កាលខ្ញុំរៀននៅអនុវិទ្យាល័យ ខ្ញុំមានមិត្តភក្តិម្នាក់ ដែលរាប់អានគ្នា តែនៅពេលខ្លះប៉ុណ្ណោះ។ យើងជាមិត្តភក្តិ ក្នុងព្រះវិហារតូចមួយ (ដែលមានតែខ្ញុំប៉ុណ្ណោះ ដែលជាក្មេងស្រីមានអាយុដូចនាង) ហើយយូរៗម្តង យើងបានចំណាយពេលជាមួយគ្នា នៅក្រៅសាលារៀន។ ប៉ុន្តែ ក្នុងសាលារៀន វាជារឿងផ្សេង។ បើសិនជានាងឃើញខ្ញុំនៅតែម្នាក់ឯង នាងនឹងនិយាយរកខ្ញុំ។ ពេលខ្ញុំបានដឹងអំពីរឿងនេះ ខ្ញុំកម្រព្យាយាមស្វែងរកការចាប់អារម្មណ៍ពីនាង នៅក្នុងសាលារៀន។ ខ្ញុំបានដឹងអំពីដែនកំណត់នៃមិត្តភាពរបស់យើង។
យើងរាល់គ្នាប្រហែលជាសុទ្ធតែបានឆ្លងកាត់ការឈឺចាប់ ដោយសារមិត្តភាពដែលមានការរាប់អានតែម្ខាង ឬមានភាពចង្អៀតចង្អល់ ដែលនាំឲ្យមានការខកចិត្ត។ ប៉ុន្តែ មានមិត្តភាពមួយប្រភេទទៀត ដែលលាតសន្ធឹងហួសព្រំដែនទាំងអស់។ វាជាប្រភេទមិត្តភាព រវាងមនុស្សដែលមានចំណងទាក់ទងគ្នា ដោយមានការប្តូរផ្តាច់ នៅក្នុងការរួមដំណើរជីវិតជាមួយយើង។
ដាវីឌ និងយ៉ូណាថានមានមិត្តភាពប្រភេទនេះឯង។ យ៉ូណាថានជាមិត្តជិតមួយថ្លើមមួយរបស់ដាវីឌ ហើយបានស្រឡាញ់គាត់ “ដូចខ្លួនឯង”(១សាំយ៉ូអែល ១៨:១-៣)។ ទោះយ៉ូណាថានជាអ្នកដែលត្រូវស្នងរាជ្យបន្ត បន្ទាប់ពីស្តេចសូលសុគតក្តី គាត់នៅតែមានភាពស្មោះស្ម័គ្រចំពោះដាវីឌ ជាមនុស្សដែលព្រះបានជ្រើសរើស ឲ្យឡើងគ្រងរាជ្យជំនួសស្តេចសូល។ ស្តេចសូលបានរៀបគម្រោងធ្វើឃាតដាវីឌពីរដង តែយ៉ូណាថានបានជួយគាត់ឲ្យរួចជីវិត (១៩:១-៦ ២០:១-៤២)។
ទោះបីជាមានរឿងអាក្រក់កើតឡើងយ៉ាងណាក៏ដោយ យ៉ូណាថាន និងដាវីឌ នៅតែរាប់អានគ្នាជាមិត្តសំឡាញ់ គឺដូចដែលសេចក្តីពិត ក្នុងបទគម្ពីរសុភាសិត ១៧:១៧ បានចែងថា “មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា”។ មិត្តភាពដ៏ស្មោះត្រង់របស់ពួកគេ ក៏បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានជាមួយយើងផងដែរ(យ៉ូហាន ៣:១៦ ១៥:១៥)។ តាមរយៈទំនាក់ទំនងប្រភេទនេះ យើងអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង។—ALYSON KIEDA