មានពេលមួយខ្ញុំឃើញគេផ្សាយពាណិជ្ជកម្ម ដោយនិយាយថា “នេះជាស្រោមជើងដែលមានផាសុខភាពបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ជើង”។ ការផ្សាយពាណិជ្ជកម្មនេះ នាំឲ្យខ្ញុំមានទឹកមុខញញឹម។ បន្ទាប់មក អ្នកផ្សាយពាណិជ្ជកម្មក៏បានអះអាងថា នេះជាដំណឹងល្អសម្រាប់ជើងរបស់បុរសស្រ្តីទាំងឡាយ ហើយក៏បានបន្ថែមទៀតថា ដោយសារជនអនាថានៅប្រទេសត្រជាក់ ត្រូវការស្រោមជើងខ្លាំងជាងសម្លៀកបំពាក់ ដូច្នេះពេលដែលគេជាវស្រោមជើងមួយគូរ ក្រុមហ៊ុនរបស់គាត់នឹងបរិច្ចាកស្រោមជើងមួយគូរដល់អ្នកទាល់ក្រ។
សូមយើងនឹកស្រមៃអំពីស្នាមញញឹមដែលកើតមាន ពេលដែលព្រះយេស៊ូវប្រោសជើងបុរសម្នាក់ឲ្យជា បន្ទាប់ពីគាត់បានពិការមិនអាចដើរបានអស់រយៈពេល៣៨ឆ្នំា(យ៉ូហាន ៥:២-៨)។ ឥឡូវនេះ សូមយើងងាកមកស្រមៃអំពីទឹកមុខរបស់អ្នកដឹកនាំសាសនា នៅសម័យនោះ ដែលមិនមានការរំភើបចិត្ត ចំពោះការដែលព្រះយេស៊ូវបានប្រោសជើង ឬចិត្តរបស់មនុស្ស ដែលត្រូវការជំនួយអស់ជាច្រើនឆ្នាំ។ ពួកគេបានចោទបុរសនោះ និងព្រះយេស៊ូវថា បានបំពានច្បាប់សាសនា ដែលបានហាមមិនឲ្យធ្វើការ នៅថ្ងៃឈប់សម្រាក(ខ.៩-១០,១៦-១៧)។ ពួកគេមើលឃើញតែច្បាប់សាសនា ខណៈពេលដែលព្រះយេស៊ូវទតឃើញមនុស្ស ដែលត្រូវការសេចក្តីមេត្តា។
នៅពេលនោះ បុរសនោះមិនទាំងបានដឹងថា នរណាបានឲ្យគាត់មានជើងថ្មីនោះទេ។ ក្រោយមក គាត់ក៏អាចនិយាយថា ព្រះយេស៊ូវបានប្រោសគាត់ឲ្យជា(ខ.១៣-១៥)។ ក្រោយមក ព្រះយេស៊ូវក៏បានអនុញ្ញាតឲ្យគេដំជើងទ្រង់នឹងដែកគោល ជាប់នឹងឈើឆ្កាង ដើម្បីប្រទានដំណឹងដែលល្អបំផុត ក្នុងប្រវត្តិសាស្រ្តនៃរូបកាយ ចិត្ត និងគំនិតដែលខ្ទេចខ្ទាំ ដល់យើងរាល់គ្នា។ —MART DEHAAN