កាល​ពី​ឆ្នាំ​២០០៩ សាលា​ក្រុង​ឡូស អ៊ែនជែលេស បាន​ឈប់​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​ឡាយ​បង់​ប្រាក់ សម្រាប់​រយៈពេល​នៃ​ការ​ជាប់​ឃុំ​ខ្លួន​របស់​កូន​ៗ​របស់​ពួក​គេ។​ ទោះ​ការ​បង់​ប្រាក់​ថ្មី​ៗ មិន​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ធ្វើ​ក៏​ដោយ អ្នក​ដែល​ជំពាក់​ប្រាក់​រដ្ឋ មុន​ពេល​គេ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​នេះ នៅ​តែ​ត្រូវ​សង​បំណុល​ឲ្យ​អស់។ បន្ទាប់​មក នៅ​ឆ្នាំ​២០១៨ សាលា​ក្រុង​ក៏​បាន​សម្រេច​លប់​បំណុល​ទាំង​អស់ ដែល​គេ​បាន​ជំពាក់ សម្រាប់​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​កូន​ៗ​របស់​ពួក​គេ។

សម្រាប់​ក្រុម​គ្រួសារ​ខ្លះ ការ​លុប​បំណុល​បាន​ជួយ​សម្រាល​បន្ទុក​ជា​ច្រើន នៅ​ក្នុង​ការ​រស់​នៅ​ដ៏​ពិបាក ដោយ​មិន​ចាំ​បាច់​ត្រូវ​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ ឬ​កាត់​ប្រាក់​ខែ​ទៀត បាន​សេចក្តី​ថា ពួក​គេ​អាច​មាន​អាហារ​បរិភោគ​ច្រើន​ជាង​មុន។ ដោយ​សារ​តែ​មាន​ទុក្ខ​លំបាក​យ៉ាង​ដូច​នេះ​ហើយ បាន​ជា​ព្រះ​អម្ចាស់​បង្គាប់​ឲ្យ​សាសន៍​អ៊ីសា្រអែល​លុប​បំណុល រៀង​រាល់​៧​ឆ្នាំ(ចោទិយកថា ១៥:២)។ ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់ រង​ទុក្ខ​ជា​រៀង​រហូត ដោយ​សារ​ការ​ជំពាក់​បំណុល​នោះ​ឡើយ។​

ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ហាម​ឃាត់​ពួក​អ៊ីស្រាអែល​មិន​ឲ្យ​យក​ការ​ប្រាក់ ពី​ជន​រួម​ជាតិ​របស់​ខ្លួន​(និក្ខមនំ ២២:២៥) នោះ​ពួកគេ​ត្រូវ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​ខ្ចី​លុយ មិន​មែន​ដើម្បី​រក​ប្រាក់​ចំណេញ​នោះ​ទេ តែ​ដើម្បី​ជួយ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ប្រហែល​ដោយសារ​ការ​ប្រមូល​ផល​មិន​បាន​ល្អ​ជា​ដើម។ ពួក​គេ​ត្រូវ​លប់​បំណុល​ចោល រៀង​រាល់​៧​ឆ្នាំ។ ជា​លទ្ធ​ផល ភាព​ក្រីក្រ​ក៏​បាន​ថយ​ចុះ ក្នុង​ចំណោម​ពួក​បណ្តា​ជន​(ចោទិយកថា ១៥:៤)។

សព្វ​ថ្ងៃ​នេះ អ្នក​ជឿ​ព្រះ​យេស៊ូវ​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ​វិន័យ​នេះ​ទេ។ តែ​ជួន​កាល ព្រះ​ទ្រង់​អាច​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ឲ្យ​លុបបំណុល​ដែល​គេ​ជំពាក់​យើង​ ឬ​អត់​ឱន​ទោស​ឲ្យ​គេ ដើម្បី​ឲ្យ​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក អាច​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​នាមជា​សមាជិក​ដ៏​មាន​ប្រយោជន៍​របស់​សង្គម។ ពេល​ណា​យើង​បង្ហាញ​សេចក្តី​មេត្តា និង​សប្បុរស​ធម៌​យ៉ាង​ដូច​នេះ ដល់​អ្នក​ដទៃ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​លើក​ដំកើង​ចរិក​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដទៃ។—KIRSTEN HOLMBERG