ពេលដែលក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ឈ្មោះវីលី(Willie) ត្រូវគេចាប់ជំរិត ក្នុងទីធ្លាមុខផ្ទះ កាលពីឆ្នាំ២០១៤ គាត់ក៏បានច្រៀងបទចម្រៀងដំណឹងល្អដែលគាត់ចូលចិត្ត មានចំណងជើងថា ការសរសើរដំកើងនីមួយៗ ។ គាត់ក៏បានច្រៀងបទនេះម្តងហើយម្តងទៀត។ នៅក្នុងរយៈពេលបីម៉ោងដ៏លំបាកនោះ វីលីនៅតែបន្តច្រៀង ដោយមិនខ្វល់អំពីការបញ្ជារបស់អ្នកចាប់ជំរិត ដែលបានប្រាប់គាត់ជាច្រើនដង ឲ្យឈប់ច្រៀង ខណៈពេលដែលឡានកំពុងតែធ្វើដំណើរតាមផ្លូវ។ ទីបំផុត អ្នកចាប់ជំរិតក៏បានឲ្យវីលីចេញពីក្នុងឡាន ដោយសុវត្ថិភាព។ ក្រោយមក វីលីក៏បានរៀបរាប់ អំពីរឿងដែលគាត់បានជួបប្រទះនោះថា ពេលដែលអារម្មណ៍ភ័យខ្លាចរបស់គាត់ប្រែក្លាយជាសេចក្តីជំនឿ អ្នកចាប់ជំរិតហាក់ដូចជាមានការប៉ះពាលចិត្ត ដោយសារបទចម្រៀងមួយបទនោះ។
ការឆ្លើយតបរបស់វីលី ចំពោះស្ថានភាពដ៏លំបាកនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងដែលសាវ័កប៉ុលនិងលោកស៊ីឡាសបានជួបប្រទះ។ បន្ទាប់ពីពួកទាហានបានវាយដំពួកគេ ហើយដាក់ពួកគេនៅក្នុងគុក ពួកគេក៏បានឆ្លើយតប ដោយការ “អធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ។ នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ”(កិច្ចការ ១៦:២៥-២៦)។
បន្ទាប់ពីមេភូឃុំបានឃើញអំណាចចេស្តាដ៏អសារ្យរបស់ព្រះ បង្ហាញចេញមកតាមរយៈអ្នកទាំងពីរ គាត់ក៏បានទទួលជឿព្រះ ហើយក្រុមគ្រួសាររបស់គាត់ទាំងមូលក៏បានទទួលបុណ្យជ្រមុជទឹកជាមួយគាត់ផងដែរ(ខ.២៧-៣៤)។ តាមរយៈការសរសើរដំកើងព្រះ ច្រវ៉ាក់ខាងរូបកាយ និងខាងវិញ្ញាណក៏ត្រូវបានកាត់ផ្តាច់នៅពេលយប់នោះ។
យើងកម្រនឹងបានឃើញការរំដោះដ៏អស្ចារ្យ ដូចសាវ័កប៉ុល និងលោកស៊ីឡាស ឬដូចវីលី។ ប៉ុន្តែ យើងដឹងថា ព្រះទ្រង់ឆ្លើយតបចំពោះការសរសើរដំកើងរបស់រាស្រ្តទ្រង់! ពេលដែលទ្រង់ធ្វើការរបស់ទ្រង់ ច្រវាក់ក៏បានរបូតចេញ។ —REMI OYEDELE