កាលពីពេលថ្មីៗនេះ ឪពុកក្មេកខ្ញុំ បានចូលដល់វ័យ៧៨ឆ្នំា ហើយក្នុងអំឡុងពេលនៃការជួបជុំគ្នាជាគ្រួសារ ដើម្បីផ្តល់កិត្តិយសដល់គាត់ គ្នាយើងម្នាក់ក៏បានសួរគាត់ថា តើមានរឿងអ្វីដែលសំខាន់បំផុត ដែលគាត់បានរៀន ក្នុងជីវិតគាត់ រហូតមកដល់ពេលនេះ? គាត់ក៏បានឆ្លើយថា រឿងសំខាន់បំផុត ដែលគាត់បានរៀននោះ គឺការស៊ូទ្រាំ។
យើងប្រហែលជាចង់គិតថា ការស៊ូទ្រាំ គឺគ្រាន់តែជារឿងធម្មតា ដែលមនុស្សជាទូទៅបានធ្វើ ពីពេលមួយទៅពេលមួយ។ ប៉ុន្តែ នៅពេលនោះ ឪពុកក្មេកខ្ញុំមិនបាននិយាយសំដៅទៅលើការស៊ូទ្រាំ ដោយគំនិតវិជ្ជមានដែលងងឹតងងល់នោះឡើយ។ ព្រោះគាត់បានស៊ូទ្រាំនឹងការលំបាកៗជាច្រើន ក្នុងរយៈពេលជិត៨ទសវត្សរ៍កន្លងមកនេះ។ គាត់បានប្តេជ្ញាចិត្តបន្តមមុលទៅមុខ គឺមិនមែនផ្អែកទៅលើក្តីសង្ឃឹមដែលមិនច្បាស់លាស់ អំពីពេលអនាគតនោះទេ តែគាត់បានទុកចិត្តលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតគាត់។
ព្រះគម្ពីរបានបង្រៀនយើងថា ការស៊ូទ្រាំ គឺជាអ្វីដែលយើងមិនអាចធ្វើទៅបាន ដោយប្រើកម្លាំងចិត្តតែម្យ៉ាង។ យើងស៊ូទ្រាំ ព្រោះព្រះជាម្ចាស់បានសន្យាម្តងហើយម្តងទៀតថា ព្រះអង្គគង់នៅជាមួយយើង ហើយទ្រង់នឹងប្រទានកម្លាំងមកយើងរាល់គ្នា ហើយទ្រង់នឹងសម្រេចបំណងព្រះទ័យទ្រង់ នៅក្នុងជីវិតយើង។ គឺដូចដែលទ្រង់បានមានបន្ទូលទៅកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។
តើធ្វើដូចម្តេចឲ្យយើងអាចស៊ូទ្រាំ? យោងតាមកណ្ឌគម្ពីរអេសាយ ការស្គាល់ចរិយាសម្បត្តិរបស់ព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃសេចក្តីសង្ឃឹមរបស់យើង។ ការស្គាល់សេចក្តីល្អរបស់ព្រះជាម្ចាស់ អនុញ្ញាតឲ្យយើងដកខ្លួនចេញពីការភ័យខ្លាច ហើយងាកមកតោងឲ្យជាប់ព្រះវរបិតា និងព្រះបន្ទូលរបស់ទ្រង់ ដែលបានសន្យាថា ទ្រង់នឹងផ្គត់ផ្គង់សេចក្តីត្រូវការរបស់យើង ជារៀងរាល់ថ្ងៃ ដោយប្រទានកម្លាំង ជំនួយ និងព្រះវត្តមាន ដែលកម្សាន្តចិត្ត ប្រទានអំណាច និងទ្រទ្រង់យើង។ —ADAM HOLZ