មានពេលមួយចេស៊ីកា(Jessica) បានឡើងជិះយន្តហោះជាមួយកូនតូចៗរបស់ខ្លួន។ ស្រ្តីជាម្តាយដ៏វ័យក្មេងម្នាក់នេះបានព្យាយាមលួងកូនស្រីរបស់ខ្លួន ដែលមានអាយុបីឆ្នាំ យ៉ាងលំបាកលំបិន ពេលដែលវាយំទធាក់ជើងឥតឈប់។ បន្ទាប់មក កូនប្រុសដែលមានអាយុ៤ខែក៏បានចាប់ផ្តើមស្រែកយំផងដែរ ដោយការស្រេកឃ្លាន។
អ្នកដំណើរដែលអង្គុយជាប់កៅអីគាត់ ក៏បានប្រញាប់ជួយពរទារករបស់នាង ខណៈពេលដែលនាងដាក់ខ្សែក្រវ៉ាត់ឲ្យកូនបង។ បន្ទាប់មក អ្នកដំណើររូបនោះ ក៏បានប្រាប់នាងថា គាត់ក៏ធ្លាប់ធ្វើជាឪពុក ក្នុងវ័យក្មេងផងដែរ។ គាត់ក៏បានចាប់ផ្តើមនាំកូនស្រីរបស់នាងផាត់ពណ៌ពីលើរូបគំនូរ នៅពេលដែលនាងកំពុងបំបៅដោះកូន។ ហើយនៅក្នុងការធ្វើដំណើរ ក្នុងជើងហោះហើរបន្ទាប់ បុរសដដែលនេះក៏បានស្ម័គ្រចិត្តជួយនាងទៀត បើសិនជានាងត្រូវការ។
ចេស៊ីកាក៏បានរំឭកថា ថ្ងៃនោះ ព្រះហស្តរបស់ព្រះជាម្ចាស់បានពាល់នាង។ ទ្រង់អាចឲ្យនាងនិងកូនអង្គុយនៅក្បែរអ្នកផ្សេង តែទ្រង់បានឲ្យពួកនាងអង្គុយនៅក្បែរបុរសដែលចិត្តល្អបំផុត ដែលនាងធ្លាប់ជួប។
បទគម្ពីរ ២សាំយ៉ូអែល ជំពូក៩ បាននិយាយអំពីគំរូនៃអំពើសប្បុរសមួយទៀត។ ខ្ញុំបានហៅអំពើសប្បុរសនោះថា ភាពសប្បុរសដោយចេតនា ។ បន្ទាប់ពីស្តេចសូល និងយ៉ូណាថាន ដែលជាបុត្រាទ្រង់សុគត អ្នកខ្លះបានរំពឹងថា ស្តេចដាវីឌមុខជានឹងសម្លាប់សំណល់នៃពូជពង្សរបស់ស្តេចសូល ដើម្បីកុំឲ្យមានអ្នកដណ្តើមរាជ្យទ្រង់។ តែផ្ទុយទៅវិញ ទ្រង់បានសួរគេថា “តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្តីករុណានៃព្រះដល់អ្នកនោះ(២សាំយ៉ូអែល ៩:៣)។ គេក៏បាននាំមភីបូសែត ជាបុត្រានៃយ៉ូណាថាន ចូលមកគាល់ស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានឲ្យគាត់ទទួលមរដករបស់គាត់ ហើយក៏បានអញ្ជើញគាត់ ឲ្យបរិភោគអាហារនៅតុរបស់ទ្រង់ចាប់តាំងពីពេលនោះមក ទុកដូចជាបុត្របង្កើតរបស់ទ្រង់ (ខ.១១)។
ក្នុងនាមយើង ដែលជាអ្នកទទួលសេចក្តីសប្បុរសដ៏ធំធេងរបស់ព្រះជាម្ចាស់ ចូរយើងស្វែងរកឱកាស បង្ហាញចេញនូវសេចក្តីសប្បុរសដោយចេតនា ដល់អ្នកដទៃផងដែរ(កាឡាទី ៦:១០)។—CINDY HESS KASPER