នៅក្នុងខ្សែភាពយន្តរបស់ប្រទេសដាណឺម៉ាក មានចំណងជើងថា ពិធីជប់លៀងរបស់បាបេត(Babette) គេឃើញមានជនភាសខ្លួនម្នាក់ឈ្មោះបាបេតបានបង្ហាញមុខក្នុងភូមិមួយ នៅមាត់សមុទ្រ។ មានបងប្អូនស្រីពីរនាក់ ដែលជាចាស់ទុំ និងអ្នកដឹកនាំខាងជំនឿ នៅក្នុងសហគមន៍នោះ បានឲ្យនាងចូលជ្រកកោននៅក្នុងភូមិរបស់ពួកគេ ហើយបាបេតក៏បានធ្វើការជាអ្នកបម្រើក្នុងផ្ទះរបស់ពួកគេអស់រយៈពេល១៤ឆ្នាំ។ ពេលគាត់សន្សំបានលុយច្រើន គាត់ក៏បានអញ្ជើញមិត្តភក្តិ និងអ្នកជិតខាងរបស់គាត់ដែលមានគ្នា១២នាក់ ឲ្យមកចូលរួមជាមួយនាង នៅក្នុងការបរិភោគម្ហូបថ្លៃៗរបស់ជនជាតិបារាំង ដែលមានពងត្រីប្រឡាក់ ក្រួចបំពងម្ស៉ៅមី និងម្ហូបជាច្រើនមុខទៀត។
ពេលដែលពួកគេញាំអាហារចប់មួយវគ្គហើយ ភ្ញៀវទាំងឡាយក៏បានសម្រាក ដោយខ្លះបានរកឃើញការអត់ទោសបាប ខ្លះរកឃើញចំណងនៃសេចក្តីស្រឡាញ់ឡើងវិញ ហើយខ្លះទៀតក៏បានចាប់ផ្តើមរាប់ការអស្ចារ្យដែលពួកគេឃើញ និងសេចក្តីពិតដែលពួកគេបានរៀនកាលពីក្មេង។ ពួកគេសួរថា “តើយើងនៅចាំអ្វីដែលគេបានបង្រៀនយើងទេ? ក្មេងៗទាំងឡាយអើយ ចូរស្រឡាញ់គ្នាទៅវិញទៅមក”។ ពេលដែលការញាំអាហារបានបញ្ចប់ បាបេតក៏បានប្រាប់បងប្អូនទាំងពីរនាក់នោះថា នាងបានចំណាយលុយទាំងអស់ដែលនាងបានសន្សំ ទៅលើអាហារទាំងនោះ។ ហើយដើម្បីឲ្យមិត្តភក្តិរបស់នាងបានញាំអាហារ ហើយបើកចំហរចិត្ត នាងបានលះបង់អ្វីៗទាំងអស់ ដែលរាប់បញ្ចូលទាំងឱកាសវិលត្រឡប់ទៅរកជីវិតចាស់របស់នាង ដែលជាចុងភៅដ៏ល្បីល្បាញ នៅទីក្រុងបារីស។
ព្រះយេស៊ូវបានបង្ហាញព្រះអង្គទ្រង់ នៅលើផែនដី ក្នុងនាមជាអ្នកក្រៅ និងអ្នកបម្រើ ហើយទ្រង់បានលះបង់អ្វីៗទាំងអស់ ដើម្បីចម្អែតការស្រេកឃ្លានខាងវិញ្ញាណរបស់យើង។ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ទ្រង់បានរំឭកអ្នកស្តាប់របស់ទ្រង់ថា កាលបុព្វបុរសរបស់ពួកគេបានវិលវល់នៅក្នុងវាលរហោស្ថាន ដោយការស្រេកឃ្លាន ព្រះជាម្ចាស់បានប្រទានសត្វក្រួច និងនំប៉័ង ដើម្បីចម្អែតពួកគេ(និក្ខមនំ ១៦)។ អាហារនោះអាចចម្អែតពួកគេបានមួយពេល តែព្រះយេស៊ូវបានសន្យាថា អ្នកដែលបានទទួលទ្រង់ ជា “នំប៉័ងនៃជីវិត” និង “មានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៦:៤៨,៥១)។ ការលះបង់របស់ទ្រង់ បានចម្អែតការស្រេកឃ្លានខាងវិញ្ញាណរបស់យើង។—AMY PETERSON