មាន​ពេល​មួយ​ចេស៊ីកា(Jessica) បាន​ឡើង​ជិះ​យន្ត​ហោះ​ជា​មួយ​កូន​តូច​ៗ​របស់​ខ្លួន។ ស្រ្តី​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់​នេះ​បានព្យាយាម​លួង​កូន​ស្រី​របស់​ខ្លួន ដែល​មាន​អាយុ​បី​ឆ្នាំ យ៉ាង​លំបាក​លំបិន ពេល​ដែល​វា​យំទធាក់​ជើង​ឥត​ឈប់។​ បន្ទាប់​មក កូនប្រុស​ដែល​មាន​អាយុ​៤​ខែ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​យំ​ផង​ដែរ ដោយ​ការ​ស្រេក​ឃ្លាន។​

អ្នក​ដំណើរ​ដែល​អង្គុយ​ជាប់​កៅ​អី​គាត់ ក៏​បាន​ប្រញាប់​ជួយ​ពរ​ទារក​របស់​នាង ខណៈ​ពេល​ដែល​នាង​ដាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​កូន​បង។ បន្ទាប់​មក អ្នក​ដំណើរ​រូប​នោះ ក៏​បាន​ប្រាប់​នាង​ថា គាត់​ក៏​ធ្លាប់​ធ្វើ​ជាឪពុក ក្នុង​វ័យ​ក្មេង​ផង​ដែរ។ គាត់​ក៏​បាន​ចាប់​ផ្តើម​នាំ​កូន​ស្រីរបស់​នាង​ផាត់​ពណ៌​ពី​លើ​រូប​គំនូរ នៅ​ពេល​ដែល​នាង​កំពុង​បំបៅ​ដោះ​កូន​។ ហើយ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ក្នុង​ជើង​ហោះ​ហើរ​បន្ទាប់ បុរស​ដដែល​នេះ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ជួយ​នាង​ទៀត បើ​សិន​ជា​នាង​ត្រូវ​ការ។

ចេស៊ីកា​ក៏​បាន​រំឭក​ថា ថ្ងៃ​នោះ ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់​បាន​ពាល់​នាង។ ទ្រង់​អាច​ឲ្យ​នាង​និង​កូន​អង្គុយ​នៅ​ក្បែរ​អ្នក​ផ្សេង តែ​ទ្រង់​បាន​ឲ្យ​ពួក​នាង​អង្គុយ​នៅ​ក្បែរ​បុរស​ដែល​ចិត្ត​ល្អ​បំផុត ដែល​នាង​ធ្លាប់​ជួប។​

បទ​គម្ពីរ ២​សាំយ៉ូអែល ជំពូក​៩ បាន​និយាយ​អំពី​គំរូ​នៃ​អំពើ​សប្បុរស​មួយ​ទៀត។ ខ្ញុំ​បាន​ហៅ​អំពើ​សប្បុរស​នោះ​ថា ភាព​សប្បុរសដោយ​ចេតនា ។ បន្ទាប់​ពី​ស្តេច​សូល និង​យ៉ូណាថាន ដែល​ជា​បុត្រា​ទ្រង់​សុគត អ្នក​ខ្លះ​បាន​រំពឹង​ថា ស្តេច​ដាវីឌ​មុខ​ជា​នឹង​សម្លាប់សំណល់​នៃ​ពូជ​ពង្ស​របស់​ស្តេច​សូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ដណ្តើម​រាជ្យ​ទ្រង់។ តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សួរ​គេ​ថា “តើ​មាន​ពូជ​ពង្សរបស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ(២សាំយ៉ូអែល ៩:៣)។ គេ​ក៏បាន​នាំ​មភីបូសែត ជា​បុត្រា​នៃ​យ៉ូណាថាន ចូល​មក​គាល់​ស្តេច​ដាវីឌ ហើយ​ស្តេច​ដាវីឌ​ក៏​បាន​ឲ្យ​គាត់​ទទួល​មរដក​របស់​គាត់ ហើយ​ក៏​បាន​អញ្ជើញ​គាត់ ឲ្យ​បរិភោគ​អាហារ​នៅ​តុ​របស់​ទ្រង់​ចាប់​តាំង​ពី​ពេល​នោះ​មក ទុក​ដូច​ជា​បុត្រ​បង្កើត​របស់​ទ្រង់​ (ខ.១១)។

ក្នុង​នាម​យើង ដែល​ជា​អ្នក​ទទួល​សេចក្តី​សប្បុរស​ដ៏​ធំ​ធេង​របស់​ព្រះ​ជា​ម្ចាស់ ចូរ​យើង​ស្វែង​រក​ឱកាស បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​ដោយ​ចេតនា ដល់​អ្នក​ដទៃ​ផង​ដែរ​(កាឡាទី ៦:១០)។—CINDY HESS KASPER