ការ​ភ័យ​ខ្លាច​បាន​គ្រប់​គ្រង​ជីវិត​របស់​បុរស​ម្នាក់ អស់​រយៈ​ពេល​៣២​ឆ្នាំ។ គាត់​ខ្លាច​គេ​ចាប់​ខ្លួន​គាត់ ដោយសារ​អំពើ​ឧក្រឹដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្ត  ដូច​នេះ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ប្អូន​ស្រី​គាត់ ដោយ​មិន​ចេញ​ទៅ​ណា​សោះ ហើយ​ក៏​មិន​ជួប​អ្នក​ខាង​ក្រៅដែរ។ សូម្បី​តែ​ពិធី​បុណ្យ​សព​របស់​ម្តាយ​គាត់ ក៏​គាត់​មិន​បាន​ចូល​រួម​ដែរ។ ពេល​គាត់​មាន​អាយុ​៦៤​ឆ្នាំ គាត់​ក៏​បាន​ដឹង​ថា តាម​ពិត​គ្មាន​នរណា​ប្តឹង​គាត់ ពី​បទ​ឧក្រឹដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ទេ។​ បុរស​ម្នាក់​នេះ​ក៏​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​រស់​នៅ​ជា​ធម្មតា​ឡើង​វិញ។ ជា​ការ​ពិត​ណាស់ គាត់​ពិត​ជា​ខ្លាច​គេ​ដាក់​ទោស​គាត់​មែន តែ​គាត់​បាន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​នេះ គ្រប់​គ្រង​ជីវិតគាត់​អស់​រយៈ​ពេល​៣២​ឆ្នាំ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ នៅ​ពេល​ដែល​ពួក​សាសន៍​ភីលីស្ទីន​បបួល​ពួក​គេ​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​អេឡា។ ការ​គំរាម​កំហែង​គឺ​ពិត​ជា​មាន​មែន។ ពួក​សត្រូវ​មាន​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ពូកែ ​ឈ្មោះ​កូលីយ៉ាត ដែល​មាន​កម្ពស់​ជិត​៣​ម៉ែត្រ ហើយ​អាវ​ក្រោះ​របស់​គាត់​មាន​ទម្ងន់​ប្រហែល​៥៦​គីឡូ(១សាំយ៉ូអែល ១៧:៤-៥)។ អស់​រយៈ​ពេល​៤០​ថ្ងៃ​មក​ហើយ ដែល​កូលីយ៉ាត​បាន​បបួល​កង​ទ័ព​អ៊ីស្រាអែល​ឲ្យ​ចូល​មក​ប្រយុទ្ធ​នឹង​គាត់។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​សោះ។ រហូត​ដល់​ពេល​ដែល​ដាវីឌ​បាន​មក​ដល់​សមរភូមិ ទើប​មាន​អ្នក​ហ៊ាន​តតាំង​នឹង​គាត់។​ ដាវីឌ​ក៏​បាន​ឮ​គេ​និយាយ និង​បាន​ឃើញ​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​គេ​សើច​ចម្អក​ឲ្យ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ប្រយុទ្ធ​នឹង​កូលីយ៉ាត។

គេ​រាល់​គ្នា ក្នុង​ជួរ​ទ័ព​អ៊ីស្រាអែល​គិត​ថា ពួក​គេ​មិន​អាច​ប្រយុទ្ធ​នឹង​កូលីយ៉ាត​បាន​ទេ ព្រោះ​វា​មាន​មាឌ​ធំ​ពេក តែ​ដាវីឌ​ដែល​ជា​ក្មេង​គង្វាល​ដឹង​ថា ព្រះ​ជា​ម្ចាស់​ធំ​ជាង​កូលីយ៉ាត។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រះយេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយសារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា​វិញ”(ខ.៤៧)។

ពេល​ដែល​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់​យើង ចូរ​យើង​យក​គំរូ​តាម​ដាវីឌ ហើយ​មើល​ទៅ​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ ចំពោះ​បញ្ហា​របស់​យើង។ ការ​គំរាម​កំហែល​ប្រហែល​ជា​មាន​ពិត​មែន តែ​ព្រះ​ដែល​គង់​នៅ​ជា​មួយ​យើង ទ្រង់​ធំ​ជាង​បញ្ហា ដែលកំពុង​ទាស់​ប្រឆាំង​នឹង​យើង។​—ALBERT LEE