដ្ឋាន​គ្រឹះនៃ​សេចក្តី​សង្ឃឹម​របស់​យើង។ ការ​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​ អនុញ្ញាត​ឲ្យ​យើង​ដក​ខ្លួន​ចេញ​ពី​ការ​ភ័យខ្លាច ហើយ​ងាក​មក​តោង​ឲ្យ​ជាប់​ព្រះ​វរបិតា និង​ព្រះ​បន្ទូល​របស់​ទ្រង់ ដែល​បាន​សន្យា​ថា ទ្រង់​នឹង​ផ្គត់​ផ្គង់​សេចក្តី​ត្រូវ​ការ​របស់​យើង ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រទាន​កម្លាំង ជំនួយ និង​ព្រះ​វត្ត​មាន ដែល​កម្សាន្ត​ចិត្ត ប្រទាន​អំណាច និង​ទ្រទ្រង់​យើង។ —ADAM HOLZ