មាន​ពេល​មួយ ខ្ញុំ​និង​ក្មួយ​ស្រី​របស់​ខ្ញុំ​អាយុ៤​ឆ្នាំ​ ឈ្មោះ​ខេលីន(Kailyn) បាន​ចំណាយ​ពេល​រសៀល នៅ​ថ្ងៃ​សៅរ៍​ដ៏​រីក​រាយ​ជា​មួយ​គ្នា។ យើង​បាន​អរសប្បាយ​នឹង​ការ​ផ្លុំ​ពពុះ​សាប៊ូ នៅ​ក្រៅ​ផ្ទះ និង​ការ​ផាត់​ពណ៌ពី​លើ​រូប​ភាព នៅ​ក្នុង​សៀវភៅ​ផាត់​រូប​ព្រះ​នាង ហើយ​ញាំ​សាំង​វិច​ដែល​មាន​លាប​បឺរ​សណ្តែក​ដី និង​ចាហួយ។ ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ឡាន ដើម្បី​ចាក​ចេញ​ទៅ​វិញ ខេលីន​ក៏​បាន​ស្រែក​ហៅ​តាម​បង្អួច​ឡាន ដោយ​សម្លេង​ដ៏​ផ្អែម​ល្ហែម​ថា “អ៊ំស្រី អ៊ែន(Anne) សូម​កុំ​ភ្លេច​ខ្ញុំ​ណា”។ ខ្ញុំ​ក៏​បាន​ប្រញាប់​ដើរ​ទៅ​រក​ឡាន​របស់​ពួក​គេ ហើយ​ខ្សិប​ថា ខ្ញុំនឹង​មិន​ភ្លេច​នាង​ឡើយ ហើយ​ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ទៅ​លេង​នាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក​១ ពួក​សិស្ស​បាន​មើល​ព្រះ​យេស៊ូវ ពេល​ដែល​ទ្រង់​ត្រូវ​បាន​លើក​ឡើង​ទៅ​នគរ​ស្ថាន​សួគ៌ នៅចំពោះ​មុខ​ពួក​គេ​(ខ.៩)។ ខ្ញុំ​ឆ្ងល់​ថា តើ​ពេល​នោះ ពួក​គេ​កំពុង​តែ​គិត​ថា ព្រះ​អម្ចាស់​របស់​ពួក​គេ​នឹង​ភ្លេច​ពួក​គេ​ឬ? ប៉ុន្តែ ទ្រង់​ទើប​តែ​បាន​សន្យា ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក​គង់​នៅ​ក្នុង​ពួក​គេ ហើយ​ប្រទាន​កម្លាំង​ពួក​គេ ឲ្យ​អាច​អត់​ទ្រាំ​នឹង​ការ​បៀត​បៀន ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ(ខ.៨)។ ហើយ​ទ្រង់​ក៏​បាន​បង្រៀន​ពួក​គេថា ទ្រង់​នឹង​ទៅ​រៀប​កន្លែង សម្រាប់​ពួក​គេ ហើយ​ទ្រង់​នឹង​យាង​ត្រឡប់​មក​រក​ពួក​គេ ដើម្បី​នំា​ពួក​គេ​ទៅ​នៅ​នគរ​ស្ថានសួគ៌​ជា​មួយ​ទ្រង់(យូហាន ១៤:៣)។ ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ឆ្ងល់​ថា ពួក​គេ​នឹង​ត្រូវ​រង់​ចាំ​យូរ​ប៉ុណ្ណា។ ពួក​គេ​ប្រហែលជា​ចង់​និយាយ​ថា “ឱ​ព្រះ​យេស៊ូវ សូម​កុំ​ភ្លេច​យើង​ខ្ញុំ”។

កាល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ទ្រង់​នឹង​គង់​នៅ​ក្នុង​យើង​រាល់​គ្នា តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់។ យើង​នឹង​ឆ្ងល់​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា ហើយ​ស្អាង​យើង និង​ស្នា​ព្រះ​ហស្ត​ទ្រង់​ឡើង​វិញ​ទាំង​ស្រុង។ ប៉ុន្តែ រឿង​នេះ​នឹង​កើត​ឡើង​មែន ព្រោះ​ទ្រង់​មិន​ភ្លេច​យើង​ឡើយ។​ “ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក”(១ថែស្សាឡូនិច ៥:១០-១១)។—ANNE CETAS