កាល​ខ្ញុំ​រៀន​នៅ​អនុ​វិទ្យាល័យ ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​រាប់​អាន​គ្នា តែ​នៅ​ពេល​ខ្លះ​ប៉ុណ្ណោះ។ យើង​ជា​មិត្ត​ភក្តិ ក្នុង​ព្រះ​វិហារ​តូច​មួយ (ដែល​មាន​តែ​ខ្ញុំ​​ប៉ុណ្ណោះ ដែលជា​ក្មេង​ស្រី​មាន​អាយុ​ដូច​នាង) ហើយ​យូរ​ៗ​ម្តង យើង​បាន​ចំណាយ​ពេល​ជា​មួយ​គ្នា នៅ​ក្រៅ​សាលា​រៀន។ ប៉ុន្តែ ក្នុង​សាលា​រៀន វា​ជា​រឿង​ផ្សេង។ បើ​សិន​ជា​នាង​ឃើញ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង នាង​នឹង​និយាយ​រក​ខ្ញុំ។ ពេល​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ ខ្ញុំ​កម្រ​​ព្យាយាម​ស្វែង​រក​ការ​ចាប់​អារម្មណ៍​ពី​នាង នៅ​ក្នុង​សាលា​រៀន។ ខ្ញុំ​បាន​ដឹង​អំពី​ដែន​កំណត់​នៃ​មិត្ត​ភាព​របស់​យើង។

យើង​រាល់​គ្នា​ប្រហែល​ជា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ដោយ​សារ​មិត្ត​ភាព​ដែល​មាន​ការ​រាប់​អាន​តែ​ម្ខាង ឬ​មាន​ភាព​ចង្អៀត​ចង្អល់ ដែល​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត។ ប៉ុន្តែ​ មាន​មិត្ត​ភាព​មួយ​ប្រភេទ​ទៀត ដែល​លាត​សន្ធឹង​ហួស​ព្រំ​ដែន​ទាំង​អស់។ វា​ជា​ប្រភេទ​មិត្ត​ភាព រវាង​មនុស្ស​ដែល​មាន​ចំណង​ទាក់​ទង​គ្នា ដោយ​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​រួម​ដំណើរ​ជីវិត​ជា​មួយ​យើង។

ដាវីឌ និង​យ៉ូណាថាន​មាន​មិត្ត​ភាព​ប្រភេទ​នេះ​ឯង។ យ៉ូណាថាន​ជា​មិត្ត​ជិត​មួយ​ថ្លើម​មួយ​របស់​ដាវីឌ ហើយ​បាន​ស្រឡាញ់​គាត់ “ដូច​ខ្លួន​ឯង”(១សាំយ៉ូអែល ១៨:១-៣)។ ទោះ​យ៉ូណាថាន​ជា​អ្នក​ដែល​ត្រូវ​ស្នង​រាជ្យ​បន្ត បន្ទាប់​ពី​ស្តេច​សូល​សុគត​ក្តី គាត់​នៅ​តែ​មាន​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​ដាវីឌ​ ​ជា​មនុស្ស​ដែល​ព្រះ​បាន​ជ្រើស​រើស ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​ស្តេច​សូល។ ស្តេច​សូល​បានរៀប​គម្រោង​ធ្វើ​ឃាត​ដាវីឌ​ពីរ​ដង តែ​យ៉ូណាថាន​បាន​ជួយ​គាត់​ឲ្យ​រួច​ជីវិត​ (១៩:១-៦ ២០:១-៤២)។

ទោះ​បី​ជា​មាន​រឿង​អាក្រក់​កើត​ឡើង​យ៉ាង​ណាក៏​ដោយ យ៉ូណាថាន និង​ដាវីឌ នៅ​តែ​រាប់​អាន​គ្នា​ជា​មិត្ត​សំឡាញ់ គឺ​ដូច​ដែល​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​សុភាសិត ១៧:១៧ បាន​ចែង​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”។ មិត្តភាព​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ជា​មួយ​យើង​ផង​ដែរ(យ៉ូហាន ៣:១៦ ១៥:១៥)។ តាម​រយៈ​ទំនាក់​ទំនង​ប្រភេទ​នេះ យើង​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ អំពី​សេចក្តី​ស្រឡាញ់​ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង។—ALYSON KIEDA